លោក អ៊ិន ជីវ៉ា ជាស្នងការនគរបាលខេត្តកំពត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋរូបនោះស្រវឹងស្រា បានងើបតវ៉ាតែម្នាក់ឯង ដែលបានឃុំខ្លួនរយៈពេលខ្លីនឹងបានដោះលែងកាលពីថៃ្ងពុធ ទី១១ ខែវិច្ឆិកា ថ្មីៗនេះ។
លោក អ៊ិន ជីវ៉ា មានប្រសាសន៍ដូច្នេះ ៖ «គាត់ហ្នឹងស្រវឹងសុទ្ធសាធតែម្ដង ដល់គាត់លែងស្រវឹងទៅគាត់ដឹងខ្លួនថា គាត់ធ្វើហ្នឹងខុស គាត់យល់ខុសខ្លួនគាត់។ យើងធ្វើកិច្ចសន្យាថា ទៅវិញឈប់ផឹកស៊ីវាខូចសណ្ដាប់ធ្នាប់សង្គម»។
ប្រជាពលរដ្ឋឈ្មោះ ស្វាយ រ៉ាត់ នៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានថែ្លងថា លោកបានមកជួបជុំជាមួយនឹងក្រុមគ្រួសារវិញហើយ។
លោក ស្វាយ រ៉ាត់ ថ្លែងដូច្នេះ ៖ «មានសេរីភាពវិញហើយ សប្បាយចិត្ត។ ទៅបង្ខាំងឡានគេ ហើយថាចាំមើលឲ្យមេមកនិយាយជាមួយខ្ញុំពីរបីម៉ាត់ សុំថា កុំឲ្យចាក់(ដី)ដល់ខាងលិច ហើយគេមិនបានជួបខ្ញុំ គេយកប៉ូលិសមកចាប់ខ្ញុំទៅ។ គេឲ្យខ្ញុំចុះកិច្ចសន្យាជាមួយគេ កុំឲ្យខ្ញុំទៅតវ៉ាជាមួយគេទៀត បើថាខ្ញុំតវ៉ាទៀតឈ្មោះខ្ញុំហ្នឹងគេអត់លើកលែងទេ គេដាក់ទោសខ្ញុំអត់មានថ្ងៃលែងទេ»។
ប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានតាមដានរឿងនេះបានមានប្រសាសន៍ថា ៖ «ជាការមួយដើម្បីបំភិតបំភ័យសហគមន៍ដទៃទៀតកុំឲ្យមានការតវ៉ារបៀបនេះជាបន្ត»។
លោក ស្វាយ រ៉ាត់ ត្រូវបានអាជ្ញាធរនគរបាលខេត្តកំពត បានចាប់ឃាត់ខ្លួនកាលពីថៃ្ងទី៩ ខែវិច្ឆិកា ដើមសប្តាហ៍ថ្មីៗនេះ នៅគ្រាដែលលោកបានទៅរារាំងតែម្នាក់ឯងមិនឲ្យរថយន្តដឹកដីរបស់ក្រុមហ៊ុនកែវជា ឌីវេលឡបមេនថ៍ (Keo Chea Development) ទៅចាក់លុបឆ្នេរសមុទ្ទនៅកែបថ្មី ដែលបណ្តាលឲ្យប្រជាពលរដ្ឋជាអ្នកនេសាទជាច្រើនរយគ្រួសារមិនអាចនេសាទត្រីបានដើម្បីចិញ្ចឹមជីវភាពប្រចាំថៃ្ង។
លោក កែវ ជា ប្រធានក្រុមហ៊ុនកែវ ជា ឌីវេលឡបមេនថ៍ បានសុំមិនធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែប្រភពនិងឯកសារបានឲ្យដឹងថា ក្រុមប្រក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះកាលពីឆ្នាំ២០០៧ កន្លងទៅ ដើម្បីធ្វើការអភិវឌ្ឍសាងសង់ជាផ្ទះសំណាក់និងតំបន់ទេសចរណ៍នៅលើផ្ទៃដីឆ្នេរសមុទ្ទទំហំ២០០ហិកតារ។
ប្រភពពីប្រជាពលរដ្ឋគ្រួសាររងគ្រោះបានឲ្យដឹងថា ប្រជាពលរដ្ឋជាអ្នកនេសាទសមុទ្ទជាច្រើនរយគ្រួសារនៅក្នុងភូមិបឹងទូក ភូមិកែបថ្មី ភូមិរលួស ភូមិរការក្រោម និងភូមិរការលើ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែរងគ្រោះមិនអាចនេសាទត្រីបាននៅតាមឆ្នេរសមុទ្ទ ដោយសារតែបាត់បង់ទីជម្រកត្រីនិងក្តាមនៅទីនោះ៕
