រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី មិនទាន់ឯកភាពគ្នាលើសេចក្តីព្រាងអនុសារណៈ ស្ដីពីបញ្ហាពលករចំណាកស្រុកនៅឡើយ បើទោះមានសេចក្តីរាយការណ៍ជាច្រើនទាក់ទិនទៅនឹងហានិភ័យកើតមានច្រើនករណីមកលើពលករពលការិនីខ្មែរ ដែលបានទៅធ្វើការនៅប្រទេសនេះក្តី។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់ឦសាន លោក កែវ ភិរម្យ នៅថ្ងៃច័ន្ទ ទី២១ ខែមេសា អំពាវនាវឲ្យពលការិនីចំណាកស្រុកខ្មែរ ជាពិសេសស្ត្រីរស់នៅភូមិភាគឦសាន មានបំណងទៅធ្វើការងារមេផ្ទះនៅប្រទេសម៉ាឡេស៊ី ឲ្យប្រុងប្រយ័ត្នខ្ពស់ទៅនឹងការរំលោភសិទ្ធិ ការរើសអើងពូជសាសន៍ ការកេងប្រវ័ញ្ចមិនបើកប្រាក់ខែ ជាដើម។
កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល អញ្ជើញចូលរួមវេទិកាសហសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទពលករចំណាកស្រុក រួមជាមួយសមាជិកសភាមកពីប្រទេសជាសមាជិកអាស៊ានចំនួន៦ និងប្រទេសពាក់ព័ន្ធ ដូចជាប្រទេសបង់ក្លាដេស ប្រទេសប៉ាគីស្ថាន និងនេប៉ាល់។
លោក កែវ ភិរម្យ កត់សម្គាល់ថា ប្រទេសម៉ាឡេស៊ី មិនទាន់មានច្បាប់ការពារស្ត្រីបម្រើការងារមេផ្ទះនៅឡើយ ហេតុនេះស្ត្រីខ្មែរដែលមានបំណងចំណាកស្រុកទៅធ្វើការងារនេះ នឹងប្រឈមមុខទៅនឹងបញ្ហាច្រើនយ៉ាង ជាពិសេសនឹងមានហានិភ័យកម្រិតខ្ពស់ ប្រសិនស្ត្រីខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្ន។ លោកថ្លែងថា អនុសាសន៍សំខាន់ចំនួនបីត្រូវបានដាក់ជូនវេទិកាសហសភាអាស៊ាន រួមមាន សេចក្តីព្រាងអនុសារណៈស្ដីពីពលករចំណាកស្រុករវាងប្រទេសទាំងពីរ ត្រូវមានតម្លាភាពបង្ហាញជាសាធារណៈ និងមានការចូលរួមពិគ្រោះយោបល់ពីសង្គមស៊ីវិល ស្នើឲ្យប្រទេសម៉ាឡេស៊ី ធ្វើសេចក្តីព្រាងអនុសារណៈស្ដីពីការការពារចំណាកស្រុកសម្រាប់ក្របខ័ណ្ឌប្រទេសអាស៊ាន និងស្នើឲ្យប្រទេសម៉ាឡេស៊ី ជ្រើសរើសពលករតាមរយៈរដ្ឋាភិបាលទាំងពីរ។
លោក កែវ ភិរម្យ៖ «ដោយសារយើងអត់មានច្បាប់ អត់មាន អិម.អូ.យូ ជាមួយម៉ាឡេ កម្មករយើងធ្វើការ ៧ថ្ងៃ គឺស្ត្រីមេផ្ទះហ្នឹងអត់មានពេលឈប់ទេ គេយកប៉ាសស្ព័រយើងទៅទុក ពេលមានជំងឺមានគ្រោះថ្នាក់នៅក្នុងផ្ទះ ប្រសិនបើថៅកែណាអត់ចិត្តធម៌ធ្វើបាបយើង ហើយគាត់អត់ព្យាបាលយើងទៀត។ គាត់ឲ្យយើងមើល ហើយយកលុយយើងចេញខ្លួនឯង អត់មានការទទួលខុសត្រូវទាំងអស់។ នេះជាបញ្ហាពិបាកណាស់ដល់ស្ត្រីមេផ្ទះរបស់យើង»។
ទាក់ទិនករណីនេះដែរ ប្រធានផ្នែកស្ត្រីស្តីទីសមាគមអាដហុក (adhoc) លោក នី លីហេង ទទួលស្គាល់ដែរថា បញ្ហាប្រឈមសំខាន់ៗចំពោះពលករខ្មែរនៅប្រទេសម៉ាឡេស៊ី រួមមាន ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការ ការចាប់បង្ខាំង ការរំលោភកិច្ចសន្យាជាដើម។ លោកអះអាងថា កន្លងទៅនេះ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល បានបើកសិក្ខាសាលាជាច្រើនលើក ពិគ្រោះយោបល់ជុំវិញសេចក្តីព្រាងអនុសារណៈស្ដីពីពលករចំណាកស្រុក ដាក់ជូនរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី រួចហើយ ក៏ប៉ុន្តែម៉ាឡេស៊ី បានកែប្រែចំណុចខ្លះបញ្ជូនមកកម្ពុជា វិញ។ លោកបន្តថា នៅពេលចុងក្រោយនេះ ភាគីកម្ពុជា ក៏បានបើកសិក្ខាសាលាកែសម្រួលសេចក្តីព្រាងអនុសារណៈនោះបន្ថែមទៀត ក៏ប៉ុន្តែលោកមិនប្រាកដថា តើរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាលើសេចក្តីព្រាងអនុសារណៈចុងក្រោយរួច ឬយ៉ាងណា។
លោក នី លីហេង៖ «គាត់ជាពលករខ្មែរ អ៊ីចឹងហើយបានជាខ្មែរយើងត្រូវមានការទទួលថា ធ្វើម៉េចត្រូវមានការការពារពលករយើង។ កន្លែងហ្នឹងហើយដែលយើងត្រូវធ្វើ អិម.អូ.យូ ជាមួយម៉ាឡេស៊ី។ ម៉ាឡេស៊ី គាត់មិនមានច្បាប់ការពារពលករ ប៉ុន្តែពេលពលករខ្មែរទៅ យើងត្រូវធ្វើ អិម.អូ.យូ យ៉ាងម៉េចដើម្បីឲ្យម៉ាឡេ មានករណីពិសេសម៉េចត្រូវតែការពារពលករខ្មែរ»។
តួលេខផ្តល់ដោយមន្ត្រីផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ពលករខ្មែរដែលធ្វើចំណាកស្រុកនៅប្រទេសម៉ាឡេស៊ី បច្ចុប្បន្នមានប្រហែល ២ ទៅ ៣ម៉ឺននាក់។ ដោយឡែកនៅក្នុងរយៈពេលបីខែចុងក្រោយ ឆ្នាំ២០១៤ នេះ សមាគមនេះបានរកឃើញមានបញ្ហាកើតមានចំពោះពលករខ្មែរ ២៦ករណីនៅប្រទេសម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍បញ្ជាក់ថា មិនទាន់ឃើញមានលិខិតបទដ្ឋានផ្លូវការទាក់ទិនការសម្រេចលើសេចក្តីព្រាងអនុសារណៈស្ដីពីចំណាកស្រុកនៃប្រទេសទាំងពីរនៅឡើយ៖ «ហើយចុងក្រោយ គឺវាត្រូវមកដល់ដៃខ្ញុំ ប៉ុន្តែបើសិនជាអ្វីៗអត់ទាន់មកដល់ដៃខ្ញុំ មានន័យថា អ្វីៗហ្នឹងអត់ទាន់ផ្លូវការ»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា កន្លងទៅបានកត់សម្គាល់ថា បទពិសោធន៍ដែលអង្គការលោករកឃើញ គឺក្រសួងការបរទេសកម្ពុជា ក៏មានកំហុសមួយចំណែកទាក់ទិនការបន្តទិដ្ឋាការដល់ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី ដែលអាចនាំឲ្យកើតមានអំពើពុករលួយក្នុងការបន្តអាណត្តិការងាររបស់ពលរដ្ឋ ដោយពុំមានការឯកភាពពីពលករ និងក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
