គណបក្សសិទ្ធិមនុស្សកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ បានចេញសេច្កតីថ្លែងការណ៍មួយ បញ្ចេញយោបល់ថា រដ្ឋាភិបាលគួរតែមានផ្ទះរបស់រដ្ឋសម្រាប់ជួលក្នុងតម្លៃទាប ឬដាក់លក់ក្នុងតម្លៃថោក ដោយកាត់ប្រាក់រំដោះបន្តិចម្តងៗ ផ្អែកតាមប្រាក់ចំណូលប្រចាំខែរបស់មន្ត្រីរាជការ ប៉ូលិស ទាហាន អាជីវករតូចតាច អ្នករត់ម៉ូតូឌុប ឬអ្នកធ្វើការតាមសណ្ឋាគារ តាមភោជនីយដ្ឋាន ដែលចេះតែមានចំនួនច្រើនឡើង ហើយកំពុងខ្វះខាតជម្រកជ្រកនៅ ដោយសារតម្លៃដីធ្លីបានកើនឡើងយ៉ាងគំហុកនាពេលបច្ចុប្បន្ន ធ្វើឲ្យប្រជាជនប្រឈមមុខនឹងបញ្ហាខ្វះជម្រកកាន់តែខ្លាំង ។
គណបក្សសិទ្ធិមនុស្សកត់សម្គាល់ថា ខណៈដែលចំណូលរបស់មន្ត្រីរាជការ កម្មករ និងអ្នកធ្វើការតូចតាច មានត្រឹមតែ៤០ ទៅ ៦០ដុល្លារក្នុងមួយខែ ផ្ទះល្វែងមានតម្លៃពី ៤ ទៅ ៩ម៉ឺនដុល្លារ ហើយតម្លៃដីនៅភ្នំពេញក៏បានកើនក្នុងកម្រិតអតិបរមា ពី ១ពាន់ ទៅ ២ពាន់ដុល្លារក្នុង១ម៉ែត្រការ៉េ ។
គេនៅពុំទាន់ដឹងថាតើរដ្ឋាភិបាលមានប្រតិកម្មយ៉ាងណាទៅនឹងសំណើនេះរបស់គណបក្សសិទ្ធិមនុស្សនៅឡើយទេ ៕
