យុវជនប្រហែល ៥០០នាក់ ជួបជុំគ្នារាំម៉ាឌីហ្ស៊ូន (Madison) នៅទីធ្លាខាងមុខវត្តបទុមវតី ចូលរួមយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រីភេទ នៅល្ងាចថ្ងៃទី៦ ខែធ្នូ។
មន្ត្រីកម្មវិធីទប់ស្កាត់អំពើហិង្សាលើស្ត្រីនៃមូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីស្ត្រី ហៅកាត់ថា យូអិន វូមែន (UN Woman) លោក ផុន វុត្ថា ដែលដឹកនាំកម្មវិធីនេះមានប្រសាសន៍ថា ក្រុមយុវជនយុវតី បានរាំលេងរួមគ្នា ច្រៀង និងសម្ដែងនៅលើឆាក ដើម្បីបង្ហាញពីគោលបំណងរួមរបស់ពួកគេ ក្នុងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី។ លោក វុត្ថា បន្តថា ពួកគេក៏បានផ្ញើសារទៅសាធារណជនទូទៅ អោយយល់ដឹងដូចពួកគេដែរ៖ «សារនៅថ្ងៃនេះ យើងចង់បញ្ជាក់ថា បញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ តើអ្នកត្រូវធ្វើអ្វី? នេះជាប្រធានបទសំខាន់របស់យើងមួយ ដែលបានផ្ញើជូនអ្នកចូលរួម និងចង់លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ គឺត្រូវចាប់ផ្ដើមខ្លួនយើង។ យើងត្រូវធ្វើម៉េចកសាងសន្តិភាពក្នុងគ្រួសារ ក្នុងសហគមន៍ ជាពិសេសនៅក្នុងខ្លួនរបស់យើងគ្មានអំពើហិង្សា។ យើងអាចនិយាយបានថា នៅជុំវិញខ្លួនយើងក៏គ្មានអំពើហិង្សាដែរ សហគមន៍យើងមានសន្តិភាព នោះជាអ្វីដែលយើងចង់បាន»។
លោក វុត្ថា បញ្ជាក់ថា កម្មវិធីនេះមានអង្គការស្ថាប័នធ្វើការងារពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិស្ត្រី ជាដៃគូរបស់ យូអិន វូមែន ចំនួន៣៤ បានចូលរួម។ ក្រុមអ្នកចូលរួម បានពាក់អាវយឺតពណ៌ទឹកក្រូចដូចៗគ្នា ដោយមានសរសេរសារថា «រួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី»។
កម្មវិធីនេះជាផ្នែកមួយនៃយុទ្ធនាការរយៈពេល ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រី ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។ ក្រៅពីការរាំរួមគ្នានេះ អង្គការ យូអិន វូមែន បានគាំទ្រសកម្មភាពអង្គការនៅតាមបណ្ដាខេត្តមួយចំនួនទៀត អោយផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រីទៅដល់ពលរដ្ឋក្នុងមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
