លោក ស៊្រី ថាមរុង្គ ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរួមដំណើរទៅចូលរួមបើកការប្រកួតនោះដែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលដែលលោកនាយករដ្ឋមន្ត្រីចេញដំណើរយ៉ាងដូច្នេះថា ៖ «កម្មវិធីពេលទៅដល់ហ្នឹង ក្រោយទៅដល់សម្ដេចនាយករដ្ឋមន្រ្តីនឹងទៅជួបសំណេះសំណាលជាមួយនឹងឯកឧត្ដមនាយករដ្ឋមន្រ្តី ប៊ូសន បូផាវ៉ាន់ (Bouasone Bouphavanh) នៅឯទីស្ដីការគណៈរដ្ឋមន្រ្តី បន្ទាប់មកគឺជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ជុំម៉ាលី សៃយ៉ាសន ប្រធានរដ្ឋរបស់លាវ ប្រធានាធិបតីរបស់លាវ បន្ទាប់មកនៅពេលល្ងាចម៉ោងប្រហែល៦ សម្ដេចនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូនឹងចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី២៥ និងបន្ទាប់មកមានពិធីជប់លៀងដ៏ធំមួយដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្តីចំពោះភ្ញៀវដែលប្រមុខរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃប្រទេសដែលចូលក្នុងកីឡាស៊ីហ្គេមនេះ»។
លោកបានថ្លែងទៀតថា កីឡាករនិងកីឡាការិនីនៃប្រទេសកម្ពុជា ដែលបានចូលរួមនៅក្នុងការប្រកួតនៅឯប្រទេសលាវនោះមានចំនួន១២១នាក់ ដោយមានកីឡាករចំនួន៩០នាក់ កីឡាការិនី៣១នាក់ ហើយគ្រូបង្ហាត់និងអ្នកដឹកនាំកីឡាករ កីឡាការិនី គ្រូបង្ហាត់និងថ្នាក់ដឹកនាំគណៈប្រតិភូចំនួន៥៧នាក់ទៀត។
លោកថ្លែងទៀតថា កីឡាករកីឡាការិនីខ្មែរនឹងចូលរួមប្រកួតលើវិញ្ញាសាចំនួន១៩ ហើយប្រភេទកីឡាដែលកីឡាករកីឡាការិនីមានសក្តានុពលអាចដណ្តើមបានមេដាយមានប៉េតង់ តៃក្វាន់ដូ អត្តពលកម្ម ចម្បាប់ បាល់ទះឆ្នេរខ្សាច់ ប្រដាល់សកល វាយកូនបាល់និងកីឡាផ្សេងៗទៀត។
ការប្រកួតកីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែធ្នូ នៅឯទីក្រុងវៀងចាន់ ប្រទេសលាវ៕
