ដំណឹងពីខេត្តកំពង់ធំ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរខេត្ត ត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី នៅសំបូរព្រៃគុក ដែលជាអតីតរាជធានីបុរាណខ្មែរមួយពីដើមមានឈ្មោះថា ឥសានបុរៈ ក្នុងបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកសព្វថ្ងៃ។ ពិធីនេះ នឹងប្រារព្ធឡើងចំនួនបីយប់បីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ចំណាស់នៃកន្លែងប្រវត្តិសាស្ត្រមួយនេះ។
ស្របពេលនៅឯខេត្តសៀមរាប មានរៀបចំពិធីអង្គរសង្ក្រាន្តយ៉ាងធំ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមែ នោះ នៅឯខេត្តកំពង់ធំវិញ ក៏មានរៀបចំពិធីស្រដៀងគ្នានេះ ដែលឱ្យឈ្មោះថា សង្ក្រាន្តឆ្នាំថ្មីសំបូរព្រៃគុក។ មូលហេតុដែលហៅដូច្នេះ ដោយសារតែពិធីទទួលសង្ក្រាន្តឆ្នាំថ្មី គឺគេរៀបចំនៅបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្ត។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ លោក ជា វ៉ាន់ចាន់ មានប្រសាសន៍ថា គោលបំណងដែលខាងលោករៀបចំពិធីនេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ពីវប្បធម៌ដ៏ចំណាស់របស់ខ្មែរនាដើមសតវត្សទី៧។ បន្ថែមពីនេះ ដើម្បីឈ្វេងយល់ពីសិល្បៈនៃការចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយធុរៈគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតក៏ជាឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ អាចចូលរួមបង្ហាញនៅផលិតផលម្ហូបអាហារ ពាណិជ្ជកម្ម និងសេវាកម្មនានារបស់ខ្លួន ពិសេស គឺផលិតផលសិប្បកម្ម និងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
លោក ជា វ៉ាន់ចាន់៖ «ជាការពិតទៅ ជាគោលដៅរបស់សហភាពសហព័ន្ធយុវជនខេត្តនេះ គឺយើងចង់រំលេចឱ្យឃើញពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានវ័យចំណាស់នេះឱ្យបងប្អូននៅខេត្តកំពង់ធំ ពិសេសបងប្អូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យគាត់ចាប់អារម្មណ៍ ដើម្បីឱ្យគាត់មកសិក្សាស្វែងយល់ក៏ដូចជាមកកម្សាន្ត»។
លោកឱ្យដឹងទៀតថា កម្មវិធីដែលក្រុមយុវជនសហការជាមួយអាជ្ញាធរខេត្តធ្វើឡើងរួមមាន ពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា និងពិធីក្រុងពាលីនៅប្រាសាទយាយព័ន្ធ នៅរសៀលថ្ងៃទី១៣ មេសា។ ចំណែកនៅថ្ងៃបន្តបន្ទាប់ មានការដង្ហែក្បួនរបស់យុវជនលាយឡំជាមួយសិល្បៈរបាំប្រពៃណី ល្បែងប្រជាប្រិយផ្សេងៗ រួមនឹងក្បួនដង្ហែក្រុមប្រណាំងរទេះគោផង។ ក្រៅពីនេះ ក៏មានការតាំងផលិតផល និងនំចំណីរបស់ពលរដ្ឋក្នុងតំបន់ នៅកន្លែងមួយហៅថា ភូមិខ្ញុំសម្បូរវប្បធម៌ ហើយក៏មានការបង្កើតជាប្រាសាទនិម្មិតជាដើម។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ ដដែល បញ្ជាក់ថា នៅថ្ងៃបញ្ចប់ គឺមានពិធីសំខាន់ៗមួយចំនួនទៀតរួមមាន ពិធីពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ដែលគេនឹងធ្វើឡើងនៅប្រាសាទស្រង់ព្រះតែម្តង។
បន្ថែមលើនេះ អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍ថា លោកគាំទ្រចំពោះការរៀបចំពិធីនេះឡើង ពីព្រោះវាកាន់តែធ្វើឱ្យពលរដ្ឋទាំងជាតិ និងអន្តរជាតិ យល់ច្បាស់ពីវប្បធម៌ប្រពៃណី សាសនារបស់ខ្មែរ។ លើសពីនេះទៀត ក៏ជាការផ្សព្វផ្សាយមួយយ៉ាងសំខាន់ដល់តំបន់ប្រវត្តិសាស្ត្រ និងជាតំបន់ដែលមានសក្ដានុពលផ្នែកទេសចរណ៍ដ៏សំខាន់ប្រចាំខេត្តកំពង់ធំផង៖ «ទីបីយើងបង្កើតឱ្យមានព្រឹត្តិការណ៍ឡើងដើម្បីឱ្យប្រជាពលរដ្ឋ មានន័យថា ភ្ញៀវទេសចរហ្នឹងគាត់ចាប់អារម្មណ៍កាន់តែខ្លាំងឡើង ហើយគាត់ចូលទស្សនា»។
លោកសម្ដែងសុទិដ្ឋិនិយមថា ពិធីនេះនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរមួយនេះ។ តាមការគ្រោងទុករបស់អ្នករៀបចំកម្មវិធី គឺពួកគេរំពឹងថា អាចមានមនុស្សប្រមាណ ៣ ទៅ ៤ម៉ឺននាក់នឹងមកលេងកម្សាន្តតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំបីថ្ងៃ។ រមណីយដ្ឋានសំបូរព្រៃគុក ត្រូវបានអ្នកសិក្សាស្រាវជ្រាវបរទេសសន្និដ្ឋានថា គឺជារាជធានីរបស់ខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ ឬ ឥសានបុរី ក្នុងរាជ្យព្រះបាទ ឥសានវរ្ម័ន១ នាដើមសតវត្សទី៧ ដោយដាក់ឈ្មោះស្របតាមព្រះនាមរបស់ទ្រង់។ ចំណែកអ្នកកសាងបន្តទៀត គឺព្រះបាទ ភវរ័្មនទី២ ដោយដាក់នាមថា ភវបុរៈ គឺដូចគ្នាទៅនឹងបច្ឆាមរណៈនាមរបស់ព្រះអង្គដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
