អង្គការយៀកណាមឯនាយសមុទ្រជាច្រើន រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោមផង បានប្រុងប្រៀបធ្វើការប្រឆាំងតវ៉ានឹងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលយៀកណាម នៅសហរដ្ឋអាមេរិកលើកនេះ ។
កាលពីយប់មិញនេះ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីពីសកម្មភាពរបស់សហព័ន្ធ នៅក្រុងវ៉ាស៊ិនតោន ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោក ង្វៀង តាន់យុង ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនគណៈប្រតិភូមួយក្រុម ... ទៅជួបប្រជុំជាមួយនឹងក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក... ស្ដីអំពីសិទ្ធិមនុស្ស ។ ក្រុមទាំងអស់រួមមានទាំងសមាគមវៀតណាមនិងក្រុមម៉ុងតាញ៉ាផង ជួបជុំគ្នាជាមុនដើម្បីអំពាវនាវដល់លោកប្រធានាធិបតី ហ្ចច ប៊ូស្ហ ឲ្យធ្វើការគាបសង្កត់[រដ្ឋាភិបាលវៀតណាម] ហើយសហព័ន្ធខ្មែរកម្ពុជាក្រោមបានរៀបចំធ្វើលិខិតជូនលោកប្រធានាធិបតី ហ្ចច ប៊ូស្ហ ក៏ដូចជា សមាជិកព្រឹទ្ធសភា អូបាម៉ា និង ចន ម៉ាកខេន ផងដែរ ជម្រាបនូវព្រឹត្តិការណ៍ដែលកើតមានឡើងនៅកម្ពុជាក្រោម ដោយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមគាបសង្កត់លើព្រះសង្ឃនិងបងប្អូនខ្មែរកម្ពុជាក្រោម» ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានអំពាវនាវឲ្យមានការចូលរួមក្នុងការដើរបាតុកម្មធំមួយ នៅទីក្រុងសាន់ ហ្វ្រានស៊ិស្កូ នៅចុងសប្តាហ៍ក្រោយនេះផងដែរ ដោយលោកប្រកាសឲ្យដឹងបន្ថែមពីសកម្មភាពនិងគោលបំណងរបស់សហព័ន្ធដូច្នេះ ៖ «ក្រៅពីហ្នឹង សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលរួមធ្វើបាតុកម្មជាមួយខាងសមាគមវៀតណាម ក៏ដូចជាក្រុមម៉ុងតាញ៉ា ដោយឡែកយើងមានការធ្វើព្យុហយាត្រាមួយនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៅថ្ងៃសៅរ៍ ទី២៩ សប្ដាហ៍ក្រោយនេះ គឺ១ ដើម្បីរំឭកខួបនៃការបង្កើតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៤៥ និងទី២ រំឭកដល់ខួបនៃការចាប់ព្រះតេជគុណ ទឹម សាខន ដោយរដ្ឋាភិបាលខ្មែរបញ្ជូនឲ្យទៅរដ្ឋាភិបាលយួននោះរហូតដល់សព្វថ្ងៃ និងទី៣ យើងធ្វើដើម្បីជំទាស់នឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយួន ដោយចង់ជម្រាបឲ្យពលរដ្ឋអាមេរិកាំង ក៏ដូចជាអ្នកនយោបាយអាមេរិកាំង ជាពិសេស លោកប្រធានាធិបតី ហ្ចច ប៊ូស្ហ ឲ្យយល់ដឹងអំពីស្ថានការណ៍ជិះជាន់របស់រដ្ឋាភិបាលវៀតណាម» ៕
