ពាក់ព័ន្ធបទល្មើសនេះ ប្រជាពលរដ្ឋចោទថា ឈ្មួញល្មើសព្រៃឈើភាគច្រើនជាមន្ត្រីជំនាញបម្រើការតាមស្ថាប័នប្រដាប់អាវុធខេត្តក្រចេះ នោះតែម្ដង។
ប្រជាពលរដ្ឋរស់នៅស្រុកស្នួល បានចោទអាជ្ញាធរប៉ូលិស កងរាជអាវុធហត្ថ មន្ត្រីយោធា និងមន្ត្រីស្ថាប័នជំនាញផ្សេងទៀត នាខេត្តក្រចេះ ថាជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើអនាធិបតេយ្យក្នុងមូលដ្ឋាននេះ។
ពលរដ្ឋមិនបញ្ចេញឈ្មោះម្នាក់ ក្នុងចំណោមពលរដ្ឋច្រើនទៀត រស់នៅខេត្តក្រចេះ ឲ្យដឹងថា បទបញ្ជាលុបបំបាត់បទល្មើសព្រៃឈើដែលប្រមុខដឹកនាំដាក់ចេញ មន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាមទេ និងថែមទាំងជាអ្នកបង្កបទល្មើសព្រៃឈើដោយខ្លួនឯងទៅវិញ។
ប្រភពឲ្យដឹងថា បទល្មើសព្រៃឈើនេះ មានមន្ត្រីយោធាខេត្តក្រចេះ ខ្លះ ក្នុងរយៈពេលពីរបីថ្ងៃមកនេះ បានយករថយន្តមានស្លាកសញ្ញា (ខ.ម) ពណ៌ត្រេអ៊ី ឬពណ៌ទាហាន ដើម្បីដឹកឈើចេញពីខេត្តតាមច្រកនានា ជាពិសេសចេញតាមស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ពលរដ្ឋបានឲ្យដឹងទៀតថា អ្នកដែលអាចប្រព្រឹត្តបទល្មើសព្រៃឈើនៅខេត្តក្រចេះ នេះបាន គឺដោយសារតែសមត្ថកិច្ចជំនាញទទួលសំណូកពីឈ្មួញល្មើសព្រៃឈើ៖ «យប់ណាក៏ចេញឈើដែរ តាមរថយន្ត ប៉ុន្តែខាងប៉ូលិស-ប៉េអឹម គាត់មកយាមដែរ តែគាត់មកស៊ីលុយគេ មិនបានទប់ស្កាត់បទល្មើសព្រៃឈើទេ។ ផ្លូវឥឡូវឡើងរូង ដឹកឈើសុទ្ធតែអាដំរី និងអារ៉ាល់ គឺដឹកម្តងៗពីដប់ទៅម្ភៃគូប។ ឡានប៉េអឹមអីហ្នឹងគាត់នៅយាមនៅយកលុយ។ ឥឡូវបង់ឲ្យគ្រប់ស្ថាប័នគេអ្នករកស៊ី គេនៅតែរកស៊ី គេសម្រុះសម្រួលគ្នាត្រូវរ៉ូវអស់ទៅហើយ»។
ពលរដ្ឋខេត្តក្រចេះ សោកស្ដាយដែលបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីការបង្ក្រាបបទល្មើសព្រៃឈើ មិនត្រូវបានមន្ត្រីក្រោមឱវាទយកទៅអនុវត្តតាម។
ឆ្លើយតបនឹងការចោទប្រកាន់លើបញ្ហានេះ លោក ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តក្រចេះ ធ្លាប់បានបដិសេធថា គ្មានបទល្មើសព្រៃឈើកើតមាននៅមូលដ្ឋានលោកទេ ដោយសារខេត្តក្រចេះ មិនមានព្រៃឈើសេសសល់ច្រើនទេ។ លោកបន្តថា កន្លងមកមានបទល្មើសព្រៃឈើខ្លះ ត្រូវឈ្មួញដឹកពីខេត្តផ្សេងៗ ដោយឆ្លងកាត់ខេត្តក្រចេះ និងមានរថយន្តដឹកឈើខ្លះមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទោះជាបែបនេះក្តី លោក ឈឹម សាវុធ មន្ត្រីស៊ើបអង្កេតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា បទល្មើសព្រៃឈើដែលធ្វើសកម្មភាពនៅកម្ពុជា ឬនៅខេត្តក្រចេះ ជាដើម មានលក្ខណៈជាប្រព័ន្ធពីថ្នាក់ក្រោមដល់លើ។
លោកថា វាគ្មានប្រយោជន៍ទេដែលប្រមុខដឹកនាំចេញបទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ ព្រោះមន្ត្រីរបស់លោកមិនយកទៅអនុវត្តតាមឡើយ៖ «ការដឹកនេះមិនមែនទើបតែឥឡូវទេ គឺដឹកស្ទើរអត់ឈើពីស្រុកខ្មែរទៅហើយ។ អ៊ីចឹងខ្ញុំគិតការប្រកាស ឬចេញជាបទបញ្ជារហូតដល់ចេញជាច្បាប់ពាក់ព័ន្ធនឹងព្រៃឈើ គឺគ្មានប្រសិទ្ធភាពណាមួយទេ ហើយឈើនៅដែនជម្រកសត្វព្រៃនៅស្នួល ទាំងព្រៃសហគមន៍ហ្នឹង ស្ទើរតែរលាយហើយ រលាយក៏ក្នុងពេលឆាប់ៗហ្នឹងដែរ អត់យូរទេនៅតំបន់ហ្នឹង។ ព្រោះឥឡូវហ្នឹងការសម្រុកកាប់ឈើជារឿងមួយផ្សេង ការសម្រុកកាប់ព្រៃដើម្បីរុករានដីព្រៃធ្វើចម្ការពីសំណាក់ឈ្មួញ ពីសំណាក់ក្រុមជនប្រដាប់អាវុធ កើតមានយ៉ាងអនាធិបតេយ្យពេញទំហឹង ហើយគ្មានអ្នកទប់ស្កាត់ទេ»។
លោក ឈឹម សាវុធ អះអាងថា បទល្មើសព្រៃឈើដែលធ្វើសកម្មភាពស្ទើររលាយព្រៃឈើនៅកម្ពុជា មិនមែនពលរដ្ឋសាមញ្ញទេ គឺជនល្មើសស្ថិតក្នុងស្ថាប័នប្រដាប់អាវុធតាមខេត្តនីមួយៗ។ លោកចោទថា អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ អាចធ្វើសកម្មភាព ឬឆ្លងកាត់ខេត្តក្រចេះ ភាគច្រើន មានឈ្មោះក្នុងអង្គភាពយោធា ឬកងរាជអាវុធហត្ថជាដើម។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាទៅមន្ត្រីក្រោមឱវាទតាមខេត្ត ក្រុង នានា ឲ្យបង្ក្រាបបទល្មើសដែលលោកបានដាក់ចេញឲ្យមានប្រសិទ្ធភាព។ ក្នុងនោះមានដូចជា ត្រូវបង្ក្រាបកុងត្រូលជជុះ លុបបំបាត់បទល្មើសនេសាទ និងលុបបំបាត់បទល្មើសព្រៃឈើជាដើម។
ជាងនេះទៅទៀត លោកបានព្រមានចាត់វិធានការក្ដៅ ឬធ្វើឃាតខ្លួនឯង បើបទបញ្ជារបស់លោកអនុវត្តមិនមានប្រសិទ្ធភាព៖ «បើសិនធ្វើអ្វីមួយ ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនមកបោកទេ ហើយខ្ញុំក៏មិនចេះបោក។ ហ៊ុន សែន គឺអត់ចេះបោក ហ៊ុន សែន ប្រែមកថា ត្រង់។ សូមសាកលមើលទៅ បើមិនគោរព ក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហានកាត់កខ្ញុំក្រវាត់ចោល»។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានស្នើដល់លោកនាយករដ្ឋមន្ត្រី ឲ្យជួយរំលឹកទៅសមត្ថកិច្ចក្រោមឱវាទតាមខេត្ត ក្រុង នានា ឲ្យអនុវត្តបទបញ្ជាដែលបានដាក់ចេញជាថ្មីទៀតឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
