សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ជិត​១​ពាន់​នាក់​បង្សុកូល​​ជូន​​អ្នក​ស្លាប់​ជំនាន់ ប៉ុល ពត

0:00 / 0:00

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រាប់​បាត្រ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧ មេសា នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក រាជធានី​ភ្នំពេញ ឆ្នាំ​២០១៤។ អ្នក​ចូលរួម​អំពាវនាវ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម ពន្លឿន​ការ​ជំនុំជម្រះ​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដែល​នៅ​រស់។

ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​ចូលរួម​ពិធី​បុណ្យ​រាប់​បាត្រ​បង្សុកូល នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេសា គឺ​ក្នុង​គោលបំណង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​សមាជិក​គ្រួសារ ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

អ្នក​ចូលរួម​ក្នុង​ពិធី​នេះ បាន​បង្ហាញ​ពី​ភាព​ក្ដុកក្ដួល នៅ​ពេល​ដែល​ពួក​គាត់​ឃើញ​គំនរ​ឆ្អឹង និង​លលាដ៍​ក្បាល​ជន​រងគ្រោះ ដែល​ដាក់​គរ​នៅ​ឯ​ស្តូប​ជើង​ឯក​នោះ។

សាច់ញាតិ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​មួយ​រូប គឺ​លោកស្រី រស់ បុប្ផា ថ្លែង​ថា សមាជិក​គ្រួសារ​របស់​លោកស្រី​ជា​ច្រើន​នាក់​បាន​ស្លាប់ ដោយ​សារ​តែ​របប​ខ្មែរ​ក្រហម​នោះ៖ «នាង​ខ្ញុំ​សមាជិក​ដែល​ស្លាប់​ទៅ ១២​នាក់។ ១២​នាក់​ហ្នឹង គឺ​ទាំង​ឪពុក​ទាំង​ម្ដាយ ទាំង​បង​ប្អូន​របស់​នាង​ខ្ញុំ។ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង»។

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច​ប្រទេស​កម្ពុជា ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជិត ២​លាន​នាក់​បាត់​បង់​ជីវិត ដោយសារ​តែ​ការ​អត់​អាហារ​ហូប​ចុក ខ្វះ​ថ្នាំ​ព្យាបាល​ជំងឺ ធ្វើ​ការ​ហួស​កម្លាំង ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​នៅ​តាម​វាល​ពិឃាដ​ជា​ច្រើន​កន្លែង​ទូទាំង​ប្រទេស ដូច​ជា​នៅ​វាល​ពិឃាដ​ជើង​ឯក​នេះ​ជា​ដើម។

បច្ចុប្បន្ន​នេះ មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​រស់​ចំនួន ២​រូប គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន កំពុង​ស្ថិត​ក្រោម​ការ​ជំនុំជម្រះ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង​លេខ ០០២ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ពួក​គាត់​គ្រប់​គ្រង់​អំណាច នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ម៉ៅ មុន្នីវណ្ណ ថ្លែង​ថា ឆ្លង​តាម​ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ ជា​បុព្វហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ធ្វើ​ពិធី​បង្សុកូល​នៅ​ថ្ងៃ​ទី ១៧ មេសា។

លោក​ជំរុញ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ពន្លឿន​ការ​ជំនុំជម្រះ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ឧក្រិដ្ឋ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នោះ។

សាលាក្ដី​ខ្មែរក្រហម បាន​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​លើ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​លេខ ០០២ វគ្គ ១ កាល​ពី​ចុង​ឆ្នាំ​២០១៣។ សាលាក្ដី​រំពឹង​ថា សាលក្រម​នឹង​អាច​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ នេះ។ ទន្ទឹម​គ្នា ខាង​ភាគី​ជាតិ ក៏​កំពុង​ខ្វះ​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​បុគ្គលិក​ចាប់​ពី​ខែ​មេសា​នេះ ទៅ​ដល់​ចុង​ឆ្នាំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។