ប្រជាសហគមន៍ជនជាតិដើមភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ចោទប្រកាន់មន្ត្រីប៉ូលិសស្រុកម្នាក់ គឺលោក អ៊ុង ស៊ួយ ថា បានគំរាមប្រើអំណាចចាប់ចងអ្នកភូមិដែលបានរួមគ្នាស្នាក់ឃាត់ការដឹកជញ្ជូនឈើធ្នង់មួយគោយន្តដោយខុសច្បាប់។
តំណាងអ្នកភូមិឈ្មោះ រម៉ាម ណាង បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០១០ ថា អ្នកភូមិមានគ្នាជាង១០នាក់បានស្ទាក់ឃាត់រថយន្តដឹកឈើខុសច្បាប់នោះនៅចំណុចចុងភូមិឡែ កាលពីវេលាម៉ោង២រសៀលថ្ងៃសៅរ៍ ទី៦ ខណៈពេលមន្ត្រីប៉ូលិសខាងលើបានដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវក្នុងភូមិធ្វើឲ្យខូចផ្លូវ។
គាត់បន្តថា អ្នកភូមិត្រូវការរៃអង្គាសប្រាក់ដើម្បីជួលជុលផ្លូវនោះ ក៏ប៉ុន្តែមន្ត្រីប៉ូលិសមិនព្រមឲ្យអ្នកភូមិស្ទាក់រថយន្តនោះបានទេ ដោយគំរាមប្រើអំណាចចាប់ចងមកលើអ្នកភូមិធ្វើឲ្យពួកគាត់ភ័យខ្លាច ហើយនាំគ្នាផ្តល់របាយការណ៍នេះជូនមន្ត្រីថ្នាក់ឃុំដើម្បីជួយការពារសុវត្ថិភាពអ្នកភូមិ។
ចំណែកលោក អ៊ុង ស៊ួយ ឆ្លើយតបវិញថា លោកមិនបានដឹកឈើធ្វើជំនួញខុសច្បាប់អ្វីទេ លោកដឹកឈើដើម្បីធ្វើទ្វារបង្អូចផ្ទះផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយក៏បានបង់ប្រាក់ឲ្យប្រធានសហគមន៍រួចផងដែរ។ លោកថា ក្រុមសហគមន៍មិនបានយកប្រាក់ធ្វើផ្លូវទេ គឺយកប្រាក់ជាប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ៗទើបកើតរឿងនេះឡើង។
មេឃុំលំជ័រ លោក សេវ ថ្វាន មានប្រសាសន៍ថា ផ្លូវលំក្នុងភូមិត្រូវគេប្រើប្រាស់សម្រាប់ដឹកឈើខុសច្បាប់ជាច្រើនខែមកហើយ។ លោកបញ្ជាក់ថា ប្រសិនមន្ត្រីប៉ូលិសព្រមបង់ប្រាក់ឲ្យសហគមន៍គឺមិនមានបញ្ហាទេ។
មន្រ្តីព្រៃឈើឲ្យដឹងថា សហគមន៍មិនមានសិទ្ធិទារប្រាក់ពីការដឹកជញ្ជូនឈើប្រណីតដែលច្បាប់ហាមឃាត់នោះទេ គឺត្រូវរាយការណ៍មកក្រុមជំនាញព្រៃឈើ ឬសមត្ថកិច្ចនៅមូលដ្ឋានដើម្បីធ្វើការបង្ក្រាប៕
