អនុប្រធានសភាទី១ លោក កឹម សុខា កាលពីព្រឹកថ្ងៃទី២១ ខែតុលា បានជួបតំណាងជាង ១០នាក់ នៃក្រុមបាតុករប្រឆាំងកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា។
ជំនួបនោះធ្វើឡើងបន្ទាប់ពីប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លើកឡើងកាលពីថ្ងៃទី១៨ ខែតុលា ថា អ្នកតំណាងរាស្ត្រទាំង ១២៣រូប មិនបានយកចិត្តទុកដាក់បម្រើពលរដ្ឋអោយបានពេញលេញ ដោយសំអាងថា ពុំមានអ្នកតំណាងរាស្ត្រទទួលយកញត្តិបាតុករ។ ស្របគ្នានេះតំណាងរាស្ត្រ២រូប នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា គឺក្រុមបាតុករទេដែលបដិសេធមិនប្រគល់ញត្តិ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បញ្ជាក់ជាថ្មីទៀតថា សកម្មភាពរបស់អ្នកតំណាងរាស្ត្រក្នុងការឆ្លើយតបនឹងការដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនកំពុងធ្វើអោយពលរដ្ឋបាត់ទំនុកចិត្ត។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានថ្លែងបែបនេះបន្ទាប់ពីតំណាងរបស់លោក ៥នាក់ បានជួបជាមួយអនុប្រធានសភា លោក កឹម សុខា។ លោកបន្តថា បើទោះជាអនុប្រធានរដ្ឋសភា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ជាក់ថា បានយកចិត្តទុកដាក់ចំពោះសំណើពលរដ្ឋ ក៏ក្រុមរបស់លោកចាប់ផ្ដើមអស់សង្ឃឹមនឹងមធ្យោបាយក្នុងស្រុក នៅពេលដែលញត្តិរបស់ក្រុមបាតុករមិនត្រូវបានអ្នកតំណាងរាស្ត្រយកចិត្តទុកដាក់។
លោក ម៉ៅ ពិសេស «ហាក់ដូចជាមិនសង្ឃឹមទេចំពោះបញ្ហានៃការអន្តរាគមន៍ហ្នឹង ព្រោះថា ប្រទេសកម្ពុជា តែងតែមិនស្តាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិលទេ។ ប៉ុន្តែយើងមានសង្ឃឹមខាងប្រទេសអូស្ត្រាលី ឯណោះវិញទេ ហើយយើងចាំមើលជំនួបរបស់យើងជាមួយនឹងគណបក្សបៃតងរបស់អូស្ត្រាលី នៅខែក្រោយហ្នឹង យើងនឹងព្យាយាមពន្យល់គាត់អោយយល់ពីស្ថានភាពនៅកម្ពុជា ហើយយើងនឹងធ្វើយុទ្ធនាការជាមួយដៃគូអង្គការនៅអូស្ត្រាលី ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអូស្ត្រាលី»។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លើកឡើងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែតុលា ថា អ្នកតំណាងរាស្ត្រទាំង ១២៣រូប មិនបានយកចិត្តទុកដាក់បម្រើពលរដ្ឋអោយបានពេញលេញ ដោយសំអាងថា អ្នកតំណាងរាស្ត្រពុំបានទទួលយកញត្តិបាតុករ។
សមាជិកសភាគណបក្សសង្គ្រោះជាតិចំនួន ២រូប លោក គង់ សភា និងលោក ងឹម ញេង បញ្ជាក់ក្នុងលិខិតដែលផ្ញើមកវិទ្យុអាស៊ីសេរីថា កាលពីថ្ងៃទី១៧ ខែតុលា អ្នកទាំង២ បានចេញទៅទទួលញត្តិរបស់បាតុករក្នុងនាមគណៈកម្មការទី១នៃរដ្ឋសភា គឺក្នុងនាមរដ្ឋសភាទាំងមូល មិនមែនក្នុងនាមគណបក្សណាមួយឡើយ ប៉ុន្តែបែរជាត្រូវបាតុករបដិសេធមិនឲ្យញត្តិ។
លោក ងឹម ញេង មានប្រសាសន៍កាលពីរសៀលថ្ងៃទី២១ ខែតុលា ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពុំបានមើលរំលងការតវ៉ារបស់ពលរដ្ឋទេ ប៉ុន្តែគឺក្រុមបាតុករប្រកាន់ថា ត្រូវតែប្រគល់ញត្តិអោយតំណាងរាស្ត្រគណបក្សទាំង២ ដែលមានអាសនៈក្នុងសភា៖ «ពេលដែលចេញមកជួបគាត់បានដឹងថា កាត់មានញត្តិ២ មួយប្រគល់ទៅអោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយទៀតប្រគល់ទៅអោយតំណាងរាស្ត្រមកពីគណបក្សប្រជាជន។ ដល់ពេលយើងពីរនាក់ចេញទៅហ្នឹង តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ អ៊ីចឹងគាត់ថា អត់អាចអោយញត្តិទៅតែមួយបក្សអ៊ីចឹងទេ។ ខ្ញុំគឺចង់ទទួលញត្តិក្នុងនាមគណៈកម្មការទី១នៃរដ្ឋសភា»។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ទទួលស្គាល់ថា ពិតជាមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចេញមកជួបបាតុករមែន ប៉ុន្តែបានបដិសេធទទួលញត្តិរបស់បាតុករក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ។
ចំពោះការឆ្លើយដាក់គ្នារវាងតំណាងក្រុមបាតុករ និងអ្នកតំណាងរាស្ត្រនេះ សមាជិកនៃសម្ព័ន្ធកែទម្រង់ការបោះឆ្នោតអ៊ីរ៉ា (ERA) លោក នី ចរិយា មានទស្សនៈថា អ្នកតំណាងរាស្ត្រគួរតែចេះបត់បែនដោយតម្កល់បញ្ហារបស់ពលរដ្ឋជាធំ ចំណែកក្រុមអ្នកតវ៉ាគួរតែមានការបន្ធូរបន្ថយខ្លះដែរ។ យ៉ាងណាលោកថា គំនិតរបស់ពលរដ្ឋគឺចង់ប្រៀបធៀបការបំពេញតួនាទីរបស់អ្នកតំណាងរាស្ត្រទាំងអស់ដែលមកពីគ្រប់គណបក្ស។
លោក នី ចរិយា៖ «តើនៅពេលដែលបញ្ជូនញត្តិទៅសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គាត់យកចិត្តទុកដាក់យ៉ាងម៉េច? តើគណបក្សប្រជាជនយកចិត្តទុកដាក់យ៉ាងម៉េច? គឺគាត់ចង់ប្រៀបធៀបអ៊ីចឹងទេ។ និយាយពីផ្លូវច្បាប់គឺសភានិងតំណាងរាស្ត្រគឺតែ១ទ។ ខ្ញុំគិតថា ទោះបីជាមកក្នុងនាមគណៈកម្មការក៏ដោយ ឬក្នុងនាមតំណាងរាស្ត្រក៏ដោយ បុគ្គលជាតំណាងរាស្ត្រមិនគួរធ្វើអោយកករល្អក់ទឹកចិត្តរបស់ពលរដ្ឋទេ នៅពេលដែលប្រជាពលរដ្ឋគាត់មានឆន្ទៈក្នុងការជួយផ្ដល់ព័ត៌មានការពារសង្គម ហើយគួរតែធ្វើការសម្របសម្រួលទៅតាមប្រជាពលរដ្ឋ»។
លោក នី ចរិយា បន្តថា ទាក់ទងនឹងការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋហើយងាកទៅរកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ គឺជាជម្រើសរបស់ពលរដ្ឋ។ លោកថា នេះគឺជាសញ្ញាណល្អមួយដែលពលរដ្ឋចាប់ផ្ដើមតាមដានសកម្មភាពរបស់អ្នកតំណាងរាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
