លោក រឹម ជេង តំណាងឲ្យគណៈកម្មាធិការបង្គោលនៃសមាគមពុទ្ធសាសនានិងវប្បធម៌ខ្មែរ ក្រុងហែម៉ឹលតឹនបានប្រកាសឲ្យដឹងថា រួមជាមួយបងប្អូនខ្មែរពីទីក្រុងនានានៃប្រទេសកាណាដា ដូចជាទីក្រុងតូរ៉ុងតូ នូម៉ាខេត (New Market) ណេផឺល (Naples) ឡុនដុន (London) កវិលហ្វ៍ (Guelph) ឃិតឆឹនន័រ (Kitchener) និងសេនខិតធ្រិន (St Catherines) ផង បានរៃអង្គាសប្រាក់កាលពីថ្ងៃសោរ៍ ទី១៦ សីហា បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
លោក រឹម ជេង មានប្រសាសន៍ដូច្នេះថា ៖ «បច្ច័យរួមដែលយើងខ្ញុំបានប្រមូលពីព្រឹក រហូតដល់ពេលយប់ គឺបានចំនួនសរុបទាំងអស់គឺ ១ម៉ឺនដុល្លារកាណាដា។ ដូច្នេះ យើងខ្ញុំដែលជាគណៈកម្មការបង្គោលហ្នឹង នឹងបញ្ជូនបច្ច័យ ១ម៉ឺនដុល្លារកាណាដាហ្នឹង ឲ្យបានទៅដល់ដៃកងទ័ពនិងព្រះសង្ឃ ប្រជាជន ជាមិនខានទេ»។
យោងតាមប្រសាសន៍លោក រឹម ជេង ប្រាក់១ម៉ឺនដុល្លារកាណាដា ស្មើនឹងជាង ៩ពាន់៣រយដុល្លារអាមេរិកនេះ នឹងត្រូវចែកជា ៨៥% ជូនដល់យោធា និង ១៥% ប្រគេនព្រះសង្ឃនិងជូនប្រជាពលរដ្ឋតាមរយៈមន្ត្រីមួយរូបនៃបណ្តាញទូរទស្សន៍ស៊ីធីអិន ៖ «បងងួន ដែលលោកជាអនុប្រធាននៅស៊ីធីអិន នៅភ្នំពេញហ្នឹង គាត់នឹងរៀបចំបច្ច័យទាំងអស់នេះ ជួយទិញជារបស់ដូចជា ថ្នាំពេទ្យ តង់ អង្រឹង ស្បែកជើង ឬក៏ស្បៀង។ល។ ហើយ គាត់នឹងចុះទៅជួយចែកផ្ទាល់ ដោយពុំបានកាត់ជាសោហ៊ុយដឹកជញ្ជូន ឬក៏ថ្លៃសាំង ឬមួយក៏ថ្លៃស៊ីចុកទេ»។
លោកបញ្ជាក់ផងដែរថា ការចែកចាយជំនួយនេះនឹងមានចែកតាមបណ្តោយខ្នងភ្នំដងរែក ៖ «កាលពិភាក្សាហ្នឹង ដែលចាប់ផ្ដើមដំបូង គឺមានតែនៅតបន់ព្រះវិហារទេ ក្រោយមកគឺមានការរុកគួន រហូតទៅដល់តំបន់តាមាន់ធំ។ ដូច្នេះ នៅពេលដែលយើងខ្ញុំទាំងអស់គ្នា ដែលបានទូរស័ព្ទទាក់ទងជាមួយនឹងបងងួន ដែលជាអនុប្រធាននៅស៊ីធីអិនហ្នឹង គាត់ក៏បានជម្រាបជូនដល់បងប្អូនយើងដែរថា ក្នុងពេលនេះ គឺមិនមានតែតំបន់ព្រះវិហារទេ គឺរហូតដល់តំបន់ជួរភ្នំដងរ៉ែកហ្នឹង គឺមានបញ្ហារហូតដល់តំបន់តាមាន់ធំផងដែរ»៕
