តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម នឹងចូលជួបមន្ត្រីសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែឧសភា។ ពួកគេនឹងពិភាក្សាអំពីការស្នើសុំរបស់ខ្មែរក្រោម ដែលបានស្នើទៅកាន់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីយកទីលានប្រជាធិបតេយ្យ ជាកន្លែងប្រារព្ធពិធីបុណ្យខួបរំលឹកបាត់បង់ទឹកដីកម្ពុជាក្រោម ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
នេះគឺជាលើកទី១ហើយដែលខ្មែរក្រោមនឹងត្រូវអនុញ្ញាតឲ្យប្រារព្ធធ្វើពិធីបុណ្យខួបរំលឹកបាត់បង់ទឹកដីកម្ពុជាក្រោម នៅលើទីលានប្រជាធិបតេយ្យ ប្រសិនបើអាជ្ញាធរខ្មែរអនុញ្ញាតតាមការស្នើសុំរបស់ពួកគេ ដូចការគ្រោងទុកមែននោះ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃទី២៧ ខែឧសភា ថា អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានដាក់លិខិតស្នើសុំទៅកាន់សាលារាជធានីភ្នំពេញ តាំងពីដើមខែឧសភា ដើម្បីស្នើសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យខ្មែរក្រោមបានប្រារព្ធខួបរំលឹកបាត់បង់ទឹកដីថ្ងៃទី៤ មិថុនា នៅលើទីលានប្រជាធិបតេយ្យ។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា មូលហេតុដែលអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ស្នើសុំយកទីលានប្រជាធិបតេយ្យជាកន្លែងប្រារព្ធពិធី ព្រោះលោកមើលឃើញថា ទីលានប្រជាធិបតេយ្យមានទីធ្លាធំទូលាយ ងាយស្រួលក្នុងការប្រារព្ធពិធី និងក្នុងការការសន្តិសុខ សុវត្ថិភាពជាដើម។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកខួបបាត់បង់ទឹកដីឆ្នាំនេះ អាចមានមនុស្សច្រើនពាន់នាក់ចូលរួម ក្នុងនោះព្រះសង្ឃជិត ២ពាន់អង្គ ក៏នឹងត្រូវនិមន្តចូលរួមក្នុងពិធីរាប់បាត្រផងដែរ។ លោកថា ក្រៅពីព្រះសង្ឃ ប្រជាពលរដ្ឋ ព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ក៏នឹងអាចយាងចូលរួមទៀតផង។
យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់ថា គេត្រូវរង់ចាំមើលលទ្ធផលនៃជំនួបរវាងតំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ជាមួយអាជ្ញាធរសាលារាជធានីភ្នំពេញ ជាមុនសិន។ ប៉ុន្តែលោកសង្ឃឹមថា អាជ្ញាធរនឹងអនុញ្ញាតឲ្យខ្មែរក្រោមប្រារព្ធពិធីនេះនៅទីលានប្រជាធិបតេយ្យ ព្រោះលោកថា ស្ថានភាពនយោបាយខ្មែរក៏កំពុងស្ងប់ស្ងាត់ ហើយម្យ៉ាងទៀត លោកថា ការបាត់បង់ទឹកដី គឺជាបញ្ហារបស់ខ្មែរទាំងអស់គ្នា។
លោក ថាច់ សេដ្ឋា៖ «ខ្ញុំសង្ឃឹមដែរ ដោយសារឃើញមានការវិវត្តន៍នយោបាយ ហើយម្នាក់ៗងាកមកគិតពីរឿងជាតិ រឿងស្រុកទេស ដល់ជាតិសាសន៍របស់យើងមិនចង់បែកបាក់ ហើយនៅពេលដែលរដ្ឋាភិបាល និងបក្សប្រឆាំងបង្កើតនៅវប្បធម៌សន្ទនាហើយ អ៊ីចឹងយើងសង្ឃឹមថា អាចមានការយោគយល់គ្នារឿងហ្នឹង ហើយមិនខ្លាចបរទេសអ្វីទៀតនោះទេ»។
គិតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ គឺមានរយៈពេល ៦៦ឆ្នាំហើយដែលអាណានិគមនិយមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួន បាវ ដាយ កាលពីឆ្នាំ១៩៤៩។ ចាប់តាំងពីពេលនោះមក ខ្មែរក្រោមបានយកថ្ងៃទី៤ ខែមិថុនា គឺជាទិវាចងចាំតៗរៀងមក។
កន្លងមកអាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានអនុញ្ញាតឲ្យអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅវាលព្រះមេរុ និងនៅលើសួនច្បារមុខវត្តបទុមវតី ផងដែរ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតឡើយ ហើយបានណែនាំពួកគេឲ្យទៅធ្វើនៅទីស្នាក់ការអង្គការ-សមាគមខ្មែរកម្ពុជាក្រោម នៅតាមទីអារាម ឬនៅតំបន់ជាយក្រុងវិញ។ ការមិនអនុញ្ញាតឲ្យខ្មែរក្រោមធ្វើនៅតាមទីសាធារណៈធំៗនេះ ត្រូវបានគេមើលថា ដោយសាររដ្ឋាភិបាលកម្ពុជា ខ្លាចរដ្ឋាភិបាលវៀតណាម ខឹងសម្បា ហើយអាចធ្វើឲ្យប្រទេសទាំង២ មានទំនាក់ទំនងមិនល្អនឹងគ្នា។
ចំពោះការស្នើសុំរបស់ខ្មែរក្រោមនៅពេលនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនទាន់អាចឆ្លើយតបបានយ៉ាងណានោះទេ។ លោកថា ត្រូវរង់ចាំមើលលទ្ធផលជំនួបនៅថ្ងៃទី២៨ ឧសភា ជាមុនសិន៖ «ប្រជុំអំពីកម្មវិធីជាក់ស្ដែង អំពីកម្មវិធីលំអិតយ៉ាងម៉េចៗ ប្រធានបទអ្វីខ្លះ អ្នកចូលរួមប៉ុន្មាននាក់ មកពីណាខ្លះ? បើសិនយើងអនុញ្ញាតជូនគាត់យើងត្រូវរៀបចំការពារសន្តិសុខជូនគាត់ យើងធ្វើអ៊ីចឹងរាល់ដង ជាទម្លាប់របស់អាជ្ញាធររាជធានីជាមួយអង្គការសង្គមស៊ីវិល ជាមួយគណបក្សនយោបាយនានា»។
គេនៅចាំបានថា នៅក្រោយការប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីឆ្នាំ២០១៤ ខ្មែរក្រោម និងយុវជនជាច្រើនបាននាំគ្នាតវ៉ាឲ្យរដ្ឋាភិបាលវៀតណាម សុំទោស និងទទួលស្គាល់ប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ ការតវ៉ាកើតឡើងបន្ទាប់ពីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បានថ្លែងថា ទឹកដីកម្ពុជាក្រោម ដែលវៀតណាម ហៅថា ទឹកដីណាមបូ (Nam Bo) គឺជាទឹកដីរបស់វៀតណាម តាំងពីយូរណាស់មកហើយ។ យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាម មិនបានសុំទោសឡើយ ហើយខាងរដ្ឋាភិបាលកម្ពុជា ក៏មិនបានផ្ញើកំណត់ទូតដើម្បីឲ្យរដ្ឋាភិបាលវៀតណាម បកស្រាយរឿងនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
