មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី និងប្រតិភូខ្មែរចំនួនប្រមាណ ១០រូប គ្រោងនឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែកក្កដាសប្ដាហ៍ក្រោយនេះ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៤ នៅក្នុងប្រទេសប្រេស៊ីល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហាខាងមុខនេះ ដែលផ្ដោតជាសំខាន់លើកិច្ចការងារថែរក្សា និងអភិរក្សបេតិកភណ្ឌពិភពលោក។
ប្រភពឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កម្ពុជាដែលនឹងទៅចូលរួមក្នុងកិច្ចប្រជុំនោះ គឺមានមន្ត្រីអាជ្ញាធរជាតិទទួលបន្ទុកការងារព្រំដែន លោក វ៉ា គឹមហុង មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងតំណាងក្រសួងការបរទេសកម្ពុជា។
ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកក្កដានេះថា ៖ «ឯកឧត្ដមបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សុខ អាន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ គឺយើងទៅធ្វើកិច្ចការងារសំខាន់ៗជាច្រើនពាក់ព័ន្ធទៅនឹងដំណើរការការអភិវឌ្ឍតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាការងារបេតិកភណ្ឌសុទ្ធសាធ»។
កិច្ចប្រជុំនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសប្រេស៊ីល គឺមានតំណាងមកពីប្រទេសចំនួន ១៨០ ជាសមាជិកចូលរួម។
ប្រភពមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានតាមដានស្ថានការណ៍នយោបាយថៃ បានអះអាងថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានប្រកាសឲ្យដឹងកាលពីថ្មីៗនេះថា លោកនឹងបញ្ចូនលោក កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ទៅចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ ដើម្បីតវ៉ាប្រឆាំងនឹងផែនការនានារបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងអភិរក្សនៅតំបន់ប្រាសាទព្រះវិហារនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលជាសកម្មជនប្រឆាំងការឈ្លានពានរបស់កងទ័ពថៃតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨កន្លងមក បានមានប្រសាសន៍ថា ៖ «យើងមិនត្រូវខ្លាចក្រែងថៃអាក់អន់ចិត្តអីទេ ពីព្រោះយើងគ្រាន់តែចង់ការពារអ្វីដែលជារបស់ខ្មែរយើង ហើយយើងគ្រាន់តែចង់បានយុត្តិធម៌ ការពារអ្វីដែលជារបស់ខ្មែរយើងនោះ!»។
ប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងទីក្រុងទ្បាអេ ប្រទេសហុល្លង់កាត់សេចក្ដីឲ្យកម្ពុជាឈ្នះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ប្រឆាំងនឹងភាគីថៃ។
ប្រាសាទព្រះវិហារដ៏ចំណាស់នេះត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំ នៅក្នុងទីក្រុងកេប៊ិក ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨កន្លងទៅ។
ចាប់តាំងពីពេលនោះមក មេដឹកនាំថៃ ជាពិសេស លោក អាភីស៊ីត វ៉េតឆាឈីវ៉ាក់ ត្រូវគេសង្កេតឃើញថា តែងតែបញ្ជូនប្រតិភូមួយចំនួនទៅតវ៉ារឿងប្រាសាទព្រះវិហារនេះ ប៉ុន្តែមិនដែលបានសម្រេចទេក្នុងរយៈពេលកន្លងមក៕
