ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម នៃស្រុកបន្ទាយមាស ខេត្តកំពត អំពាវនាវទៅរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ឲ្យជួយរកទីផ្សារលក់ស្រូវ ខណៈការជួញដូរស្រូវនៅទីនោះធ្លាក់ចុះ បើប្រៀបធៀបតម្លៃលក់ស្រូវកាលពី ១០ថ្ងៃមុន។
ពលរដ្ឋនៅស្រុកបន្ទាយមាស ខេត្តកំពត លោក ឡុង ហីម ថ្លែងថា កាលពី ១០ថ្ងៃមុន តម្លៃស្រូវ ១គីឡូក្រាម គាត់លក់បានជាង ៨០០រៀល ប៉ុន្តែនៅថ្ងៃ២៤ ខែមករា ឈ្មួញឲ្យតែ ៧៣០រៀលទេ ក្នុង១គីឡូស្រូវ៖ «កាលណាមើលទីផ្សារវាអត់មាន។ ឥឡូវលើឈ្មួញ គេវាយតម្លៃទាបនៅតែ ៧០០ជាង»។
កសិករនៅភូមិសង្កែដួច ឃុំស្តេចគង់ខាងត្បូង ថ្លែងថា បើធៀបនឹងឆ្នាំមុន ការជួញដូរស្រូវកាន់តែធ្លាក់តម្លៃខ្លាំង។ លោកថា ឈ្មួញទិញស្រូវពីវៀតណាម មិនចូលមកទិញស្រូវទេ គេថា លុយដុង ធ្លាក់ថ្លៃផង ថ្លៃដឹកជញ្ជូនឡើងថ្លៃតាមប្រេងផង។ ឯកុងត្រូលនៅក្នុងស្រុកខ្មែរ ទារលុយតាមផ្លូវច្រើនកន្លែងផង ទើបគេមិនចូលទិញស្រូវដល់ស្រែដូចមុន តែគេចាំទិញស្រូវនៅព្រំដែនវិញ។ បញ្ហានេះកសិករនៅក្នុងស្រុកមានតែលក់ឲ្យឈ្មួញកណ្ដាល ដែលឲ្យតម្លៃកាន់តែថោកពី ១តោន ៩០ម៉ឺន មក ៨៨ម៉ឺនរៀល និងធ្លាក់មកនៅជាង ៧០ម៉ឺនរៀល នៅថ្ងៃ២៤ ខែមករា។
លោកថា តម្លៃលក់ស្រូវឆ្នាំនេះ បើធៀបនឹងការទិញជី ទិញប្រេងបូមទឹក ឈ្នួលភ្ជួរ និងឈ្នួលច្រូត កសិករគ្រប់គ្នាខាតច្រើន។ មានកសិករតិចតួចដែលច្រូតដើមឆ្នាំ អាចលក់ស្រូវដើម្បីទូទាត់សងគេបានរួចខ្លួន មិនជំពាក់ចិន។
លោកថា កសិករនៅក្នុងឃុំជាប់ព្រំដែនវៀតណាមនេះ តែងតែក្រឡេកមើលទៅកសិករវៀតណាម គឺតំបន់កសិកម្មរបស់គេមានទឹកធ្វើដំណាំដ៏សំបូរបែប ផ្ទុយពីប្រទេសកម្ពុជា សូម្បីតែទំនប់ស្ទាក់ទឹកមានស្រាប់ ក៏មិនបានជួសជុល ប្រឡាយមេមានតែគ្មានទឹក។ ពីមួយឆ្នាំទៅមួយឆ្នាំមានតែប្រជុំពីគម្រោងស្តា និងជីកប្រឡាយ ទំនប់ បានលើកស្នើឡើងសុំថវិកាកសាង តែនៅតែគ្មានលុយកសាងដដែល។ បើកន្លែងខ្លះ មានលុយកសាងក្បាលទឹក ឬទំនប់ សុទ្ធតែជារបស់លោកនេះ លោកនោះគ្រប់គ្រង ហើយធ្វើអាជីវកម្មលក់ទឹកមកឲ្យកសិករបូមដាក់ស្រែ ឬដាក់ដំណាំ ៖ «ក្នុងដី១ហិកតារអស់ទាំងថ្នាំទាំងជី ប្រហែលជាចូល ២លានរៀល បានតែស្រូវ ៤តោន ក្នុង១ហិកតារ»។
កសិករឈ្មោះ ម៉ម ជឿន ថ្លែងថា ប្រសិនបើរាជរដ្ឋាភិបាល ពិសេសក្រសួងពាណិជ្ជកម្មមិនជួយរកទីផ្សារលក់ស្រូវឲ្យកសិករទេ កសិករអាចប្រឈមការរត់ចោលស្រុកទៅស៊ីឈ្នួលនៅបរទេស។
លោកបានអំពាវនាវឲ្យរដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវដែលកសិករផលិតបាន កុំឲ្យតម្លៃធ្លាក់ខ្លាំងដូចនៅដើមឆ្នាំ២០១៣ នេះ៖ «រាជរដ្ឋាភិបាលលោករកទីផ្សារឲ្យប្រជាពលរដ្ឋបន្តិចទៅ ដឹកទៅលក់នៅក្រោម គេចាប់ផងអីផង ឥឡូវស្រូវវាធ្លាក់ថ្លៃ នៅ ៧០០ ៧០០ជាងតែប៉ុណ្ណឹង»។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោក ទៀង ទាន ថ្លែងថា ការជួញដូរស្រូវនៅក្នុងខេត្តកំពត ភាគច្រើនមានតែឈ្មួញវៀតណាម និងមានឈ្មួញកណ្ដាលនៅក្នុងស្រុកខ្មែរទិញតិចតួច។ លោកថា វៀតណាមគេរៀបចំចូលឆ្នាំថ្មី អាចគេរវល់ មិនទាន់ចុះទិញស្រូវទេ ទើបតម្លៃស្រូវធ្លាក់ចុះ។ តែបើកសិករប្រញាប់លក់ស្រូវពេក វានាំឲ្យខាត តែគាត់រង់ចាំដល់ឈ្មួញវៀតណាមចុះទិញស្រូវវិញ ប្រហែលជាអាចលក់បានថ្លៃជាងបច្ចុប្បន្ន។
លោកថា ទោះជាយ៉ាងណា មន្ទីរពាណិជ្ជកម្ម ដែលឃ្លាំមើលសកម្មភាពជួញដូរស្រូវឃើញថា កសិករកំពុងលក់ស្រូវនៅតាមព្រំដែនកំពុងសកម្មនៅឡើយ មិនមានបញ្ហាកកស្ទះទេ បើមានបញ្ហាមន្ទីរបានជួយរកឈ្មួញជួយទិញ។
ជំទប់ទី២ ឃុំស្តេចគង់ខាងត្បូង លោក អ៊ូ កុយ ថ្លែងថា ការធ្វើស្រូវវស្សានៅឆ្នាំនេះយឺតយ៉ាវ និងធ្វើមិនអស់ដីកសិកម្មទាំង ១.២៨០ហិកតារទេ ទើបកសិករមានស្រែនៅក្បែរកូនប្រឡាយនាំគ្នាធ្វើស្រែប្រាំងជំនួសស្រូវវស្សា ដើម្បីធានាសន្តិសុខស្បៀងតាមគ្រួសារ។ ការធ្វើស្រែប្រាំងនោះបាន ២ដង តែផ្ទៃដី ២០០ហិកតារទេ។ នៅពេលលក់ស្រូវប្រាំងលើកទី១ បានតម្លៃ ៨៨០រៀលក្នុង១គីឡូក្រាម នៅពេលលក់លើកទី២ ខ្លះបានថ្លៃ ៧៨០ក្នុង១គីឡូ ខ្លះបាន ៧៣០។ លោកថា មូលហេតុនេះនៅក្នុងឃុំមានអ្នកចំណាកស្រុកប្រមាណ ២០% ក្នុងចំណោមប្រជាពលរដ្ឋជាង ៧០០គ្រួសារ រស់នៅក្នុង ៤ភូមិនៃឃុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
