សមាគម​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​តវ៉ា​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៅ​ដើម​ខែ​តុលា

0:00 / 0:00

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​សម្រេច​ថា នឹង​ចាប់​ផ្ដើម​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៤ បន្ត​ទៀត។ ការ​សម្រេចចិត្ត​ពន្យារ​ពេល​យូរ​ដូច​នេះ ដោយសារ​ពួកគេ​ចង់​ទុក​ពេល​មួយ​ខែ​ទៀត​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា ធ្វើការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម ជុំវិញ​ការ​ទាមទារ​របស់​ពួក​គេ។ ម្យ៉ាង​ដោយសារ​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ផង។

គម្រោងការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម អំពី​បញ្ហា​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ពលរដ្ឋ និង​យុវជន មាន​គម្រោង​ធ្វើ​នៅ​ដើម​ខែ​កញ្ញា គ្រោង​លើក​ទៅ​ធ្វើ​នៅ​ដើម​ខែ​តុលា​វិញ ប្រសិន​បើ​ពួកគេ​នៅតែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ខែ​កញ្ញា។

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​ក្រុម​យុវជន​ទាំង​៩ នៅ​រសៀល​ថ្ងៃ​ទី​​៣១ សីហា នៅ​ភោជនីយដ្ឋាន​បៃតង។

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ខ្មែរ​ក្រោម​និង​យុវជន​សម្រេច​ចិត្ត​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​ដើម​ខែ​តុលា ដោយសារ​តែ​ក្នុង​ខែ​កញ្ញា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​នាំ​គ្នា​រៀបចំ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ដើម្បី​ទុក​ពេល​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ច្រើន​បន្តិច ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម។

តែ​ទោះ​យ៉ាង​ណា​ក៏ដោយ លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា ខ្មែរ​ក្រោម​និង​យុវជន នឹង​រៀបចំ​វេទិកា​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ខាង​មុខ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​និយាយ​ពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម និង​ពី​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា៖ «វា​ហាក់​ដូច​ជា​រយៈពេល​វែង​សម្រាប់​ទាំង​យួន​ដែល​គេ​គិត​អំពី​បញ្ហា​រក​ដំណោះស្រាយ​ហ្នឹង ក៏​ដូច​ជា​ជាមួយ​រដ្ឋាភិបាល ហើយ​បើ​មិន​នៅ​តែ​មិន​ចេញ​ទេ គឺ​អា​ហ្នឹង​ក្នុង​ចុង​ខែ​៩​ហ្នឹង គឺ​យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​តាម​ការកំណត់​ទៅ នឹង​អាច​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២ ទី​៣ ទី​៤ ទី​៥ នៅ​ខែ​១០ អា​ហ្នឹង​យុវជន​បាន​សម្រេច​អម្បាញ់មិញ»

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន កាល​ពី​ថ្ងៃ​ទី​១១ សីហា បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឲ្យ​ក្រសួង​កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ធ្វើ​កំណត់​ទូត​ដើម្បី​បញ្ចប់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​រដ្ឋាភិបាល​វៀតណាម និង​ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ការ​សិក្សា​រៀន​សូត្រ និង​ការ​ស្រាវជ្រាវ​របស់​សិស្ស​និស្សិត​ខ្មែរ​ក្នុង​ពេល​ខាង​មុខ។ ក្រុម​អ្នក​តវ៉ា​បាន​ទុក​ពេល​ឲ្យ​ក្រសួង​ការបរទេស​រហូត​ដល់​ដំណាច់​ខែ​សីហា ដើម្បី​ធ្វើ​ការងារ​នេះ ហើយ​ថា ប្រសិនបើ​គ្មាន​វិធានការ​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត។

​ប្រធាន​សហព័ន្ធ​និស្សិត​និង​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស ដែល​បាន​ដឹកនាំ​សមាជិក​របស់​ខ្លួន​ចូល​រួម​ការ​តវ៉ា​របស់​ខ្មែរ​ក្រោម​ដែរ​នោះ កត់​សម្គាល់​ថា សហព័ន្ធ​របស់​លោក​មិន​បោះ​បង់​ចោល​ឡើយ​នូវ​គម្រោង​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ។ លោក​សង្ឃឹម​ថា ក្នុង​រយៈពេល ១​ខែ ចាប់​ពី​ពេល​នេះ រហូត​ដល់​ចុង​ខែ​កញ្ញា ក្រសួង​ការ​បរទេស​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

លោក ម៉ៅ ពិសេស៖ «ខ្ញុំ​គ្រាន់តែ​ចង់​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាងម៉េច​ជំរុញ​ឲ្យ​រដ្ឋាភិបាល វៀតណាម​ហ្នឹង គោរព​ប្រទេស​កម្ពុជា ហើយ​ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ អ៊ីចឹង​គឺ​គាត់​ត្រូវ​ដើរ​តួ​ផ្នែក​ការ​ទូត​ឲ្យ​បាន​ប្រសើរ ឲ្យ​ឆ្លាត ដើម្បី​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មើល​មក​ថា ប្រទេស​កម្ពុជា ក៏​ដូចជា​រដ្ឋាភិបាល​ហ្នឹង មិន​ស្ដាប់​វៀតណាម ហើយ​ការពារ​ផលប្រយោជន៍​របស់​ខ្មែរ​ពិត​ប្រាកដ ហើយ​អ៊ីចឹង​រយៈពេល​ប្រហែល​ជាង​មួយ​ខែ​ទៀត​ហ្នឹង គឺ​ជា​ពេល​វេលា​ហាក់​ដូចជា​សមរម្យ គ្រប់គ្រាន់​សម្រាប់​គាត់​ធ្វើ​ហើយ បើ​គាត់​មាន​ឆន្ទៈ»

​ពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​ក្រោម បាន​តវ៉ា​ចំនួន ៣​លើក​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។ សន្ទុះ​នៃ​ការ​តវ៉ា​ហាក់​បាន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​មាន​ការ​ដុត​ទង់​ជាតិ​វៀតណាម។ ទោះជា​យ៉ាង​ណា រដ្ឋាភិបាល​វៀតណាម មិន​បាន​ឆ្លើយ​តប​ឡើយ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​កុំ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ពួកគេ និង​ចាត់​វិធានការ​ចំពោះ​អ្នក​ដុត​ទង់​ជាតិ​វៀតណាម។

យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា បដិសេធ​មិន​ធ្វើតាម​ការ​ស្នើ​របស់​វៀតណាម នោះ​ទេ ដោយ​លើក​ហេតុផល​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ចំណែក​ការ​ដុត​ទង់ជាតិ​វិញ ក៏​ជា​រឿង​សកល​ទៅ​ហើយ ដែល​សូម្បីតែ​ពលរដ្ឋ​វៀតណាម ខ្លួន​ឯង ក៏បាន​ដុត​ទង់ជាតិ​ចិន​ដែរ ក្នុង​ពេល​បាតុកម្ម​តវ៉ា​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។