ខ្មែរ​នៅ​បារាំង​ធ្វើ​សិក្ខាសាលា​ស្ដីពី​បញ្ហា​ស្រុក​ខ្មែរ

ពលរដ្ឋ​អ្នកមាន​ដើមកំណើត​ខ្មែរ​ជាច្រើន​នៅ​ប្រទេស​បារាំង រួមគ្នា​ស្វែងរក​អនុសាសន៍​សំខាន់​ៗ​ដើម្បី​នឹង​ជួយ​ដោះស្រាយ​បញ្ហាវិបត្តិ​ធំ​ៗ នៅ​កម្ពុជា​សព្វថ្ងៃ ។

អង្គសិក្ខាសាលា​ពិសេស​មួយ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ខ្មែរ​ចូលរួម​ប្រមាណ ២០០​នាក់​នៅ​ទីក្រុង​ប៊ុស្ស៊ី​សាំងហ្ស័ក ថ្មីៗ​នេះ ទើប​បាន​ចេញ​ផ្សព្វផ្សាយ​នូវ​អនុសាសន៍ ដែល​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ផ្តោត​អំពី​វិបត្តិ​សង្គម​នៅ​កម្ពុជា រួមមាន​បញ្ហា​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការធ្លាក់ចុះ​គុណភាព​នៃ​វិស័យ​វប្បធម៌​និង​ព្រះពុទ្ធ​សាសនា​ខ្មែរ ស្ថានភាព​លំបាក​វេទនា​របស់​ស្រ្តី​ខ្មែរ អ្នកក្រីក្រ ការបាត់បង់​ទឹក​ដី​ដោយសារ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ជិតខាង​ដែល​នៅតែ​បន្ត​គម្រោង​នៃ​ការធ្វើ​អាជីវកម្ម​ប្រេងកាត​ដែល​គ្មាន​តម្លាភាព ការឡើង​ថ្លៃ​នៃ​តម្លៃ​ប្រេងសាំង​នៅស្រុក​ខ្មែរ ខ្ពស់ជាង​ប្រទេស​ជិតខាង ការក្តោបក្តាប់​របស់​វៀតណាម​លើ​ស្ថាប័ន​ជាតិ​ខ្មែរ និង​បញ្ហា​និគមជន​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា ។

សិក្ខាកាម​ដែល​ជា​អ្នកតំណាង​អង្គការ​សង្គម​ស៊ីវិល បញ្ញាជន និង​អ្នកបច្ចេកទេស​ខ្មែរ បញ្ជាក់​ថា បញ្ហា​ទាំងអស់​នេះ គឺ​ជា​គ្រោះថ្នាក់​ចំពោះមុខ​សម្រាប់​ប្រជាជាតិខ្មែរ ។ ហេតុនេះហើយ ទើប​គេ​រួមគ្នា​ពិភាក្សា បង្ហាញ​នូវ​កង្វល់​រួម ហើយ​ផ្ញើសារ​នេះ ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ជូនទៅ​ប្រធាន​និង​សមាជិក​សភា​និង​ព្រឹទ្ធសភា​ខ្មែរ និង​ថ្វាយជូន​ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​និង​ដោះស្រាយ ។

មិន​តែ​ប៉ុណ្ណោះ អង្គសិក្ខាសាលា​ក៏​បាន​ផ្ញើសារ​ដដែល​នេះ​ជូន​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជូន​ទៅ​សហ​ប្រធាន​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ឆ្នាំ​១៩៩១ និង​ផ្ញើ​ជូន​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ដោះស្រាយ​បញ្ហា​ទាំងនេះ ឲ្យ​បាន​ទាន់​ពេល​វេលា ៕