សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Jim Webb នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ ហើយក៏នឹងធ្វើសន្និសីទកាសែតមួយផងដែរ នារសៀលថ្ងៃអង្គារ ស្អែកនេះ នៅឯនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក។
លោក Jim Webb ពីរដ្ឋ Virginia នៃគណបក្សប្រជាធិបតេយ្យ បានបម្រើការក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក នៅខែមករា ឆ្នាំ២០០៧។
ក្នុងនាមជាប្រធានអនុគណៈកម្មាធិការកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកព្រឹទ្ធសមាជិក Jim Webb ទទួលខុសត្រូវលើទំនាក់ទំនងអាមេរិកជាមួយបណ្តាប្រទេស ព្រមទាំងអង្គការនិងសមាគម នៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក និងអូសេអានី។
អស់រយៈពេលជិត ៤ទសវត្សរ៍មកនេះ លោក Jim Webb បានបម្រើការជាទាហានម៉ារីនជើងគោក អ្នករៀបផែនការការពារប្រទេស ជាលេខាធិការកងទ័ពជើងទឹក នៅមន្ទីរបញ្ចកោណ ជាទីប្រឹក្សាពាណិជ្ជកម្ម ជាអ្នកសារព័ត៌មាននិងអ្នកនិពន្ធរឿងប្រលោមលោកផងដែរ៕
