ពលករ​ខ្មែរ​រាប់​រយ​នាក់​សម្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

ដោយ ហ៊ុំ ចំរើន
2016.10.05
ពលករ​ខ្មែរ​ទៅ​ថៃ ២០១៦ ៨៥៥ ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលករ​ខ្មែរ​រាប់​រយ​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស នាំ​គ្នា​សម្រុក​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពលករ​ចេញ​ទៅ​ប្រទេស​ថៃ នេះ ក្រោយ​ពី​ពួក​គេ​ត្រឡប់​មក​លេង​ស្រុក​កំណើត​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ។ មន្ត្រី​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ប៉ោយប៉ែត បញ្ជាក់​ថា ពលករ​សម្រុក​ចេញ​ខ្លាំង​តាម​ច្រក​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២ តុលា មក។

ពលករ​ម្នាក់​រស់នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត លោក កង សារឿន ថ្លែង​នៅ​ថ្ងៃ​ទី​៥ តុលា ថា ពួក​គាត់​មាន​គ្នា​ចំនួន ៤​នាក់ ចេញ​ដំណើរ​មក​ពី​ផ្ទះ​តាំង​ពី​ព្រលឹម​ស្រាងៗ ដើម្បី​ត្រឡប់​ឲ្យ​ទាន់​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​៦ តុលា បន្ទាប់​ពី​ពួក​គាត់​បាន​ឈប់​សម្រាក​ប្រមាណ ១០​ថ្ងៃ​មក។ លោក​អះអាង​ថា ពួក​គាត់​ទាំង ៤​នាក់​ធ្វើ​ការងារ​ផ្នែក​កាត់​ស្មៅ និង​បោស​សម្អាត​នៅ​ក្នុង​រោងចក្រ​នា​ទីក្រុង​បាងកក ប្រទេស​ថៃ ជាង​មួយ​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ៤០០​បាត ឬ​ប្រមាណ ៤​ម៉ឺន ៨​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។

លោក កង សារឿន បន្ថែម​ថា មូលហេតុ​ដែល​ពួក​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ពួក​គាត់​គ្មាន​ការងារ​ធ្វើ​នៅ​ឯ​ស្រុក​កំណើត៖ «បើ​សិន​ជា​នៅ​ស្រុក យើង​ធ្វើ​ការ​ប្រាក់​ខែ​តិចតួច​មិន​អាច​ដោះស្រាយ​ជីវភាព​បាន។ ខ្ញុំ​ធ្វើ​ការ​ជួប​ការ​លំបាក​មួយ​ចំនួន ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត ខ្ញុំ​ត្រូវ​តែ​តស៊ូ​ធ្វើ​ការ​ដើម្បី​រស់។ មុន​ដំបូង ខ្ញុំ​ធ្វើ​ការងារ​សំណង់ ហើយ​ត្រូវ​ថៅកែ​ថៃ បោក​រហូត ហើយ​ទើប​ផ្លាស់​មក​ធ្វើ​ការងារ​ថ្មី​នេះ​បាន​ប្រាក់​ផ្ញើ​ទៅ​ផ្ទះ»

ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ក្រោយ​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​ហើយ​ភ្លាម មាន​ក្រុម​ពលករ​ជាច្រើន​នាក់ ខ្លះ​ឈរ ខ្លះ​អង្គុយ កកកុញ​នៅ​មុខ​ច្រក​ទ្វារ​ប៉ោយប៉ែត ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ។ លោក​បញ្ជាក់​ថា ពលករ​ដែល​ចេញ​តាម​ច្រក​នេះ ភាគច្រើន​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់ ក្នុង​នោះ​ខ្លះ​មាន​កាន់​លិខិត​ឆ្លង​ដែន និង​ខ្លះ​ទៀត​ប្រើប្រាស់​ប័ណ្ណ​ធ្វើ​ការងារ​ពណ៌​ស៊ីជម្ពូ គឺ​ជា​ប័ណ្ណ​ដែល​អាជ្ញាធរ​ថៃ អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស្រប​ច្បាប់៖ «អ្នក​ខ្លះ​គាត់​ធ្វើ​ប៉ឌឺផាស់ (Border Pass) ឬ​ហៅ​ថា​ប័ណ្ណ​ឆ្លង​ដែន​រយៈពេល​ខ្លី​ត្រឹម​អារញ្ញ ខេត្ត​ស្រះកែវ ក៏ប៉ុន្តែ​ដល់​ពេល​គាត់​ចូល​ទៅ គាត់​អាច​ទៅ​ដល់​ទីក្រុង​បាងកក ឬ​ទៅ​ខេត្ត​ផ្សេង​ទៀត​ទៅ​តាម​វិធី​របស់​ពួក​គាត់​រៀងៗ​ខ្លួន​ក៏​មាន»

លោក​បន្ថែម​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២ តុលា រហូត​មក​ទល់​ពេល​នេះ គឺ​មាន​ពលករ​ចេញ​តាម​ច្រក​ប៉ោយប៉ែត ទៅ​ប្រទេស​ថៃ ប្រមាណ​ពី ៤០០​នាក់​ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ មាន​ប្រសាសន៍​ថា បញ្ហា​ជីវភាព​ខ្វះខាត​ដូចជា​ករណី​ពលករ​គ្មាន​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត និង​គ្មាន​ដី​សម្រាប់​ដាំ​ដុះ ជាដើម គឺ​ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អ្នក​ខ្លះ​បាន​ប្រាក់​ផ្ញើ​ឲ្យ​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត ហើយ​មាន​ពលករ​មួយ​ចំនួន​ទៀត​ជាប់​គុក​ជាប់​ច្រវាក់ ដោយ​មិន​បាន​ប្រាក់​ត្រឡប់​មក​ផ្ទះ​ឡើយ៖ «កម្មករ​ដែល​ពួក​គាត់​ធ្វើ​ទាំងអស់​នេះ បើ​គិត​ពី​ផល​ប្រយោជន៍​វិញ គឺ​ជា​ការ​ល្អ​មួយ​សម្រាប់​ជួយ​សេដ្ឋកិច្ច​ថៃ ឲ្យ​រីក​ចម្រើន​ទៅ​វិញ​ទេ ហើយ​ក៏​មិន​មែន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ឡើយ ព្រោះ​ខ្មែរ​ខាតបង់​កម្លាំង​ពលកម្ម និង​សេដ្ឋកិច្ច​ផ្សេងៗ ដោយសារ​តែ​យើង​កម្លាំង​មនុស្ស ហើយ​មិន​ចេះ​ប្រើ»

លោក ស៊ុំ ច័ន្ទគារ កត់​សម្គាល់​ទៀត​ថា ក្រៅ​អំពី​ពលករ​ចេញ​ទៅ​ថៃ តាម​ច្រក​ប៉ោយប៉ែត ហើយ នៅ​មាន​ច្រក​របៀង​ជាច្រើន​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ រួម​មាន​ច្រក​អូរបីជាន់ ក្នុង​ស្រុក​អូរជ្រៅ និង​ច្រក​បឹងបេង ក្នុង​ស្រុក​ម៉ាឡៃ ជាដើម គឺ​ជា​ទីតាំង​ដែល​ក្រុម​មេ​ខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន​ដោយ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។