ផ្ទះចំនួន ២ខ្នងរបស់ប្រជាពលរដ្ឋនៅភូមិជប់គគីរខាងកើត ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានឆេះកាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ។
ប្រភពប្រជាពលរដ្ឋខ្មែរនៅភូមិជប់គគីរខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល បានឲ្យដឹងថា ទាហានថៃចំនួន ២២នាក់បានដើរល្បាតនៅព្រំដែនកម្ពុជា-ថៃ ហើយបានដុតវាលស្មៅស្បូវ នៅភូមិជប់គគីរខាងកើត រួចភ្លើងនោះបានរាលឆេះផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ២ខ្នងនៅតំបន់នោះ។
ប្រជាពលរដ្ឋមួយរូប ជាសាច់ញាតិម្ចាស់ផ្ទះ ឈ្មោះ ផល បាននិយាយឲ្យដឹងថា ទាហានថៃ ចូលមកមើលលេណដ្ឋានរបស់ផ្ទះប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ ហើយបានដុតស្មៅ និងស្បូវ ដែលមានចម្ងាយ ១០ម៉ែត្រពីផ្ទះ ទើបបានឆ្លងរាលទៅឆេះផ្ទះតែម្ដង។
ពលរដ្ឋឈ្មោះ ផល៖ «ការពិតថៃវាមកដល់ផ្ទះនោះឯងមកដុត។ វាដុតស្មៅ និងស្បូវ ក្បែរបោយយោ (លេណដ្ឋាន) នោះណា។ បោយយោ និងផ្ទះនោះមានចម្ងាយ ១០ម៉ែត្រពីគ្នា។ វាដុតព្រៃនោះ ដើម្បីវាមកមើលបោយយោយើងឲ្យឃើញច្បាស់។ អ៊ីចឹងវាមកដល់ទីនោះ ហើយវាដុត ហើយ ឃួន សុខា (ម្ចាស់ផ្ទះ) ប្រាប់វាហើយថា កុំឲ្យដុត តែវានៅតែដុត។ ទិដ្ឋភាពទាហានថៃ វាឡើងមក មិនមែនមកដោយធម្មតាទេ គឺកម្លាំងប្រដាប់អាវុធ របៀបដូចឡើងប្រយុទ្ធអ៊ីចឹង។ វាដើរឡើងមកព័ទ្ធជាស្នែងក្របី ដើរឡើងមក»។
ប៉ុន្តែប្រភពព័ត៌មានផ្សេងទៀត បានអះអាង ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងនោះឆេះ ដោយសារភ្លើងឆេះព្រៃខាងថៃ ហើយបានរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋក្នុងដែនដីខ្មែរតែម្ដង មិនមានទាហានថៃ ចូលមកដុតស្មៅបណ្ដាលឲ្យឆ្លងឆេះផ្ទះនោះឡើយ។
លោក ហួក ហៀវ ជាមេភូមិជប់គគីរខាងកើត។ លោកបានមានប្រសាសន៍ នៅថ្ងៃទី៩ កុម្ភៈ ថា ទាហានថៃបានដុតព្រៃនៅលើខ្យល់ ហើយវាឆ្លងបណ្ដាលឲ្យឆេះវាលស្មៅស្បូវ និងឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងក្នុងចំណោមផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ៩ខ្នង ដែលមាននៅតំបន់ជប់គគីរនោះ៖ «ព្រៃវាហើយ និងតំបន់សខ្មែរយើងនេះវាជាប់ជុំគ្នាទៅ វាដុតទៅ ព្រៃខាងនោះ វាឆេះទាំងអស់ទៅ វាឆេះតំបន់សមកដល់ផ្ទះប្រជាពលរដ្ឋ»។
លោកមេភូមិបានឲ្យដឹងថា ម្ចាស់ផ្ទះទាំង២ មានម្នាក់ ឈ្មោះ សុខ រ៉េម មានកូនធ្វើទាហាននៅកងពលលេខ៤២ និងម្ចាស់ផ្ទះមួយទៀត ឈ្មោះ អ៊ិន អឿង មានមុខរបរជាអ្នកធ្វើស្រែនៅតំបន់ជប់គគីរនោះ។ ផ្ទះនៅតំបន់នោះសង់ឡើងកាលពីឆ្នាំ១៩៩០ ដោយមានដំណាំ ដូង ស្លា ស្វាយ ធំៗអស់ទៅហើយ។ ផ្ទះនោះមានទំហំប្រមាណ ៥ម៉ែត្រ គុណ ៦ម៉ែត្រ ខ្ពស់ផុតពីដី ធ្វើពីឈើ មានជញ្ជាំងឈើ និងប្រក់ស្បូវ។
លោក ប៊ូ សាបេន មេបញ្ជាការយោធានៅតំបន់ជប់គគីរ បានមានប្រសាសន៍ថា មានផ្ទះប្រជាពលរដ្ឋ ខ្មែរ ២ខ្នងឆេះមែន ប៉ុន្តែមិនមែនបណ្ដាលមកពីទាហានថៃដុតនោះឡើយ៖ «វាដុតដីវាទេ តែវារាលមក វាឆេះអស់ ២ខ្នងផង់យើងនោះ»។
អតីតមេទាហានមួយរូបសុំមិនចេញឈ្មោះ ដែលធ្លាប់ការពារព្រំដែននៅតំបន់ជប់គគីរនោះ បានឲ្យដឹងថា ភាគីថៃ តែងតែបង្កហេតុមកលើទឹកដីកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានសំណង់ថ្មី ឬការជួសជុលផ្ទះនៅតំបន់មានជម្លោះទឹកដីនោះឡើយ៖ «ថៃវាមិនឲ្យធ្វើ។ កាលនិយាយគ្នាថា យើងមិនធ្វើគេក៏មិនធ្វើអីនោះណា។ ខ្មែរយើងមិនបានធ្វើទេ គ្រាន់តែជួសជុលផ្ទះ រើដំបូលចាស់បាំងដំបូលថ្មី ក៏វាខឹងដែរ។ វាមិនឲ្យបាំង មិនឲ្យធ្វើអីទាំងអស់នៅម្ដុំនោះ»។
ខេត្តឧត្តរមានជ័យ ជាខេត្តមួយជាប់ព្រំដែនថៃ។ មានចំណុចជាច្រើននៅតាមជាយដែនខ្មែរ ជាមួយថៃ ក្នុងនេះដែរទាហានថៃ បានទាមទារថា ជាទឹកដីថៃ។ ក្នុងនោះ រួមមានទាំងប្រាសាទតាក្របី ប្រាសាទតាមាន់ផងដែរ។
ប្រជាពលរដ្ឋខ្មែររស់នៅតាមជាយដែននោះ តែងតែមានការព្រួយបារម្ភជាប់ជានិច្ច ពីព្រោះមិនដឹងថាតើទាហានថៃ អាចបាញ់គ្នាជាមួយទាហានខ្មែរពេលណា? ដូច្នេះប្រជាពលរដ្ឋតែងតែវេចបង្វេចខោអាវជាប់ជានិច្ច ដើម្បីត្រៀមរត់គេចពីគ្រាប់កាំភ្លើងធំរបស់ថៃ ដែលផ្លោងពីព្រំដែនចូលមកដីខ្មែរ បានចម្ងាយចាប់ពី ១០ ទៅដល់ ៣០គីឡូម៉ែត្រ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
រថយន្តចង្កូតស្ដាំបន្តនាំចូលគេចពន្ធនៅតាមព្រំដែនខ្មែរ-ថៃ
មន្ត្រីខ្មែរស្នើថៃឲ្យឈប់បាញ់សម្លាប់ពលរដ្ឋរបស់ខ្លួន
ទាហានខ្មែរ និងថៃ បាញ់គ្នាមួយប្រាវ នៅជាំក្សាន្ត
មន្ត្រីខ្មែរ-ថៃជួបចរចាដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែន
ក្ដីបារម្ភអំពីគម្រោងវារីអគ្គិសនីសាយ៉ាបូរី (Xayaburi) នៅឡាវ
អាជ្ញាធរថៃតម្រូវឲ្យពលរដ្ឋខ្មែរថតចម្លងលិខិតឆ្លងដែនពេលចូលដីថៃ
អ្នកវិភាគ៖ លោក ថាក់ស៊ីន មកកម្ពុជាជារឿងនយោបាយ
មតិ
Click here to add your own comment