ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា​យក​តម្លៃ​សេវា​ធ្វើ​លិខិត​ផ្សេងៗ​ថ្លៃ

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំងលាវ ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម និង​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ ឃុំ បាន​យក​តម្លៃ​សេវា​ធ្វើ​លិខិត​ស្នាម និង​អត្រានុកូលដ្ឋាន​ឲ្យ​ប្រជាពលរដ្ឋ​ខ្ពស់​ហួស​ពី​តម្លៃ​កំណត់​ដោយ​ច្បាប់។

0:00 / 0:00

ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី «ទំនាក់​ទំនង​រវាង​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត» នៅ​ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

លោក ឈួ សំអាត ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប៉ាក់ឡាង ឃុំ​ក្រាំងលាវ។ លោក​បាន​លើក​ឡើង​ក្នុង​កម្មវិធី​ទំនាក់ទំនង​រវាង​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​ថា អាជ្ញាធរ​ស្ទើរ​តែ​គ្រប់​ភូមិ ឃុំ ក្នុង​ស្រុក​រលាប្អៀរ បាន​ទាមទារ​តម្លៃ​សេវា​ខ្ពស់​ក្នុង​ការ​ធ្វើ​សំបុត្រ​ការ សំបុត្រ​បុណ្យ ឬ​ក្នុង​ការ​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ។ លោក​ថា ការ​យក​តម្លៃ​សេវា​អត្រានុកូលដ្ឋាន និង​លិខិត​ស្នាម​ផ្សេងៗ​ខ្ពស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

លោក​បាន​សំណូមពរ​ឲ្យ​អ្នក​តំណាងរាស្ត្រ​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​សេវា​នេះ៖ «ច្បាប់​បុណ្យ​ច្បាប់​ការ​នៅ​ស្រុក​រលាប្អៀរ មូលហេតុ​អី​បាន​ជា​អាជ្ញាធរ​មូលដ្ឋាន​គាត់​យក​ខុស​ពី​ផ្លូវ​ច្បាប់? តាម​ច្បាប់​ឲ្យ​យក​តែ ១.៥០០​រៀល​ទេ ក្នុង​១​ច្បាប់ ហើយ​ច្បាប់​បុណ្យ​មិន​ឲ្យ​យក​ថ្លៃ​សេវា​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​នៅ​ឃុំ​មួយ​ចំនួន​បាន​យក​ពី ២ ទៅ ៣​ម៉ឺន​រៀល?»

មេ​ឃុំ​ក្រាំងលាវ គឺ​លោក កែ រិន បាន​បដិសេធ​ការ​ចោទ​ប្រកាន់។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​ក្រាំងលាវ បាន​ប្រកាស​ជា​សាធារណៈ​ចំពោះ​តម្លៃ​សេវា​អត្រានុកូលដ្ឋាន និង​សេវា​ប្រថាប់ត្រា​ផ្សេង។ លោក​ថា បញ្ហា​នេះ​មិន​មាន​កើត​ឡើង​ក្នុង​ឃុំ​ក្រាំងលាវ នោះ​ទេ៖ «រាល់​ពេល​ប្រជុំ​មហាជន ខ្ញុំ​បាន​ប្រកាស​ឲ្យ​ដឹង​ទាំង​អស់​ហើយ​ថា រាល់​ការ​ប្រថាប់ត្រា គឺ​មិន​យក​ថ្លៃ​សេវា​ទេ...»

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក កែ រិន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី គឺ​លោក គីមសួរ ភីរិទ្ធ បាន​ទទួល​ស្គាល់​ថា បញ្ហា​នេះ​កើត​មាន​មិន​មែន​តែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ តែ​វា​កើត​មាន​ស្ទើរ​តែ​គ្រប់​ទិសទី​ក្នុង​ទូទាំង​ប្រទេស៖ «នៅ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ចាម គឺ​មិន​មែន​រឿង​បុគ្គល​ទេ សឹង​តែ​ទូទៅ។ ឥឡូវ​សួរ​មើល​អ្នក​ដែល​មក​នេះ អ្នក​ណា​មួយ​ដែល​ទៅ​ធ្វើ​សំបុត្រ​ការ​កូន​អស់​លុយ​តិច​ជាង ១​ម៉ឺន មិន​មែន​ជា​រឿង​សាមញ្ញ​នោះ​ទេ។យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​ទារ​ថ្ងៃ​សេវា​នេះ មាន​កើត​នៅ​គ្រប់​ឃុំ​ទាំង​អស់ គ្រាន់​តែ​ឃុំ​ខ្លះ​យក​តិច​ឃុំ​ខ្លះ​យក​ច្រើន​ប៉ុណ្ណោះ...»

យ៉ាង​នេះ​ក្ដី អភិបាល​ស្រុក​រលាប្អៀរ គឺ​លោក ឈឹម វុទ្ធា ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ករណី​ទាមទារ​ប្រាក់​សេវា​អត្រានុកូលដ្ឋាន និង​សេវា​ប្រថាប់ត្រា​ផ្សេង​ខុស​ពី​តម្លៃ​កំណត់​ដោយ​ច្បាប់​នោះ អាច​កើត​មាន​ជា​លក្ខណៈ​បុគ្គល។ លោក​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ចំ​ឈ្មោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​ការ​កំណត់​ដោយ​ច្បាប់​នេះ ដើម្បី​ឲ្យ​លោក​មាន​មូលដ្ឋាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់៖ «ចំណុច​ខ្វះខាត​នេះ គឺ​កើត​មាន​ជា​លក្ខណៈ​បុគ្គល មិន​មែន​អង្គភាព​នោះ​ទេ។ សូម​កុំ​ឲ្យ​លើក​ជា​ទូទៅ សូម​លើក​ឲ្យ​ចំៗ​បុគ្គល​នោះ​មក ងាយ​ស្រួល​ខ្ញុំ​ចាត់ការ​តាម​ផ្លូវ​ច្បាប់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដើម្បី​ទប់ស្កាត់​ករណី​នេះ អាជ្ញាធរ​ភូមិ ឃុំ ត្រូវ​បង្ហាញ​ពី​តម្លាភាព​ដោយ​ការ​បិទ​តារាង​តម្លៃ​សេវា​ជា​សាធារណៈ នៅ​មុខ​ការិយាល័យ​ផ្ដល់​សេវា​នេះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។ នៅ​ពេល​មាន​ការ​ទាមទារ​តម្លៃ​លើស ប្រជាពលរដ្ឋ​មាន​មូលដ្ឋាន​សំអាង​ដើម្បី​ការ​តវ៉ា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។