រដ្ឋាភិបាលកម្ពុជា ក្រោយពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំនៅខេត្តឧត្តរមានជ័យ និងព្រះវិហារកាលពីខែមេសា បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ស្នើឲ្យតុលាការចេញវិធានការទប់ស្កាត់ការវាយប្រហាររបស់កងទ័ពថៃ។ រដ្ឋាភិបាលខ្មែរក៏បានស្នើឲ្យតុលាការធ្វើការបកស្រាយសាលក្រមខ្លួនកាលពីឆ្នាំ១៩៦២ ផងដែរ។
ទីភ្នាក់ងារព័ត៌មាន អា.អែហ្វ.ប៉េ (AFP) ផ្សាយនៅថ្ងៃអង្គារ ទី៣១ ឧសភា ថា ក្នុងសវនាការកាលពីថ្ងៃទី៣០ ឧសភា រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង បានសុំឲ្យតុលាការចេញវិធានការបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ។ លោកបានប្រាប់ក្រុមប្រឹក្សាចៅក្រមតុលាការទាំង ១៦រូបថា ថៃមានភារកិច្ចក្នុងការដកកងទ័ពខ្លួនចេញពីតំបន់ក្បែរប្រាសាទ និងប្រាសាទព្រះវិហារ។
អ្នកតំណាងឲ្យរដ្ឋាភិបាលថៃ កាលពីថ្ងៃច័ន្ទ ទី៣០ ឧសភា បានដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលខ្មែរ ដោយលើកឡើងថា រដ្ឋាភិបាលថៃ មិនជំទាស់ទៅនឹងសាលក្រមតុលាការទេ ប៉ុន្តែថៃបញ្ជាក់ថា តុលាការគ្មានយុត្តាធិការទៅលើតំបន់ជម្លោះ ៤,៦គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារ។
មន្ត្រីតុលាការឲ្យដឹងថា ចៅក្រមនឹងបើកសវនាការបន្ថែមមួយថ្ងៃទៀតនៅថ្ងៃអង្គារនេះ ហើយតុលាការនឹងធ្វើសេចក្ដីសម្រេចរបស់ខ្លួន៕
