ក្រុម​វិនិយោគិន​មាន​ទំនុក​ចិត្ត​ក្រោយ​ពេល​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត

ក្រុម​វិនិយោគិន​និង​អាជីវករ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​បាន​សម្ដែង​ក្តី​សង្ឃឹម​ថា កំណើន​សេដ្ឋកិច្ច​ពិត​ជា​កើន​ទៅ​មុខ បន្ទាប់ពី​បក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​នោះ ។

លោក ចាន់ សុផល នាយក​សមាគម​សេដ្ឋកិច្ច​កម្ពុជា ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​មួយ​ដឹកនាំ​ដោយ​មេ​ដឹកនាំ​ដដែល គឺ​ជា​រដ្ឋាភិបាល​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​ធ្វើ​អាជីវកម្ម​និង​ជំនួញ ។

អ្នក​ខ្លះ​ទៀត​ថា​គេ​ចង់​បាន​ស្ថិរភាព​ទើប​គេ​ហ៊ាន​ដាក់​ទុន​រកស៊ី ប៉ុន្តែ​សមាជិក​សភា​ពី​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​ជាង​២០​ឆ្នាំ​មក​ហើយ គេ​ឃើញ​ភាព​ក្រីក្រ​នៅតែ​ខ្ពស់ អំពើ​ពុករលួយ អតិផរណា ការច្បាម​ចាប់​យក​ដី ការកាប់​ព្រៃ​ឈើ និង​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ នៅតែ​មាន​ដដែល ៕