ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​រៀបចំ​មហោស្រព​គីហ្សូណា​ជប៉ុន-​កម្ពុជា ឆ្នាំ​២០១២

ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ត្រៀម​បង្ហាញ​វប្បធម៌​បុរាណ និង​ទំនើប​របស់​ខ្លួន ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ជប៉ុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ជប៉ុន​នឹង​រៀប​ចំ​បើក​មហោស្រព​មាន​ឈ្មោះ​ថា គីហ្សូ​ណា ជប៉ុន-​កម្ពុជា (Japan Cambodia Kizuna) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ក្រុង​ភ្នំពេញ វេលា​ម៉ោង ៦​ល្ងាច។

​មហោស្រព​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ពិសេស​របស់​ក្រុម​តន្ត្រីករ អោន (AUN) ជា​ក្រុម​តន្ត្រីករ​ផ្នែក​ឧបករណ៍​តន្ត្រី​បុរាណ​ជប៉ុន ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​ការ​ប្រគំ​តន្ត្រី​សម័យ​ទំនើប​របស់​ក្រុម​រ៉ាម វ៉ាយអឺ (RAM WIRE) ជា​ក្រុម​តន្ត្រី​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ជប៉ុន។

ស្ថានទូត​ជប៉ុន ក៏​បាន​ឲ្យ​ដឹង​ថា មហោស្រព​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​របស់​ជប៉ុន មាន​ចំណង​ជើង​ថា «យើង​មិន​អាច​ផ្លាស់ប្ដូរ​ពិភពលោក​នេះ​បាន​ក៏​ពិត​មែន ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​សាងសង់​សាលា​មួយ​នៅ​កម្ពុជា»

ខ្សែ​ភាពយន្ត​នេះ​និពន្ធ​ឡើង​​ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្ដែង​របស់​និស្សិត​ជប៉ុន ដែល​​បាន​សាងសង់​អគារ​សិក្សា​មួយ​​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក ហើយ​ថា ខ្សែ​ភាពយន្ត​នេះ​សម្ដែង​ដោយ​លោក អូសាមូ មូកៃ ជា​ឯកអគ្គ​រាជទូត​សុឆន្ទៈ​រវាង​ជប៉ុន និង​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។