សង្គម​ស៊ីវិល​ស្នើ​ឯកអគ្គរាជទូត​ប្រទេស​មួយ​ចំនួន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​រំលោភ​សិទ្ធិ​ពលករ

សង្គម​ស៊ីវិល ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ប្រទេស​មួយ​ចំនួន​ដែល​មាន​បញ្ហា​រំលោភ​សិទ្ធិ​ពលករ​ចំណាក​ស្រុក មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ការពារ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ឯកអគ្គរាជទូត​ខ្មែរ​ចំនួន ៧​រូប គ្រោង​ចេញ​ទៅ​កាន់​ការងារ​ប្រចាំ​ប្រទេស​ចំនួន​៨ គឺ​សហរដ្ឋ​អាមេរិក ប្រទេស​គុយវ៉េត (Kuwait) ប៊ែលហ្ស៊ីក (Belgium) ឥណ្ឌូនេស៊ី (Indonesia) ឥណ្ឌា (India) ជប៉ុន (Japan) អូស្ត្រាលី (Australia) និង​ប្រទេស​ណូវែលហ្សេឡង់ដ៍ (New Zealand)។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា ប្រទេស​ចំនួន​៨ ដែល​បាន​រៀបរាប់​នេះ លោក​ពុំ​ឃើញ​មាន​ករណី​រំលោភ​បំពាន​សិទ្ធិ​ពលករ​នោះ​ទេ។ ប៉ុន្តែ​ដោយ​ឡែក បើ​សិន​មាន​ការ​ផ្លាស់ប្ដូរ​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្ដី លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ពង្រឹង​កិច្ច​ការពារ​ដល់​ពលករ​ចំណាក​ស្រុក ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​បន្ថែម​ទៀត ពិសេស​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី៖ «គួរ​តែ​បណ្ដុះបណ្ដាល​មន្ត្រី​ទូត​ហ្នឹង ឲ្យ​គាត់​មាន​ជំនាញ​ពាក់ព័ន្ធ​ទៅ​នឹង​ផ្នែក​ពលករ​ចំណាក​ស្រុក ជួយ​សង្គ្រោះ​ពលករ និង​ផ្នែក​ទទួល​ពាក្យ​បណ្ដឹង​ជាដើម»

ទាក់ទង​ព័ត៌មាន​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង ដែល​ជា​ឯកអគ្គរាជទូត​មួយ​រូប​នឹង​ត្រូវ​ទៅ​ប្រចាំ​ការ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូវែលហ្សេឡង់ មាន​ប្រសាសន៍​ថា មន្ត្រី​ទាំង ៧​រូប បាន​ប្ដេជ្ញា​ចិត្ត​លើ​ការ​ពង្រឹង​ការងារ​ពលករ​ចំណាក​ស្រុក ក្រៅ​ពី​នោះ ក៏​នឹង​ផ្ដោត​លើ​កិច្ចការ​ទំនាក់ទំនង​ទ្វេ​ភាគី នយោបាយ ការទូត សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាដើម។

ឯកអគ្គរាជទូត​ទាំង ៧​រូប នឹង​ចេញ​ទៅ​កាន់​ប្រទេស​រៀងៗ​ខ្លួន​នៅ​អំឡុង​ខែ​មិថុនា និង​ខែ​កក្កដា បន្ទាប់​ពី​ចូល​ក្រាប​បង្គំ​លា​ព្រះមហាក្សត្រ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។