ស្ថានទូតជប៉ុន នៅប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសផ្ដល់ប្រាក់ជំនួយឥណសំណងចំនួនជាង ១.២សែនដុល្លារអាមេរិក ឲ្យអាជ្ញាធរឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីសាងសង់កំពង់ចំលងថ្មី ធ្វើពីស៊ីម៉ងត៍បេតុង ជំនួសកំពង់ចំលងចាស់ដែលទ្រុឌទ្រោម ធ្វើពីឈើជាច្រើនទសវត្សមកហើយ។
២២-កុម្ភៈ-២០១២៖ តំណាងស្ថានទូតជប៉ុននៅកម្ពុជា លោក កាវ៉ាម៉ូរ៉ា ហ៊ីរ៉ូហ្ស៊ី (Kawamura Hiroshi) [ឆ្វេង] ចាប់ដៃជាមួយមេឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក សួស ស៊ីផៃ នៅស្ថានទូតជប៉ុន នារាជធានីភ្នំពេញ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខារវាងនាយករងនៃបេសកកម្មស្ថានទូតជប៉ុន នៅកម្ពុជា គឺលោក កាវ៉ាម៉ូរ៉ា ហ៊ីរ៉ូហ្ស៊ី (Kawamura Hiroshi) ជាមួយមេឃុំតាជេស លោក សួស ស៊ីផៃ នៅឯស្ថានទូតជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២។
កំពង់ចំលងថ្មីនេះ គឺជាគម្រោងអភិវឌ្ឍន៍លើកដំបូងនៅដើមឆ្នាំ២០១២ នេះ ដើម្បីជួយសំរួលចរាចរណ៍ និងការធ្វើដំណើរប្រចាំថ្ងៃបានងាយស្រួលពេញមួយឆ្នាំ ទោះបីជានៅរដូវវស្សា និងរដូវប្រាំងក៏ដោយ។
មានប្រជាពលរដ្ឋខ្មែរចំនួនជាង ២៨.០០០នាក់ នៅក្នុងឃុំចំនួន៤ ឆ្លងកាត់ទន្លេសាបតាមរយៈកំពង់ចំលងថ្មីនេះជារៀងរាល់ថ្ងៃ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គំរោងការសាងសង់នោះ គឺក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្ដើមសាងសង់នាពេលឆាប់ៗនេះ។
នាយករងនៃបេសកកម្មស្ថានទូតជប៉ុននៅកម្ពុជា គឺលោក កាវ៉ាម៉ូរ៉ា ហ៊ីរ៉ូហ្ស៊ី (Kawamura Hiroshi) បានមានប្រសាសន៍នៅស្ថានទូតជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ថា គំរោងការសាងសង់កំពង់ចំលងថ្មីនេះ ផ្តល់ការងាយស្រួលដល់សិស្សសាលា និងប្រជាពលរដ្ឋខ្មែរឆ្លងកាត់ទន្លេសាប មកមណ្ឌលថែទាំសុខភាព នៅទីរួមខេត្តកំពង់ឆ្នាំង។
លោក កាវ៉ាម៉ូរ៉ា ហ៊ីរ៉ូហ្ស៊ី៖ «កំពង់ចំលងថ្មីនេះ ជំរុញឲ្យមានសកម្មភាពសេដ្ឋកិច្ច និងកែប្រែមុខមាត់ថ្មីសំរាប់តំបន់ជុំវិញនោះ។ ខ្ញុំសង្ឃឹមថា គំរោងសាងសង់កំពង់ចំលងថ្មីនេះ នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា»។
ទាក់ទងនឹងការសាងសង់កំពង់ចំលងថ្មីនេះ មេឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក សួស ស៊ីផៃ អាយុ ៥១ឆ្នាំ បានមានប្រសាសន៍ថា កំពង់ចំលងចាស់នាពេលនេះ គឺចាស់ទ្រុឌទ្រោមណាស់ទៅហើយ និងបង្កការពិបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង៖ «ស្រឡាង ទូក ត្រូវបុកច្រាំងទាំងអស់។ បុកច្រាំងដើម្បីធ្វើដំណើរឡើងមក ហើយពេលណាចំពេលភ្លៀង វារអិលមិនអាច... ឡានមិនអាចឡើងបានទេ ហើយសូម្បីតែម៉ូតូ និងក្របីយន្តដែលធ្វើការឆ្លងកាត់ គឺថា ឡើងម្តងៗ ...ឡើងផ្សែងត្រង់ ហើយត្រូវមានមនុស្សជួយរុញតាមក្រោយ។ ...តាមមើលតាមប្លង់របស់ក្រសួងសាធារណការបានបង្ហាញ គឺថា ច្រាំងឡើងនេះត្រូវធ្វើពីបេតុង អ៊ីចឹងមធ្យោបាយដែលត្រូវឲ្យរថយន្តបរឡើងបាន គឺមានជម្រាល ងាយក្នុងការបរឡើង ហើយមានជណ្ដើរសំរាប់ថ្មើរជើងក្នុងការជញ្ជូនអីវ៉ាន់ទៀត»។
លោកបានបញ្ជាក់ថា កំពង់ចំលងថ្មីដែលសាងសង់នាពេលខាងមុខនេះ ជួយដល់ការដឹកជញ្ជូន និងការធ្វើដំណើរប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ និងទៅខេត្តដទៃទៀត។
ដោយឡែកធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រកាសថា ខ្លួនគាំទ្រគំរោងការសាងសង់ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងខេត្តក្រីក្របំផុតនៅប្រទេសកម្ពុជា។
គំរោងនោះគឺជាផ្នែកមួយនៃគំរោងដែលមានតំលៃសរុបចំនួន ៦៩លានដុល្លារអាមេរិកដែលបានចុះហត្ថលេខា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ រវាងអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ស្ទីហ្វិន ហ្គ្រូវ (Stephen Groff) ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់។
ផ្លូវថ្នល់ដែលនឹងសាងសង់នោះគឺមានប្រវែង ១៥០គីឡូម៉ែត្រ កាត់តាមខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង និងខេត្តស្វាយរៀង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
កិច្ចប្រជុំអាស៊ានលើបញ្ហាជម្លោះសមុទ្រចិនទទួលបានលទ្ធផលវិជ្ជមាន
នាវាចម្បាំងទី៧ របស់អាមេរិក ចាកចេញពីក្រុងព្រះសីហនុ
កិច្ចប្រជុំមន្ត្រីការពារជាតិចាប់ផ្ដើមនៅសៀមរាប
ជប៉ុនផ្ដល់ជំនួយជិត ១៩លានដុល្លារ ឲ្យកម្ពុជា
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន
កម្ពុជា-សិង្ហបុរីឯកភាពគ្នាបន្តដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
អាមេរិកសរសើរកម្ពុជាថា បំពេញតួនាទីប្រធានអាស៊ានបានល្អ
ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ មកដល់កម្ពុជា
មន្ត្រីយោធាអាស៊ានចុះហត្ថលេខាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្តរជាតិ
ទូតចិនប្រកាសកម្មវិធីដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ នៅកម្ពុជា
មតិ
Click here to add your own comment