សហព័ន្ធ​ខ្មែរ​ក្រោម​នឹង​ចូលរួម​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​អាមេរិក

នាយករដ្ឋមន្រ្តី​វៀតណាម ង្វៀង តាន់យុង មាន​គម្រោង​នឹង​ចូល​ជួប​លោក​ប្រធានាធិបតី ហ្ចច ដឹបបឹលយូ ប៊ូស្ហ នៅឯ​សេតវិមាន ក្រុង​វ៉ាស៊ិនតោន នៅថ្ងៃ​អង្គារ ទី​២៤ មិថុនា សប្តាហ៍​ក្រោយ​នេះ ។

អង្គការ​យៀកណាម​ឯនាយ​សមុទ្រ​ជាច្រើន រួម​ទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផង បាន​ប្រុងប្រៀប​ធ្វើការ​ប្រឆាំង​តវ៉ា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​យៀកណាម នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ ។

កាលពីយប់មិញ​នេះ លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ពី​សកម្មភាព​របស់​សហព័ន្ធ នៅក្រុង​វ៉ាស៊ិនតោន ពាក់ព័ន្ធ​នឹង​ទស្សនកិច្ច​របស់​លោក ង្វៀង តាន់យុង ៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម ... ទៅ​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុម​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក... ស្ដីអំពី​សិទ្ធិ​មនុស្ស ។ ក្រុម​ទាំង​អស់​រួមមាន​ទាំង​សមាគម​វៀតណាម​និង​ក្រុម​ម៉ុងតាញ៉ា​ផង ជួបជុំ​គ្នា​ជាមុន​ដើម្បី​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី ហ្ចច ប៊ូស្ហ ឲ្យ​ធ្វើការ​គាប​សង្កត់​[រដ្ឋាភិបាល​វៀតណាម] ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​រៀបចំ​ធ្វើ​លិខិត​ជូន​លោក​ប្រធានាធិបតី ហ្ចច ប៊ូស្ហ ក៏​ដូចជា សមាជិក​ព្រឹទ្ធសភា អូបាម៉ា និង ចន ម៉ាក​ខេន ផងដែរ ជម្រាប​នូវ​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​ក្រោម ដោយ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​គាប​សង្កត់​លើ​ព្រះសង្ឃ​និង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម»

សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ក្នុង​ការដើរ​បាតុកម្ម​ធំ​មួយ នៅ​ទីក្រុង​សាន់ ហ្វ្រានស៊ិស្កូ នៅចុង​សប្តាហ៍​ក្រោយ​នេះ​ផងដែរ ដោយ​លោក​ប្រកាស​ឲ្យ​ដឹង​បន្ថែម​ពី​សកម្មភាព​និង​គោលបំណង​របស់​​​សហព័ន្ធ​ដូច្នេះ ៖ «ក្រៅពីហ្នឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ខាង​សមាគម​វៀតណាម ក៏​ដូចជា​ក្រុម​ម៉ុងតាញ៉ា ដោយឡែក​យើង​មាន​ការធ្វើ​ព្យុហយាត្រា​មួយ​នៅ​ទីក្រុង​សាន់​ហ្រ្វាន់​ស៊ីស្កូ នៅ​ថ្ងៃ​សៅរ៍ ទី​២៩ សប្ដាហ៍​ក្រោយ​នេះ គឺ​១ ដើម្បី​រំឭក​ខួប​នៃ​ការបង្កើត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៤៥ និង​ទី២ រំឭក​ដល់​ខួប​នៃ​ការចាប់​ព្រះតេជគុណ ទឹម សាខន ដោយ​រដ្ឋាភិបាល​ខ្មែរ​បញ្ជូន​ឲ្យ​ទៅ​រដ្ឋាភិបាល​យួន​នោះ​រហូត​ដល់​សព្វថ្ងៃ និង​ទី៣ យើង​ធ្វើ​ដើម្បី​ជំទាស់​នឹង​ការធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​យួន ដោយ​ចង់​ជម្រាប​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ក៏​ដូចជា​អ្នកនយោបាយ​អាមេរិកាំង ជា​ពិសេស លោក​ប្រធានាធិបតី ហ្ចច ប៊ូស្ហ ឲ្យ​យល់​ដឹង​អំពី​ស្ថានការណ៍​ជិះជាន់​របស់​រដ្ឋាភិបាល​វៀតណាម»