ប្រជាពលរដ្ឋមួយចំនួនមានភ័ព្វសំណាងទទួលបានប្រាក់កម្រៃពលកម្មយកមកជួយស្ដារជីវភាពគ្រួសារ។ ប៉ុន្តែ មួយចំនួនបានរងទុក្ខវេទនារហូតធ្លាក់ខ្លួនពិការ ហើយមិនបានទទួលប្រាក់កម្រៃពលកម្មរបស់ខ្លួន ដើម្បីជួយគ្រួសារថែមទៀត។ ករណីនេះ បានកើតឡើងចំពោះពលការិនីម្នាក់ដែលមានទីលំនៅនៅឯទីជនបទមួយឯខេត្តកំពង់ឆ្នាំង។
ពលការិនីទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី មកដល់ស្រុកកំណើតម្នាក់ បានប្ដឹងក្រុមហ៊ុន យូមេន រីសសស៍ ឌីវើឡុបមែន (Human Resource Development) ឲ្យសងជំងឺចិត្ត និងប្រាក់កម្រៃពលកម្មរបស់នាងក្នុងអំឡុងពេលដែលនាងធ្វើការជាជំនួយការមេផ្ទះនៅឯប្រទេសម៉ាឡេស៊ី។
ពលការិនីឈ្មោះ តូច ណៃ អាយុ ២៦ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកដាក់បណ្ដឹងនៅសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង សុំឲ្យអង្គការនេះជួយនាង ដោយនាងបានបញ្ជាក់ថា នាងធ្វើការជិត ៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី ពុំទទួលបានប្រាក់កម្រៃពលកម្មសោះឡើយ។
នាងបន្តថា នៅឯប្រទេសម៉ាឡេស៊ី នាងរងការធ្វើទារុណកម្មយ៉ាងខ្លាំងពីថៅកែផ្ទះ រហូតត្រូវពិការភ្នែក និងត្រចៀក៖ «ជួនកាលគេវ៉ៃនឹងរំពាត់ ជួនកាលគេដាល់នឹងដៃ។ ខ្ញុំស្ដាប់ភាសាគេអត់បាន ខ្ញុំធ្វើខុសនឹងអ្វីដែលគេប្រើ គេក៏វ៉ៃខ្ញុំ។ ត្រចៀកខ្ញុំដំបូងគាត់មួល ក្រោយមកគាត់ដាល់ចេញឈាមកកទៅវាក៏ខូចស្ដាប់លែងឮតែម្ដង។ ចំណែកភ្នែកខ្ញុំ គឺគាត់ដាល់ត្រូវធ្វើខ្ញុំខូចភ្នែក»។
លោកស្រី ជី សេង ជាម្ដាយក្មេករបស់ពលការិនី តូច ណៃ។ លោកស្រីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ឧសភា ថា កូនប្រសាគាត់ចេញដំណើរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន យូមេន រីសសស៍ ឌីវើឡុបមែន ដែលមានទីតាំងនៅផ្ទះលេខ១៤៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១០។ គាត់ថា តាំងពីថ្ងៃចេញដំណើរទៅ គាត់ពុំដែលបានទាក់ទង ឬទទួលដំណឹងពីនាងម្ដងណាទេ រហូតដល់ថ្ងៃវិលត្រឡប់មកវិញនេះ។ ពេលកូនគាត់ចេញទៅ នាងមានសុខភាពមាំទាំល្អ តែឥឡូវនាងបែរជាត្រូវពិការភ្នែកម្ខាង និងត្រចៀកម្ខាង៖ «ដៃខាងស្ដាំវាមានសម្លាក នោះវាប្រាប់ថា ថៅកែស្រីវាយកកូនកាំបិតអារ។ ចំណែកក្បាលវាមានស្នាមបែកនោះ វាប្រាប់ថា ថៅកែវាទាញក្បាលបោកនឹងទ្វារ។ ឥឡូវកូនខ្ញុំមានសុខភាពខ្សោយណាស់ ខ្ញុំប្ដឹងសុំឲ្យគេផ្ដល់សំណង និងជួយព្យាបាលកូនខ្ញុំឲ្យជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន យូមេន រីសសស៍ ឌីវើឡុបមែន បានទេ ដោយបច្ចុប្បន្ន ក្រុមហ៊ុននេះបានផ្លាស់ប្ដូរទីស្នាក់ការ និងបិទលេខទូរស័ព្ទដែលក្រុមហ៊ុនធ្លាប់ទាក់ទងជាមួយគ្រួសារពលករពលការិនីនាពេលកន្លងទៅ។
ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំង លោកស្រី ប្រាក់ សៅនី មានប្រសាសន៍ថា ចំពោះករណីពលការិនី តូច ណៃ នេះ សុំឲ្យសាមីខ្លួនមកដាក់បណ្ដឹងនៅស្នងការនគរបាលខេត្ត ដើម្បីជាមូលដ្ឋានសម្រាប់លោកស្រីជួយធ្វើអន្តរាគមន៍៖ «ឲ្យជនរងគ្រោះមកដាក់បណ្ដឹងនៅស្នងការខេត្តមក។ ហើយខ្ញុំនឹងហៅខាងក្រុមហ៊ុនមកសម្របសម្រួល។ ហើយបើមិនសម្រេចទេ ខ្ញុំនឹងបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូររបស់ក្រសួង។ អត់អីទេ! ខ្ញុំនឹងជួយព្រោះបញ្ហានេះមានពាក់ព័ន្ធនឹងនាយកដ្ឋានការងារនៃក្រសួងការងារ គាត់ជាអ្នកទទួលដោះស្រាយ»។
ទាក់ទិនចំពោះបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ករណីពលការិនី តូច ណៃ នេះ លោកបានធ្វើលិខិតអន្តរាគមន៍ទៅស្នងការនគរបាលខេត្ត និងទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ រួចហើយ សុំឲ្យជួយទាមទារប្រាក់ឈ្នួល ប្រាក់សងជំងឺចិត្ត និងថ្លៃព្យាបាលជំងឺដល់ពលការិនីរូបនេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
