លោក ហ៊ុន សែន ប្រកាស​ដក​តំណែង​ឧត្តម​សេនីយ៍​ផ្កាយ​បី​ម្នាក់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី១៣ តុលា ប្រកាស​ជា​សាធារណៈ​ដក​តំណែង​ឧត្តម​សេនីយ៍​ផ្កាយ​បី និង​ជាទី​ប្រឹក្សា​ក្រសួង​មហាផ្ទៃ ឈ្មោះ លោក ឌឿន សុវណ្ណ ដោយ​សារ​តែ​ការ​ប្រើ​អំណាច​ក្នុង​ទំនាស់​ដីធ្លី។

0:00 / 0:00

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ឧត្តម​សេនីយ៍​ក្រសួង​មហាផ្ទៃ​រូប​នោះ មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ ៩គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​រូប​គាត់​បាន​ប្រើប្រាស់​តួនាទី​របស់​ខ្លួន ដោយ​ចេញ​លិខិត​គំរាម​កំហែង​អាជ្ញាធរ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដែល​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា លោក​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ឧត្តម​សេនីយ៍​ផ្កាយ​៣ និង​បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ តាម​ឃ្លាំ​មើល​កុំ​ឲ្យ​រត់​គេច​ខ្លួន​ថែម​ទៀត។

លោក ហ៊ុន សែន៖ «អា​ហ្នឹង​វា​ស្ថិត​នៅ​សមត្ថកិច្ច​របស់​អាជ្ញាធរ អាជ្ញាធរ​មាន​សិទ្ធិ​ឃុំ​មុន​បញ្ជូន​ទៅ​តុលាការ ទោះ​បី​ជា​ព្រះមហាក្សត្រ​មិន​ទាន់​ដក​តំណែង ក៏​យើង​មាន​សិទ្ធិ​ចាប់​ដែរ ហើយ​យុវជន​នេះ​មិន​មែន​អ្នក​ណា​មាន​សិទ្ធិ​ចេះ​តែ​ប្រើ​បាន​ទេ​ណា តំបន់​មាន​មីន​វា​ហ៊ាន​ប្រើ​គេ​ទៅ​វាស់​ដី?»

ការ​ប្រកាស​អំពី​បញ្ហា​នេះ បាន​ធ្វើឡើង​ក្នុង​ពេល​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​១៣ តុលា។ ឧត្តមសេនីយ៍​រូប​នេះ ជា​បុគ្គល​ទី៣​ហើយ ដែល​រដ្ឋាភិបាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ក្នុង​សំណុំ​រឿង​ទាក់​ទង​នឹង​និស្សិត​ចុះ​វាស់វែង​ដី បន្ទាប់​ពី​សំណុំ​រឿង​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។