កម្មករ​បារម្ភ​​ថា​ច្បាប់​គ្រប់គ្រង​សហជីព​ប៉ះពាល់​ដល់​ជីវភាព​កម្មករ

0:00 / 0:00

កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​​អ្នក​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ រិះគន់​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សហជីព​ដែល​កំពុង​ឋិត​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ​នោះ នឹង​ប៉ះពាល់​ដល់​សេរីភាព​របស់​សហជីព។ ក្រុម​កម្មករ​បារម្ភ​ថា ច្បាប់​សហជីព​នឹង​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា សម្រេច​អនុម័ត សេចក្ដី​ព្រាង​ច្បាប់​នេះ។

ការ​ព្រួយ​របស់​កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នក​ធ្វើ​ការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មក​ពី​បណ្ដា​រោងចក្រ និង​សហគ្រាស​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ច្បាប់​សហជីព​ដែល​កំពុង​ឋិត​ក្នុង​ដៃ​ក្រសួង​ការងារ និង​ត្រៀម​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

កម្មករ​ទាំង​នោះ​ចង់​ឃើញ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​គ្រប់គ្រង​សហជីព ព្រោះ​កម្មករ​យល់​ថា ច្បាប់​នេះ មិន​ទាន់​សក្ដិសម​នឹង​ស្ថានភាព​កម្មករ​បច្ចុប្បន្ន​នៅ​ឡើយ។

បុគ្គលិក​បម្រើការ​នៅ​តាម​ស្ថានីយ​សាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា ណុប បញ្ញា បាន​និយាយ​ថា កញ្ញា​ព្រួយ​បារម្ភ​ថា ប្រសិន​ច្បាប់​សហជីព​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​មែន​នោះ ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព និង​ជីវភាព​រស់​នៅ​របស់​កម្មករ​ដែល​ទទួល​បាន​ប្រាក់ខែ​តិចតួច។ កញ្ញា​ឲ្យ​ដឹង​ថា ការងារ​របស់​កញ្ញា​តែងតែ​ត្រូវ​បាន​ថៅកែ​ស្ដីបន្ទោស និង​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ជាដើម។ កញ្ញា​ថា កន្លង​មក​សហជីព​បាន​ជួយ​ច្រើន​ណាស់​ដល់​កម្មករ ដូចជា​ការ​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​នៅ​ពេល​មាន​បញ្ហា​ណា​មួយ៖ «ក្រុមហ៊ុន​ដឹង​ស្រាប់​ហើយ វា​អត់​កាន់​ជើង​ខាង​បុគ្គលិក​កម្មករ​ទេ ឲ្យ​តែ​មាន​រឿង​អី ក្រុម​ថៅកែ​ភាគ​ច្រើន​វា​កាន់​ជើង​តែ​ពួក​ថៅកែ​ប៉ុណ្ណោះ អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​អត់​មាន​ក្រុម​សហជីព​ជួយ​ទាមទារ​លក្ខខណ្ឌ​ការងារ​កម្មករ​នោះ​ទេ ហើយ​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​អនុម័ត​ច្បាប់​នេះ»។

​កម្មករ​រូប​នេះ​បាន​និយាយ​ទៀត​ថា កញ្ញា​មិន​ពេញ​ចិត្ត និង​មិន​ចង់​បាន​ច្បាប់​គ្រប់គ្រង​សហជីព​នោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់​ការ​អនុម័ត​ច្បាប់​សហជីព ព្រោះ​ច្បាប់​នេះ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្មករ​ជា​ច្រើន៖ «ខាង​ពួក​ខ្ញុំ​មិន​សុខចិត្ត និង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ចេញ​ច្បាប់​នេះ​នោះ​ទេ ព្រោះ​ពួក​កម្មករ​បាន​មក​ដល់​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​សហជីព​ជួយ»។

កម្មករ​រោងចក្រ​ម្នាក់​ទៀត​មក​ពី​រោងចក្រ វីនស៊ីនតិច នៅ​ម្ដុំ​ជំពូវ័ន្ត កញ្ញា ហ៊ុយ រិន បាន​រៀបរាប់​ថា កម្មករ​រោងចក្រ​នៅ​កម្ពុជា ភាគ​ច្រើន​ជួប​បញ្ហា ដូចជា​គ្រោះថ្នាក់​ការងារ បរិស្ថាន​កន្លែង​ការងារ​មិន​ល្អ ប្រាក់ខែ​តិច បញ្ហា​សុខភាព​ដែល​បណ្ដាល​មក​ពី​បរិភោគ​មិន​គ្រប់គ្រាន់ និង​ការ​មិន​បាន​សម្រាក​គ្រប់គ្រាន់​ជាដើម ​ដែល​បញ្ហា​ទាំង​នេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​សហជីព​ជួយ​ដោះស្រាយ​ជូន​កម្មករ។ កម្មករ​រូប​នេះ​ព្រួយ​បារម្ភ​ថា នៅ​ពេល​ដែល​មាន​ច្បាប់​គ្រប់គ្រង​សហជីព​ពិត​មែន​នោះ កម្មករ​ជា​ច្រើន​នឹង​បាត់បង់​សេរីភាព និង​រង​ការ​រំលោភ​សិទ្ធិ​កាន់​តែ​ខ្លាំង​ពី​ថៅកែ​រោងចក្រ៖ «ខ្ញុំ ​យល់ បើ​សិន​ជា​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហ្នឹង​មែន ពួក​សហជីព​ឯករាជ្យ​ហ្នឹង​ដែល​មាន អ៊ីចឹង​ពួក​ខ្ញុំ​លែង​ហ៊ាន​តវ៉ា​ទាមទារ​អី​ទៀត​ហើយ ដូច្នេះ​ពួក​ខ្ញុំ​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​មិន​ខាន»។

​ចំណែក​ឯ​អ្នក​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ឯ​ណេះ​វិញ លោកស្រី ស្រី ពៅ បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​បម្រើ​ការ​ខាង​សេវា​កម្សាន្ត តែង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ពី​សំណាក​ថៅកែ និង​ភ្ញៀវ​ជាដើម ដូចជា ពួកគេ​មិន​បាន​ផ្ដល់​តម្លៃ​ដល់​អ្នក​បម្រើ​សេវា​កម្សាន្ត​ជាដើម។ លោកស្រី​ថា រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ប្រព័ន្ធ​សុវត្ថិភាព​ធ្វើ​ដំណើរ ប្រព័ន្ធ​ថែ​រក្សា​សុខភាព និង​ដោះស្រាយ​ប្រាក់ខែ​សមរម្យ​ជូន​កម្មករ​ជា​មុន​សិន មុន​នឹង​បង្កើត​ច្បាប់​គ្រប់គ្រង​សហជីព​ដែល​អាច​បង្អាក់​ដល់​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​កម្មករ។

​ក្នុង​វេទិកា​យុវជន​កម្មករ ស្ដីពី "បញ្ហា​ប្រឈម និង​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ" កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា កន្លង​ទៅ កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ដែល​មក​ពី​បណ្ដា​រោងចក្រ សហគ្រាស​នៅ​កម្ពុជា បាន​នាំ​គ្នា​ជ្រើសរើស​ចំណុច​សំខាន់ៗ ចំនួន ៥​ចំណុច ចាត់ទុកជា​ចំណុច​អាទិភាព និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជា​បន្ទាន់ រួមមាន ១. សុខភាព សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ ២. ប្រាក់​ឈ្នួល​គោល​សមរម្យ ៣. ប្រព័ន្ធ​ធ្វើ​ដំណើរ​ដែល​មាន​សុវត្ថិភាព ៤. បញ្ហា​ស្ត្រី​ក្នុង​វិស័យ​ការងារ និង​ការ​ឈប់​សម្រាក​លំហែ​មាតុភាព និង​ទី​៥. ប្រព័ន្ធ​តុលាការ​ឯករាជ្យ។

​កម្មករ​ទាំង​នោះ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​សហជីព ដែល​កំពុង​ឋិត​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ ព្រោះ​កម្មករ​យល់​ថា ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​រឹតត្បិត​សេរីភាព​របស់​សហជីព ដែល​អាច​រារាំង​ដល់​ការ​បំពេញ​ការងារ​អោយ​បាន​ពេញលេញ​របស់​សហជីព​ដើម្បី​ការពារ​ប្រយោជន៍​ពួកគេ ហើយ​ច្បាប់​នេះ នឹង​បង្អាក់​ដល់​ដំណោះស្រាយ​ទាំង ៥​ចំណុច​នេះ។

​កាល​ថ្ងៃ​ទី​២ ខែ​មិថុនា កន្លង​ទៅ​តំណាង​ក្រុម​សហជីព​កម្មករ និង​សមាគម​អ្នក​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន ៣១ ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​សហជីព ដែល​កំពុង​ឋិត​ក្នុង​សេចក្ដីព្រាង​នៅ​ឡើយ ហើយ​ពួកគេ​បាន​ជំទាស់​ដាច់​ខាត ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ចេញ​ច្បាប់​នេះ។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​កម្មករ​នេះ​ដែរ អគ្គលេខាធិការ​របស់​សហព័ន្ធ​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ទុយ ស៊ីធៀង មាន​ប្រសាសន៍​ថា ច្បាប់​សហជីព​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​ការងារ​នៅ​ឡើយ បាន​ធ្វើ​ឲ្យ​ក្រុម​សហជីព និង​កម្មករ​នៅ​កម្ពុជា កំពុង​ព្រួយ​បារម្ភ។ លោក​ថា ចំណុច​ពីរ​ដែល​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​នៅ​ក្នុង​ច្បាប់​នេះ គឺ​ការ​កំណត់​ចំនួន​កម្មករ​ពី ២០% ទៅ ២៥% សម្រាប់​បង្កើត​សហជីព និង​ការ​ពិន័យ​ថ្នាក់ដឹកនាំ​សហជីព។ លោក​បន្ត​ថា ច្បាប់​នេះ​មាន​ចេតនា​ដាក់​សម្ពាធ​សហជីព​មិន​ឲ្យ​ធ្វើ​សកម្មភាព​តវ៉ា​អំពី​សិទ្ធិ​ការងារ​ផ្សេងៗ៖ «ពី​មុន​ ច្បាប់​នេះ​ដាក់ ២០% ដើម្បី​បង្កើត​សហជីព ហើយ​ពួក​ខ្ញុំ​ទាមទារ​ឲ្យ​ដាក់​ចេញ តែ​ឥឡូវ​នៅ​ក្នុង​ច្បាប់​នេះ​កំណត់​រហូត ២៥% លើ​ច្បាប់​នោះ អ៊ីចឹង​យើង​ដឹង​ហើយ​ថា និយោជក​មិន​ចង់​ឲ្យ​មាន​សហជីព​នោះ​ទេ ឲ្យ​មាន​សហជីព​ពួកគេ​មិន​ចង់​បាន​នោះ​ទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ពួកគេ»។

​អគ្គលេខាធិការ​របស់​សហព័ន្ធ​សហជីព​រូប​នេះ បាន​បញ្ជាក់​ពី​ជំហរ​របស់​លោក​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ទាត់ចោល​ច្បាប់​នេះ ព្រោះ​នៅ​ពេល​ច្បាប់​នេះ​ត្រូវ​បង្កើត​ឡើង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​កម្មករ​គ្រប់​វិស័យ​ទាំង​អស់​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់ និង​ពិចារណា​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​លើ​សេរីភាព​សហជីព និង​អត្ថប្រយោជន៍​របស់​កម្មករ៖ «ខ្ញុំ​យល់​ថា ច្បាប់​គ្រប់គ្រង​សហជីព​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ ​នៅ​ក្នុង​តែ​វិស័យ​កាត់ដេរ​ប៉ុណ្ណោះ គឺ​ច្បាប់​នេះ​នឹង​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ពិសេស​កម្មករ​ដែល​មាន​ចំណូល​តិចតួច ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​បញ្ឈប់​ការ​អនុម័ត​ច្បាប់​នេះ»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដើម្បី​សាកសួរ​ជុំវិញ​ដំណើរការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ ប៉ុន្តែ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ប្រកាស​ថា ច្បាប់​សហជីព​នេះ មាន​គោលដៅ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្មករ​និយោជិត ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក ជំរុញ​ឲ្យ​មាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ បង្កើត​ការងារ​សមរម្យ ព្រម​ទាំង​បង្កើន​ផលិតភាព និង​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​ជាដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា កន្លង​ទៅ បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​កែលំអ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ថា ជា​មហន្តរាយ​មួយ​ដល់​សិទ្ធិមនុស្ស​របស់​កម្មករ។

លើស​ពី​នេះ នៅ​ក្នុង​សេចក្ដី​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សរសេរ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា នឹង​រំលោភ​សិទ្ធិ​ស្ដីពី​ការ​រៀបចំ​សមាគម ហើយក៏​ជា​ជំហាន​ដើរ​ថយ​ក្រោយ​ដ៏​ធំ​មួយ​ចំពោះ​កម្មករ​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ កម្មករ​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ ប្រសិនបើ​រដ្ឋាភិបាល​អនុម័ត​មែន​នោះ វា​នឹង​មិន​ធានា​ដល់​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​ឡើយ។ កម្មករ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដក​សេចក្ដី​ព្រាង​ច្បាប់​នេះ​វិញ ហើយ​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ សមាជិក​សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​កែលំអ​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ មុន​ពេល​បញ្ជូន​ឲ្យ​សភា​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។