នៅ​សៀមរាប ជន​ល្មើស​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ

អភិបាល​ខេត្ត​សៀមរាប បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ក៏​មាន​ក្រុម​ឈ្មួញ​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​សៀមរាប កំពុង​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​នាំ​យក​ទៅ​លក់​ផង​ដែរ។

អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​អាជ្ញាធរ​ខេត្ត​នឹង​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដើម្បី​ចុះ​បង្ក្រាប ៖ «ជា​រួម ជា​ច្បាប់ ខេត្ត​មិន​មាន​សិទ្ធិ​ទេ គឺ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​និង​ក្រសួង​កសិកម្ម​យើង ដែល​គេ​ឲ្យ​ដឹក​ទៅ​ណា​មក​ណា​តាម​ច្បាប់​តាម​ទម្លាប់​របស់​គេ។ និយាយ​ឲ្យ​ខ្លី យើង​រួមគ្នា​សហការ ថ្ងៃ​ហ្នឹង​ខ្ញុំ​ឲ្យ​គេ​ចុះ​ទៅ​ហើយ​ដើម្បី​ចាត់ចែង​ការងារ​ហ្នឹង។ ឆ្លៀត​ឱកាស​អ៊ីចឹង​ហើយ ពេល​ភ្ជុំ​អី​អ៊ីចឹង។ បង​នឹង​ចាត់ចែង​កិច្ចការ​ឲ្យ​បាន​ត្រឹមត្រូវ»

យោង​តាម​ប្រជាសហគមន៍​នៃ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ឲ្យ​ដឹង​គឺ​ឈ្មួញ​កំពុង​កាប់​ឈើ​យ៉ាង​ពេញ​ទំហឹង​នៅ​តំបន់​នោះ ក្រោម​រូបភាព​លាក់​កំបាំង​ខ្លះ​និង​ចំហ​ខ្លះ ហើយ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​ទាន់​មាន​ចាត់​វិធានការ ឲ្យ​បាន​តឹង​រ៉ឹង ក្នុង​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នោះ​នៅ​ឡើយ​ទេ៕