អតិផរណា​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃ​នេះ ផ្សាយ​ថា អតិផរណា ឬ ការ​ឡើង​ថ្លៃ​ទំនិញ​សព្វ​សារពើ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​គឺ​ការ​បែង​រំលែក​អំណាច​គ្រប់គ្រង​រដ្ឋបាល​ទៅ​ថ្នាក់​មូលដ្ឋាន ចេញ​ពី​ការ​ប្រមូល​ផ្តុំ​នៅ​ក្នុង​រដ្ឋាភិបាល។

ក្នុង​របាយការណ៍​មួយ ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​ផ្នែក​ចាត់​ចែង​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ គេ​បាន​រំឭក​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​រហ័ស បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​ការងារ​កែ​ទម្រង់​របៀប​គ្រប់គ្រង​ប្រទេស​នេះ។

លោក ង៉ាន ចំរើន អនុប្រធាន​គណៈកម្មាធិការ​នេះ ប្រាប់​កាសែត​ថា រដ្ឋាភិបាល​រួម​នឹង​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន ២០​ទៀត បាន​ចំណាយ​ថវិកា​ពី ៧៥ ទៅ ៨០​លាន​ដុល្លារ រៀងរាល់​ឆ្នាំ ក្នុង​ការអនុវត្ត​ឲ្យ​សម្រេច​ទិសដៅ​ក្នុង​កម្មវិធី​ជាតិ​នេះ តាម​ឃុំ​ទាំង ១.៦២១​ឃុំ៕