យុវជនពិការលើកឡើងថា ស្ថានភាពសិទ្ធិទទួលបានការងារធ្វើរបស់យុវជនពិការក្នុងស្ថាប័នទាំងរដ្ឋ និងឯកជន នៅតែប្រឈមនឹងការរើសអើង និងមិនទទួលបានសិទ្ធិពេញលេញនៅឡើយ។ ទន្ទឹមគ្នានេះ យុវជនពិការព្រួយបារម្ភថា ការបាត់សិទ្ធិទទួលបានការងារធ្វើ នឹងបន្តឲ្យយុវជនពិការនៅតែរស់នៅក្នុងស្ថានភាពក្រីក្រ។
យុវជនពិការ និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងជនពិការនៅកម្ពុជា អះអាងថា ជនពិការមិនមែនជាបន្ទុកសម្រាប់សង្គមទេ បើសិនមានការបើកឱកាសការងារឲ្យបានត្រឹមត្រូវណាមួយ ឬធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់លើពួកគេ។
ការលើកឡើងរបស់យុវជនពិការនៅពេលនេះ ធ្វើឡើងនៅក្នុងសមាជជាតិជនពិការ និងទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ ដែលរៀបចំឡើងនៅថ្ងៃទី៣ ខែធ្នូ ដែលមានយុវជនចូលរួមជាង ២០០នាក់។
តំណាងឲ្យយុវជនពិការគ្រប់ប្រភេទដែលបានចូលរួមក្នុងទិវានេះ យុវជន ចាប់ តូ លើកឡើងពីបញ្ហាប្រឈមរបស់យុវជនពិការថា ទោះជាកន្លងមករដ្ឋាភិបាលកម្ពុជា បានដាក់កំហិតឲ្យក្រសួងស្ថាប័នក្រោមបង្គាប់របស់ខ្លួន ព្រមទាំងស្ថាប័នឯកជន អនុវត្តការជ្រើសរើសជនពិការចូលធ្វើការក្តី ផ្ទុយទៅវិញ យុវជនពិការនៅតែទទួលបានឱកាសការងារតិចតួចនៅឡើយ។ លោកបន្តថា យុវជនពិការទោះជាមានចំណេះដឹង និងសមត្ថភាព ក៏ស្ថាប័នទាំងរដ្ឋ និងឯកជននៅតែមានការរើសអើង៖ «ទោះបីជាជនពិការមានសមត្ថភាពគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏ពួកគាត់មិនផ្ដល់ឱកាសដល់ជនពិការ គាត់អាងតែគាត់អាចរកមនុស្សបាន គាត់មិនខ្វល់ពីជនពិការដូចពួកខ្ញុំនោះទេ ដូច្នេះនៅតែមានការរើសអើងច្រើនសម្រាប់ជនពិការ»។
យុវជនពិការរូបនេះបានឲ្យដឹងបន្តថា នៅពេលដែលជនពិការបាត់សិទ្ធិទទួលបានការងារធ្វើ មិនមែនប៉ះពាល់តែយុវជនពិការប៉ុណ្ណោះទេ វាក៏ប្រឈមខ្លាំងដល់ការអភិវឌ្ឍសង្គមជាតិផងដែរ។ លោកទទូចឲ្យបណ្ដាអ្នកពាក់ព័ន្ធគិតគូរដល់សិទ្ធិរបស់យុវជនពិការ ពិសេសជនពិការគ្រប់ប្រភេទនៅកម្ពុជា ឲ្យទទួលបានឱកាសការងារដើម្បីបញ្ចេញសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសជាតិ។
ស្របជាមួយនេះ ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា ដើម្បីដោះស្រាយរាល់បញ្ហាអត់ការងារធ្វើរបស់យុវជនពិការ រដ្ឋាភិបាល ពិសេសអន្តរក្រសួងត្រូវតែគិតគូរពីការអប់រំដល់ជនពិការ ដើម្បីធានាឲ្យជនពិការទទួលបានសិទ្ធិ និងឱកាសស្មើគ្នាដូចមនុស្សទូទៅដែរ៖ «ប្រសិនបើយុវជនរាប់ម៉ឺននាក់ដែលជាជនពិការអត់ការងារធ្វើ គាត់គឺជាបន្ទុករបស់រដ្ឋាភិបាល របស់ក្រុមគ្រួសារ ហើយក៏ជារឿងមួយដែលមិនអាចទទួលយកបានទេ នៅពេលដែលការអភិវឌ្ឍប្រទេសជាតិមិនបានបញ្ចូលសំឡេងរបស់បងប្អូនជន ពិការ» ។
ទាក់ទិននឹងបញ្ហានេះ អគ្គលេខាធិការរងតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក នេត អ៊ុន មានប្រសាសន៍ថា បញ្ហាអត់ការងាររបស់ជនពិការ រដ្ឋាភិបាលចាត់ទុកបញ្ហានេះជាបញ្ហាអាទិភាព ដោយដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ៖ «យើងនឹងយកបញ្ហារបស់បងប្អូនពិការ និងរបស់យុវជនពិការទៅពិភាក្សា ដើម្បីឲ្យទទួលបានសិទ្ធិពេញលេញ និងសុខុមាលភាពក្នុងសង្គម»។
សារលិខិតរបស់រាជរដ្ឋាភិបាល នាឱកាសទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ បានឲ្យដឹងថា ជនពិការត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៤០។ ក្នុងឆ្នាំ២០១៤ មានជនពិការចូលរួមបម្រើការងារសរុបចំនួន ២.៥៥០នាក់ ស្មើនឹង ១,១៧ភាគរយនៃចំនួនបុគ្គលិកសរុបដែលបច្ចុប្បន្នក្រសួង និងស្ថាប័ននីមួយៗ កំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ចំនួន ២% ក្នុងឆ្នាំ២០១៥ គឺស្មើជិត ៤ពាន់នាក់ (៣.៩៤៩) ប៉ុន្តែចំនួននេះ មិនបញ្ជាក់ច្បាស់ពីចំនួនយុវជននៅឡើយនោះទេ។
ទិន្នន័យសកលលោកក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវបានបង្ហាញឡើងនៅក្នុងកម្មវិធីសមាជជាតិជនពិការនៅថ្ងៃទី៣ ខែធ្នូ នេះបង្ហាញថា បច្ចុប្បន្នក្នុងចំណោមជនពិការ ១០នាក់ មានជនពិការ ៨នាក់ កំពុងរស់នៅក្នុងភាពក្រីក្របំផុត ហើយពួកគេរស់នៅក្នុងភាពឯកោដែលទាមទារឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះយកចិត្តទុកដាក់លើឱកាសការងារជូនពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
