អាជ្ញាធរខេត្តកោះកុង និងអង្គការក្រៅរដ្ឋាភិបាល ដឹកនាំប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារខួបលើកទី១៣ ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី១២ ខែមិថុនា។ ក្នុងពិធីនោះ មានរៀបចំសម្ដែងល្ខោនអប់រំ ដោយបង្ហាញពីទម្រង់នៃការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការរំលោភបំពានលើសិទ្ធិរបស់ពួកគេផ្សេងៗទៀត។
សារសំខាន់ដែលអ្នកដឹកនាំកម្មវិធី ចង់បង្ហាញដល់សហគមន៍ប្រជាពលរដ្ឋក្នុងខេត្តកោះកុង នោះ គឺចង់ឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់ទម្រង់អាក្រក់ធ្ងន់ធ្ងរ ៤ចំណុច ដែលបំពានលើសិទ្ធិកុមារ និងប្រឆាំងនឹងការលូតលាស់របស់ពួកគេ ក្នុងការធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏រុងរឿង។
មន្ត្រីសម្របសម្រួលកម្មវិធីរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធីនេះ គឺលោក អ៊ិន គង់ជិត។ លោកមានប្រសាសន៍ថា នៅខេត្តកោះកុង ជាតំបន់មួយមានកុមារងាយរងគ្រោះជាច្រើនក្នុងមុខរបរនេសាទ ក្រៅពីទម្រង់អាក្រក់ប្រឆាំងនឹងកុមារដទៃទៀត។ លោកបន្តថា កម្មវិធីនេះក៏មានគោលដៅប្រឆាំងនឹងសកម្មភាពកុមារធ្វើការតាមផ្ទះជួល កុមារធ្វើការដោះបំណុលឲ្យគ្រួសារ កុមារជាកញ្ជះគេ ការយកកុមារថតរូបអាសអាភាស ការដឹកនាំកុមារឲ្យធ្លាក់ចូលក្នុងសង្គមគ្រឿងញៀន ជាដើម។
លោក អ៊ិន គង់ជិត៖ «មួយទៀត ករណីឪពុកម្តាយអត់បានជំរុញកូនទៅសិក្សា បែរជាឲ្យកូនទៅរកប្រាក់ចំណូលចិញ្ចឹមគ្រួសារចិញ្ចឹមបងៗ ចិញ្ចឹមខ្លួនគាត់ ហើយគាត់អត់ទៅធ្វើការងាររកចំណូលទេ គាត់បែរជាទៅលេងល្បែងលេងអី ហើយឲ្យកូនទៅធ្វើការងាររកប្រាក់ចំណូល ហើយកូនត្រូវសិក្សាអត់បានទៅសិក្សាទេ អ៊ីចឹងអាហ្នឹងយើងផ្ដោតសំខាន់សម្រាប់ធ្វើវេទិកាថ្ងៃនេះបាទ»។
កម្មវិធីនេះមានការចូលរួមពីមន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ប្រជាពលរដ្ឋ យុវជន និងកុមារ សរុបប្រមាណជាង ៣០០នាក់។
អ្នកចូលរួមក៏បានលើកបដាដើរហែក្បួនឆ្លងកាត់តាមតំបន់មួយចំនួន ដែលគេយល់ថា មានកុមារងាយរងគ្រោះ ដើម្បីឲ្យអ្នកពាក់ព័ន្ធក្នុងបញ្ហានេះចូលរួមដោះស្រាយ ព្រមទាំងផ្លាស់ប្ដូរទម្លាប់ចាស់ចោល។
មន្ត្រីមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទាខេត្តកោះកុង លោក ណុប សាលុច បានចូលរួមជាអធិបតីក្នុងកម្មវិធីនោះ ប៉ុន្តែលោកមិនមានប្រសាសន៍ចាប់អារម្ភយ៉ាងណាឡើយ។
ចំណែក អ្នកស្រី នួន ណារិន ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារប្រចាំសង្កាត់ដងទង់ ខេត្តកោះកុង មានប្រសាសន៍ថា ជាការប្រសើរណាស់ដែលអង្គការសិទ្ធិមនុស្សជ្រើសរើសតំបន់នេះ ដើម្បីប្រារព្ធពិធី ពីព្រោះពលរដ្ឋមួយចំនួនធំជាអ្នកនេសាទ ហើយការដើរក្បួនផ្សព្វផ្សាយពីការរំលោភពលកម្មកុមារនេះ ធ្វើឲ្យប្រជាពលរដ្ឋជាឪពុកម្ដាយ អាណាព្យាបាល មានការយល់ដឹងច្រើន។
អ្នកស្រី នួន ណារិន៖ «ផ្សព្វផ្សាយនៅក្នុងសហគមន៍ យើងផ្សព្វផ្សាយតាមថវិការបស់យើង វាមានកម្រិត ហើយយើងបើកទូលំទូលាយ អ៊ីចឹងធ្វើឲ្យកុមារដឹងខ្លួនឯង ហើយដឹងពីកម្រងសិទ្ធិទាំងបួនរបស់ពួកគាត់ ហើយអាណាព្យាបាលបានចូលរួមថែមទាំងបានដើរក្បួនអ៊ីចឹងទៀត កាន់តែធ្វើឲ្យពួកគាត់តែយល់ស៊ីជម្រៅថែមទៀត»។
លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អ្នកដែលចូលរួមក្នុងកម្មវិធីនេះនឹងក្លាយជាអ្នកនាំសារអប់រំដ៏សំខាន់ដល់សហគមន៍របស់ពួកគាត់ ដើម្បីបំផុសឲ្យពួកគាត់ចូលប្រឆាំងពលកម្មកុមារនៅតាមសហគមន៍នីមួយៗ ដែលពួកគាត់កំពុងរស់នៅ។
ក្រៅពីខេត្តកោះកុង នៅថ្ងៃទី១៥ មិថុនា វិញ អង្គការលីកាដូ នឹងជួបជុំសកម្មជនសិទ្ធិមនុស្ស និងតំណាងមន្ទីរការងារខេត្តព្រះសីហនុ ប្រារព្ធទិវានេះដូចគ្នា ព្រមទាំងបើកវេទិកាសាធារណៈផ្ដោតលើបញ្ហាពលកម្មកុមារនៅកម្ពុជា។
ការប្រារព្ធទិវានេះ ស្របពេលអង្គការសង្គមស៊ីវិលសម្ដែងក្តីបារម្ភស្ដីពីការកើនឡើងនៃពលកម្មកុមារកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ អាចប្រឈមនឹងគ្រោះថ្នាក់ និងជាតិពុល។
កាលពីឆ្នាំ២០១២ អង្គការពលកម្មការងារអន្តរជាតិរកឃើញថា កុមារជាង ៧សែន ៥ម៉ឺននាក់ ធ្វើការងារក្នុងវិស័យផ្សេងៗនៅកម្ពុជា។ ក្នុងចំណោមកុមារទាំងនោះ កុមារប្រមាណ ២សែន ៣ម៉ឺននាក់ កំពុងធ្វើការងារក្នុងលក្ខខណ្ឌគ្រោះថ្នាក់ និងរងផលប៉ះពាល់ពីជាតិពុល និងឧបករណ៍គ្រោះថ្នាក់មួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
