សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ចុះថ្ងៃទី៦ ខែកុម្ភៈ បានឲ្យដឹងថា ជប៉ុននឹងរៀបចំបើកមហោស្រពមានឈ្មោះថា គីហ្សូណា ជប៉ុន-កម្ពុជា (Japan Cambodia Kizuna) ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រុងភ្នំពេញ វេលាម៉ោង ៦ល្ងាច។
មហោស្រពនេះក៏មានការប្រគំតន្ត្រីពិសេសរបស់ក្រុមតន្ត្រីករ អោន (AUN) ជាក្រុមតន្ត្រីករផ្នែកឧបករណ៍តន្ត្រីបុរាណជប៉ុន ដ៏ល្បីល្បាញលើពិភពលោក និងការប្រគំតន្ត្រីសម័យទំនើបរបស់ក្រុមរ៉ាម វ៉ាយអឺ (RAM WIRE) ជាក្រុមតន្ត្រីមានប្រជាប្រិយភាពបំផុតនៅជប៉ុន។
ស្ថានទូតជប៉ុន ក៏បានឲ្យដឹងថា មហោស្រពនេះក៏មានចាក់បញ្ចាំងខ្សែភាពយន្តរបស់ជប៉ុន មានចំណងជើងថា «យើងមិនអាចផ្លាស់ប្ដូរពិភពលោកនេះបានក៏ពិតមែន ប៉ុន្តែយើងគ្រាន់តែចង់សាងសង់សាលាមួយនៅកម្ពុជា»។
ខ្សែភាពយន្តនេះនិពន្ធឡើងផ្អែកលើទិដ្ឋភាពជាក់ស្ដែងរបស់និស្សិតជប៉ុន ដែលបានសាងសង់អគារសិក្សាមួយក្នុងប្រទេសកម្ពុជាកន្លងមក ហើយថា ខ្សែភាពយន្តនេះសម្ដែងដោយលោក អូសាមូ មូកៃ ជាឯកអគ្គរាជទូតសុឆន្ទៈរវាងជប៉ុន និងកម្ពុជា៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
