អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមគេហដ្ឋានក្នុងក្រុង និងតាមបណ្ដាស្រុកនានាក្នុងខេត្តនេះឲ្យជួយសំអាតអនាម័យ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
នៅពីរថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនៅក្រុងកំពង់ឆ្នាំង ជាពិសេសមន្ទីរ និងអង្គភាពក្នុងខេត្តមួយចំនួនបានសំអាតអនាម័យ និងលាបថ្នាំរបង ឬខ្លោងទ្វារថ្មី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន មានប្រសាសន៍ថា គណៈកម្មការខេត្តរៀបចំសោភ័ណភាពក្រុង បានប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរសង្កាត់ទាំង៤ ក្នុងក្រុង អំពីការសំអាតអនាម័យតាមផ្ទះ មន្ទីរ និងអង្គភាពនានា។ លោកថា ក្រៅពីបញ្ហាអនាម័យគណៈបញ្ជាការឯកភាពខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅឲ្យប្រុងប្រយ័ត្នភ្លើងធូប ឬទៀនដុតថ្វាយទេព្ដាផងដែរ៖ «យើងបានប្រជុំជាមួយគណៈកម្មការខេត្តរៀបចំសោភ័ណភាពទីក្រុង បានកំណត់ការសំអាតអនាម័យនៅតាមអង្គភាព ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីនេះ ហើយត្រូវមានការប្រុងប្រយ័ត្នទាំងភ្លើងគ្រប់បែបយ៉ាងទាំងអស់ ដែលមានការដឹកនាំប្រជុំរបស់ឯកឧត្ដមអភិបាលខេត្ត»។
យ៉ាងណានៅតាមដងផ្លូវខ្លះក្នុងក្រុងនៅមានសំរាម ស្លឹកឈើ និងទឹកស្អុយបង្ហៀរចេញពីផ្ទះមកលើផ្លូវទើបក្រាលកៅស៊ូរួចជាច្រើនកន្លែង។ បញ្ហានេះធ្វើឲ្យពលរដ្ឋរិះគន់អាជ្ញាធរក្រុង និងជំនាញបរិស្ថាន។
មន្ត្រីរាជការ និងជាពលរដ្ឋម្នាក់រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អ្នកស្រី ចាន់ ណារិន្ទ ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា ថា បញ្ហាសំរាម និងសោភ័ណភាពក្រុងត្រូវបានរៀបចំល្អស្អាតច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។ ប៉ុន្តែអ្នកស្រីមើលឃើញថា ទឹកប្រើប្រាស់រួចបង្ហៀរមកលើផ្លូវ និងសំរាមនៅកន្លែងខ្លះទុកដាក់មិនទាន់បានត្រឹមត្រូវនៅឡើយ។ ចំពោះបញ្ហាភ្លើងធូប ឬទៀនថ្វាយទេព្ដាវិញ រូបគាត់ និងគ្រួសារបានប្រុងប្រយ័ត្នខ្ពស់បើទោះបីជាពុំមានការអំពាវនាវរបស់អាជ្ញាធរខេត្ត។
អ្នកស្រីថា នៅពេលអុចភ្លើងធូប ឬទៀន យ៉ាងហោចណាស់មានសមាជិកគ្រួសារគាត់ម្នាក់នៅចាំផ្ទះ៖ «បុណ្យចូលឆ្នាំខ្មែរនេះខ្ញុំត្រៀមស្លាធម៌ ធូប និងទៀន។ … បានប្រុងប្រយ័ត្ន គឺដុត ឬទៀនកុំឲ្យដុតចោលត្រូវតែអង្គុយមើល ព្រោះខ្លាចវាឆេះ (ផ្ទះ)»។
ទាក់ទងបញ្ហាសំរាមប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន បញ្ជាក់ថា បរិមាណសំរាមនៅតាមផ្ទះ និងផ្សារលើ និងផ្សារក្រោមមានជាង ៣តោនក្នុង១ថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាសំរាមក្នុងក្រុងលោកថា នៅឆ្នាំ២០១៥ អាជ្ញាធរមានសមត្ថកិច្ច នឹងបង្កើនធុងដាក់សំរាម និងបដាពាក្យស្លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
