មន្ត្រីរដ្ឋាភិបាលជាច្រើនស្ថាប័ន និងក្រុមអ្នកជំនាញបរទេសប្រមាណ ៣០០នាក់ កំពុងជួបប្រជុំគណៈកម្មការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់អង្គរ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) រយៈពេល ២ថ្ងៃ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះនឹងពិនិត្យទៅលើរបាយការណ៍ការងាររបស់ អាយ.ស៊ី.ស៊ី ឆ្នាំ២០១៣ កន្លងទៅ និងពិនិត្យទៅលើរបាយការណ៍របស់ស្ថាប័នអន្តរជាតិចំនួន ១១គម្រោង ដែលបានចូលរួមការពារថែរក្សា និងជួសជុលប្រាសាទបុរាណកាលពីឆ្នាំ២០១៣ ជាដើម។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក អ៊ឹម សុករិទ្ធី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៤ ខែមិថុនា ថា នៅថ្ងៃដំបូងនៃកិច្ចប្រជុំ អាយ.ស៊ី.ស៊ី លើកទី២៣ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានអាជ្ញាធរអប្សរា និងលោក រ៉ូម៉ាំង ឡូវិក (Romain Louvet) ទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំង និងលោក យូស៊ីហ៊ីរ៉ូ ហ៊ីគុចិ (Yoshihiro Higuchi) ដែលជាសហប្រធាននៃកិច្ចប្រជុំ និងស្មិងស្មាធិ៍គោរពដល់វិញ្ញាណក្ខន្ធស្ថាបត្យករបារាំង១រូប ស្ថាបត្យករជប៉ុន ២រូប ដែលធ្លាប់ចូលរួមជួសជុលប្រាសាទបុរាណខ្មែរជាច្រើនឆ្នាំ ហើយទើបតែចែកឋានទៅ។
លោក អ៊ឹម សុករិទ្ធី៖ «ឥឡូវនេះយើងកំពុងតែប្រជុំគណៈកម្មការបច្ចេកទេស វាដំណើរការបាន ១ព្រឹក ហើយស្អែក១ថ្ងៃទៀត។ យើងមានសមាជិករបស់គម្រោងនីមួយៗដែលកំពុងធ្វើចំនួន ១៩ប្រទេស អង្គការក្រៅរដ្ឋាភិបាលប្រហែលជា ៥០ស្ថាប័ន។ សូមបន្ថែមថា មានក្រសួងឯទៀត មានក្រសួងវប្បធម៌ ក្រសួងមហាផ្ទៃ មានក្រសួងបរិស្ថាន មានអាជ្ញាធរដែនដី ហើយយើងមានខាងសាសនាចូលរួម សរុបទៅប្រហែលជាជាង ៣០០នាក់»។
នៅថ្ងៃដំបូងនៃកិច្ចប្រជុំ អាយ.ស៊ី.ស៊ី លើកទី២៣ នេះ រដ្ឋាភិបាលនូវែលហ្សេឡង់ បានចុះហត្ថលេខាជាមួយអាជ្ញាធរអប្សរា ដោយផ្ដល់ជំនួយជាទឹកប្រាក់ ៣.៧លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងលើកស្ទួយសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់បេតិកភណ្ឌឱ្យមានសេដ្ឋកិច្ច និងជីវភាពធូរមួយកម្រិតទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
