សកម្មជនការពារដីធ្លី អ្នកស្រី យ៉ោម បុប្ជា ដែលជាជយលាភីនៃពានរង្វាន់ James Lawson Award បានថ្លែងប្រាប់ពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់វ៉ាស៊ីនតុន (Washington) ថា ការប្រើហិង្សាបង្ក្រាប និងអំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា មកលើពលរដ្ឋខ្លួន បានបង្រៀនអោយអ្នកស្រីចេះតស៊ូដោយអហិង្សា ដើម្បីការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
ក្នុងពិធីជួបជុំសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្នុងភោជនីយដ្ឋាន ហាវ៉េសថ៍ មូន (Harvest Moon) នៃរដ្ឋវីជីនៀ (Virginia) ដែលរៀបចំដោយអង្គការខារ៉ាត់ អង្គការ Khmer Youth Voice DC និងមូលនិធិសង្គ្រោះជាតិកម្ពុជា កាលពីរាត្រីថ្ងៃសៅរ៍ ទី២៧ មិថុនា នោះ សកម្មជនការពារដីធ្លី អ្នកស្រី យ៉ោម បុប្ជា បានថ្លែងប្រាប់អ្នកចូលរួមប្រមាណ ១០០នាក់ថា កម្ពុជាអភ័ព្វណាស់ដែលមានមេដឹកនាំមិនគោរពសិទ្ធិមនុស្ស និងចូលចិត្តប្រើអំពើហិង្សាបង្ក្រាបមកលើពលរដ្ឋទន់ខ្សោយ។
អ្នកស្រី យ៉ោម បុប្ផា៖ «...យើងមានសំណាងមិនល្អ ដោយសារកើតមកនៅក្នុងប្រទេសមួយដែលមានសម្បត្តិធនធានធម្មជាតិសម្បូរហូរហៀរ ប៉ុន្តែយើងមានអ្នកដឹកនាំមួយដែលមិនបានគោរពនូវសំឡេងប្រជាពលរដ្ឋទេ ហើយតែងតែយកប្រជាពលរដ្ឋខ្លួនឯងហ្នឹងដែលជាម្ចាស់អំណាចទៅធ្វើជាសត្រូវខ្លួនឯងវិញ»។
អ្នកស្រី យ៉ោម បុប្ជា ដែលទើបទទួលបានពានរង្វាន់ James Lawson ពីមជ្ឈមណ្ឌលអន្តរជាតិ ស្ដីពីជម្លោះអហិង្សា ឬ International Center on Nonviolent Conflict មានប្រសាសន៍ថា ការវាយបង្ក្រាបលើពលរដ្ឋស្លូតត្រង់ដែលហ៊ានចេញមុខតវ៉ាការពារដីធ្លីរបស់ខ្លួន និងអំពើអយុត្តិធម៌ដទៃទៀតនៅកម្ពុជា បានបង្ខំអោយអ្នកស្រី និងស្ត្រីដទៃទៀត ហ៊ានងើបតស៊ូមតិយ៉ាងសកម្ម។

អ្នកស្រី យ៉ោម បុប្ផា៖ «ការតស៊ូរបស់ខ្ញុំកើតចេញពីការឈឺចាប់ដែលរដ្ឋាភិបាលបង្រៀនឲ្យខ្ញុំចេះតស៊ូមតិ ហើយយើងចង់ប្រាប់ថា យើងរាល់ថ្ងៃនេះចង់បានតែសិទ្ធិសេរីភាព យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នាទេ។ ការតស៊ូមិនមែនមានតែខ្ញុំទេ គឺមានសហគមន៍ខ្ញុំ មានបងប្អូនសហគមន៍ផ្សេងៗនៅកម្ពុជា ហើយក៏មានបងប្អូននៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗដែរ ដែលគាំទ្រ។ ពានរង្វាន់នេះមិនមែនតែសម្រាប់ខ្ញុំ ឬសហគមន៍ខ្ញុំទេ គឺសម្រាប់បងប្អូនខ្មែរទាំងអស់...»។
ប្រធានមជ្ឈមណ្ឌលអន្តរជាតិស្ដីពីជម្លោះអហិង្សា ឬ International Center on Nonviolent Conflict លោក ចេក្ខ ឌូវ៉ាល (Jack Du Vall) ដែលផ្ដល់ពានរង្វាន់ James Lawson ជានិមិត្តរូបនៃការទទួលស្គាល់នូវភាពអង់អាចក្លាហាននៃការតស៊ូដោយអហិង្សា ដើម្បីការពារ និងលើកកម្ពស់សិទ្ធិសេរីភាពរបស់មនុស្សនៅជុំវិញពិភពលោកមានប្រសាសន៍ថា គុណសម្បត្តិសម្រាប់អ្នកដែលអាចទទួលបានពានរង្វាន់នេះ រួមមានសេចក្ដីក្លាហាន ហ៊ានងើបតស៊ូយ៉ាងសកម្មដោយអហិង្សា ដើម្បីការពារសិទ្ធិមនុស្ស ការពារទ្រព្យសម្បត្តិនៅក្នុងសហគមន៍របស់ខ្លួនពីការរំលោភបំពាននានា ព្រមទាំងចេះផ្សព្វផ្សាយនូវអំពើរំលោភទាំងនោះទៅអ្នកសារព័ត៌មាន និងអង្គការមហាជនថ្នាក់ជាតិ និងអន្តរជាតិ ដែលមានបេសកកម្មការពារសិទ្ធិមនុស្ស។ លោកថា គេមិនចាំបាច់មានការអប់រំខ្ពស់ ដើម្បីក្លាយជាសកម្មជនអហិង្សាការពារសិទ្ធិមនុស្សដើម្បីទទួលពានរង្វាន់ទេ។
លោកថា អ្នកស្រី យ៉ោម បុប្ជា មានគុណសម្បត្តិទាំងអស់នេះ៖ «អ្នកស្រី យ៉ោម បុប្ជា បានដឹកនាំស្ត្រីក្នុងសហគមន៍របស់នាងធ្វើការតវ៉ា ដើម្បីការពារសិទ្ធិរបស់ខ្លួនអស់រយៈពេលជាយូរយារណាស់មកហើយ។ ការតស៊ូដោយគ្មានការរាថយ គ្មានការរួញរា ដោយអហិង្សា ដោយសេចក្ដីក្លាហាន និងប្រកបដោយគុណភាពជាមេដឹកនាំស្ត្រីវ័យក្មេងរបស់នាងនេះ គឺជាគំរូល្អសម្រាប់មេដឹកនាំជាស្ត្រីនៃការតស៊ូដោយអហិង្សាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ដែលចាប់ផ្ដើមចេញពីសហគមន៍របស់ខ្លួនផ្ទាល់ឡើងទៅ។ ពានរង្វាន់សម្រាប់នាង គឺសម្រាប់គំរូល្អនៃស្ត្រីជាអ្នកដឹកនាំនៅលើពិភពលោកនេះ។ ដូច្នេះខ្ញុំរីករាយណាស់ដែលបានប្រគល់ពានរង្វាន់ James Lawson ដល់អ្នកស្រី យ៉ោម បុប្ជា។ យើងគិតថា សេចក្ដីសម្រេចចិត្តរបស់យើងពិតជាត្រឹមត្រូវ»។
ជាសកម្មជនអហិង្សាដែលហ៊ានងើបតស៊ូយ៉ាងស្វិតស្វាញប្រឈមមុខកម្លាំងអាជ្ញាធររដ្ឋាភិបាលដើម្បីការពារដីធ្លី និងប្រឆាំងទៅនឹងអំពើរំលោភសិទ្ធិមនុស្សនៅក្នុងសហគមន៍របស់ខ្លួនផង និងទីកន្លែងផ្សេងទៀតផងនោះ អ្នកស្រី យ៉ោម បុប្ជា ធ្លាប់ត្រូវរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគាររយៈពេលជាងមួយឆ្នាំ។
ក្នុងពិធីជួបជុំសំណេះសំណាលជាមួយពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់វ៉ាស៊ីនតុន នៅរាត្រីថ្ងៃសៅរ៍ នោះ អ្នកស្រី យ៉ោម បុប្ជា ក៏បានច្រៀងចម្រៀងមួយបទដែលរៀបរាប់អំពីការរំលោភសិទ្ធិមនុស្ស និងទុក្ខសោកវេទនារបស់អ្នកភូមិបឹងកក់ ដែលត្រូវក្រុមហ៊ុន ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា បូមខ្សាច់ចាក់ពន្លិចផ្ទះរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
