គ្រួសារ​ជន​រង​គ្រោះ​នឹង​​ប្ដឹង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ពី​ការ​បាញ់​ច្រឡំ

គ្រួសារ​យុវជន​ម្នាក់​ដែល​រង​ការ​បាញ់​ច្រឡំ បណ្ដាល​ឲ្យ​រង​របួស​ជើង ដោយ​ប៉ូលិស​មួយ​ក្រុម​នៅ​ខេត្ត​កំពង់ចាម កាល​ពី​១​សប្ដាហ៍​កន្លង​ទៅ គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ ដើម្បី​រក​យុត្តិធម៌ និង​សំណង​នៃ​ការ​ព្យាបាល បន្ទាប់​ពី​រូប​គាត់ និង​ក្រុម​គ្រួសារ​រង​ការ​គំរាម​ជា​ច្រើន​ដង។

0:00 / 0:00

យុវជន​ម្នាក់​នៅ​ក្រុង​សួង ខេត្ត​កំពង់ចាម ត្រូវ​បាន​ប៉ូលិស​បាញ់​ឲ្យ​របួស​ជើង កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ក្នុង​ពេល​ដែល​យុវជន​នោះ​បាន​ជិះ​ម៉ូតូ​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​របស់​ប៉ូលិស ដែល​កំពុង​ចាំ​ស្ទាក់​ចាប់​មុខ​សញ្ញា​ប្លន់ ត្រូវ​ប៉ូលិស​អះអាង​ថា ជា​ការ​ច្រឡំ​ដោយ​អចេតនា។

យុវជន ឃួន ណារិន អាយុ ២១​ឆ្នាំ បាន​ផ្ទល់​សម្ភាសន៍​ពី​មន្ទីរពេទ្យ​ខេត្ត​ថា ខ្លួន និង​គូកន​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះ​នៅ​សល់​ប្រមាណ​ពី ២ ទៅ ៣​ម៉ែត្រ​ដល់​កន្លែង​ត្រួត​ពិនិត្យ ប៉ូលិស​ជា​ច្រើន​នាក់​បាន​ច្របាច់​ពិល​ចេញ​ពី​ទី​ពួន ហើយ​ឃាត់ ដែល​ខ្លួន​ថា មិន​អាច​ទប់​ល្បឿន​បាន ក៏​បណ្ដាល​ឲ្យ​ប៉ូលិស​បាញ់​តែម្ដង។

យុវជន ឃួន ណារិន ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​បាញ់ ខ្ញុំ​បន្ថែម​ល្បឿន​តែម្ដង​ទៅ។ គេ​ថា ពួក​អា​ចោរ ពួក​អ្ហែង​សម​មុខ​ហើយ បន្ទាប់​មក​គេ​បាញ់​ចំនួន ២​គ្រាប់​ទៀត​គំរាម ។ ទាត់​ខ្ញុំ​មួយ​ជើង។ អ្នក​ទាត់​ខ្ញុំ​ហ្នឹង​ឈ្មោះ ឆាយ ភឿន គេ​ថា ខ្ញុំ​ជិះ​បុក​បារាស​គេ បើ​បារាស​គាត់​អត់​មាន​ដាក់​សញ្ញា​ពី​ចម្ងាយ​ផង»

លោក ឃួន ណារិទ្ធ ជា​ឪពុក​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា លោក​ចង់​ប្ដឹង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ព្យាបាល​កូន និង​ជួយ​សង​ការ​ខូច​ខាត​ម៉ូតូ​តែ​មិន​ហ៊ាន ដោយ​គេ​បាន​ឲ្យ​លោក​ផ្ដិត​មេដៃ​ថា​មិន​ប្តឹង តែ​ក្រោយ​មក​ដោយ​ទទួល​ពាក្យ​គំរាម​ជា​ច្រើន​ពី​ប៉ូលិស ដែល​ថា នឹង​ចាប់​កូន​មក​ដាក់​គុក​វិញ​បើ​នៅ​តែ​ប្ដឹង​នោះ ទើប​លោក​សម្រេច​ថា​ប្ដឹង​វិញ។

លោក ឃួន ណារិទ្ធ មាន​ប្រសាសន៍​ថា ៖ «ពី​ម្សិលម្ង៉ៃ​នោះ​គំរាម​កំហែង​ខ្ញុំ​ថា បើ​អ្ហែង​ប្ដឹង​មិន​ឈ្នះ​អញ​ទេ ព្រោះ​អញ​ជា​ក្រសួង​សមត្ថកិច្ច កូន​អ្ហែង​ជិះ​ហៅ​មិន​ឈប់ អញ​ត្រូវ​បាញ់​អ៊ីចឹង ចោទ​ថា កូន​អ្ហែង​ចោរ​ក៏​បាន​ដែរ។ គេ​បន្ត​ទៀត​ថា អ្ហែង​ប្ដឹង​យ៉ាង​ម៉េច​ក៏​មិន​ឈ្នះ​អញ​ដែរ ព្រោះ​អញ​អ្នក​ធ្វើ​ការ សែ​អញ​ក៏​អ្នក​ធំ​ដែរ បើ​អ្ហែង​ប្ដឹង ម៉ូតូ​ហ្នឹង​អញ​អត់​ឲ្យ ហើយ​កូន​អ្ហែង​អញ​យក​មក​ដាក់​ខ្នោះ​វិញ»

លោក លាង អេង អធិការ​ក្រុង​សួង បាន​បំភ្លឺ​ថា លោក​បាន​រៀបចំ​ជា​របាំង​បី​កន្លែង​នៅ​កន្លែង​នៅ​ចំណុច​មុខ​ហាង​លំអង​មាស ក្បែរ​ផ្លូវ​បត់​ចូល​វត្ត​វិហារ​ខ្ពស់ ឃុំ​សួង កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​មុខ​សញ្ញា​ចោរ​ប្លន់​ឆ្លង​កាត់​ទី​នោះ លុះ​ប្រមាណ​ជា​ម៉ោង​ជាង ៨ ក៏​មាន​ម៉ូតូ​ពីរ​គ្រឿង​ឆ្លង​កាត់ ដោយ​មិន​ឈប់ ថែម​ទាំង​បាញ់​ទៅ​លើ​ប៉ូលិស​ម្នាក់​ឲ្យ​របួស​ជើង​ជា​ទម្ងន់ ហើយ​ប៉ូលិស​ក៏​បាញ់​ទៅ​លើ​ម៉ូតូ ណារិន វិញ ដោយ​ងងឹត​មើល​មិន​ដឹង​ច្បាស់ ហើយ​ថា ជា​រឿង​អចេតនា​បែប​នេះ ប៉ូលិស​មិន​ទទួល​សង​ការ​ខូច​ខាត​នោះ​ឡើយ។

លោក លាង អេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ម៉ូតូ​មក​ទាំង​ពីរ។ ម៉ូតូ​មួយ​នោះ​បាញ់​ប៉ូលិស​ខ្ញុំ​បាក់​ជើង ដល់​ប៉ូលិស​បាញ់​ម៉ូតូ​មួយ​ដែល​មក​ជាមួយ​គ្នា​ហ្នឹង ហៅ​មិន​ឈប់​ទាំង​ពីរ​នាក់​ទាំង​កូន​គាត់​អី​ហ្នឹង អ៊ីចឹង​ប៉ូលិស​ខ្ញុំ​ត្រូវ​បាញ់​វិញ ដល់​បាញ់​ទៅ​ត្រូវ​កូន​គាត់។ នេះ​ជា​អចេតនា​ទេ បើ​សិន​ជា​ប៉ូលិស​ខ្ញុំ​ទៅ​បាញ់​គេ​ទាំង​ស្រស់​នោះ ខ្ញុំ​ត្រូវ​តែ​សង​គាត់​ហើយ។ កូន​ហ្នឹង​ខុស គឺ​បទ​ល្មើស ប៉ូលិស​ខ្ញុំ​ហៅ​ ៣​ដំណាក់​ហើយ​អត់​ឈប់។ ឪពុក​វា​មក​សំណូមពរ​ថា មិន​មាន​អ្វី​ប្ដឹង​ផ្ដល់​ទេ គាត់​សុំ​ទោស​ថា កូន​គាត់​ខុស វា​ចប់​ហើយ​ទេ​តើ ឥឡូវ​ទៅ​ជា​ប្ដឹង​ផ្ដល់​យ៉ាងម៉េច​វិញ?»

ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក៏ដោយ ក៏​លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ហាក់​ដូច​ជា​បាន​ទម្លាក់​ទម្ងន់​ទាំង​នេះ​ទៅ​លើ​ប៉ូលិស​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់ ៖ «នេះ​សំណាង​ហើយ​មិន​ស្លាប់ ចុះ​បើ​ស្លាប់​វិញ​យ៉ាង​ម៉េច? សុំ​ទោស​ដែរ? គោរព​អនុវត្ត​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​រឿង​ព្រហ្មទណ្ឌ ទាំង​ចេញ​សំណង​រដ្ឋប្បវេណី ទាំង​ការ​ដាក់​ពិន័យ​ផ្សេងៗ​ទៀត​ដែល​បាន​ប្រើ​អាវុធ​ខុស​ច្បាប់»

លោក ចាន់ សុវ៉េត បន្ថែម​ថា បើ​ប្រជាពលរដ្ឋ​មាន​ការ​ខ្លាច​រអា​ថ្ងៃ​ក្រោយ​គេ​នឹង​គំរាម​កំហែង​លើស​នេះ​ទៀត ប៉ុន្តែ​បើ​មាន​ពាក្យ​បណ្ដឹង​ដល់​តុលាការ​លើ​ករណី​ប្រើ​អាវុធ​ខុស​ច្បាប់ គេ​នឹង​ចាត់​វិធាន​ការ​ហើយ៕