សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ពង្រីក​បណ្ដាញ​សាខា​នៅ​អាមេរិក

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ប្ដេជ្ញា​ថា នឹង​ពង្រីក​បណ្ដាញ​ខ្មែរ​កម្ពុជា​ក្រោម​បន្ថែម​ទៀត ដើម្បី​ប្រមូល​ការ​គាំទ្រ និង​បង្រួបបង្រួម​គ្នា ឲ្យ​ជួយ​គិតគូរ​អំពី​ជោគវាសនា​ខ្មែរ​ក្រោម ដែល​កំពុង​រង​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។

សហព័ន្ធ​ខ្មែរ​ក្រោម​កាល​ពី​ដើម​ខែ​មីនា បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក ថាច់ ខេ ជា​តំណាង​របស់​ក្រុម​ខ្មែរ​ក្រោម​ប្រចាំ​ទីក្រុង ហ្គ្រីនស្បូរូ (Greensboro) នៃ​រដ្ឋ នស៍ ឃែរូឡាយណា (North Carolina) ជា​រដ្ឋ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៥០​គ្រួសារ​កំពុង​រស់​នៅ។ មន្ត្រី​សហព័ន្ធ​មាន​បំណង​នឹង​បង្កើត​ឲ្យ​មាន​សាខា​តាម​បណ្ដា​រដ្ឋ​ណា​ដែល​មាន​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​ច្រើន។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ទីក្រុង ហ្គ្រីនស្បូរូ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​សម្រេច​តាម​ឆន្ទៈ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​អាណត្តិ​ពីរ​ឆ្នាំ​ម្ដង។

លោក ថាច់ ង៉ុកថាច់៖ «បាទ! លទ្ធផល​ទី​មួយ គឺ​បាន​ជ្រើសរើស​គណៈកម្មការ​សហព័ន្ធ​ថ្មី​នៅ​ទីក្រុង​ហ្គ្រីនស្បូរូ ដែល​វា​ជា​ជោគជ័យ​មួយ​ដែល​មាន​ការ​ផ្លាស់ប្តូរ ហើយ​សប្បាយ​ចិត្ត​ទាំង​អស់​គ្នា។ គណៈកម្មការ​ចាស់​ក៏​ទទួល​ស្គាល់ និង​លាលែង ហើយ​អ្នក​ធ្វើ​បន្ត​ហ្នឹង គឺ​ថា​ជា​លទ្ធផល​មួយ​ដ៏​ល្អ។ លទ្ធផល​ទី​ពីរ គឺ​ខ្ញុំ​បាទ​បាន​ជម្រាប​ជូន​នូវ​ផែនការ​របស់​សហព័ន្ធ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ និង​សេចក្តី​សង្ឃឹម​ដែល​សហព័ន្ធ​ធ្វើ​បាន ហើយ​លទ្ធផល​ដែល​យើង​ធ្វើ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​យើង​បាន​ដឹង​ថា ការ​តស៊ូ​នេះ​បាន​ទទួល​លទ្ធផល​ប្រសើរ»

សាខា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​រដ្ឋ នស៍ ឃែរូឡាយណា មាន​ពីរ គឺ​នៅ​ទីក្រុង​ឆាឡុត (Charlotte) និង​ទីក្រុង​ហ្គ្រីនស្បូរូ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​រដ្ឋ​នេះ ភាគ​ច្រើន​ប្រកប​របរ​អាជីវកម្ម​ខាង​ផ្នែក​កែសម្ផស្ស ភោជនីយដ្ឋាន ហាងកាហ្វេ ឬ​លក់​គ្រឿង​ទេស​ជាដើម។

លោក ថាច់ ង៉ុកថាច់ ក៏​បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ទីក្រុង​ហ្គ្រីនស្បូរូ (Greensboro) ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ធ្វើ​យ៉ាង​ណា​ត្រូវ​បង្កើន​ការ​ទទួល​ខុស​ត្រូវ និង​ភាព​ស្មោះត្រង់​ក្នុង​ការងារ​របស់​ខ្លួន ដើម្បី​ភាព​ជោគជ័យ​ទៅ​ថ្ងៃ​មុខ។

លោក ថាច់ ង៉ុកថាច់៖ «ការ​បោះ​ឆ្នោត​ថ្ងៃ​នេះ គឺ​ខ្ញុំ​បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​ថ្មី​ឲ្យ​មាន​ស្មារតី​រឹងមាំ​ឡើង​ថា យើង​មាន​សមត្ថភាព គឺ​យើង​មាន​សមត្ថភាព​តាំង​ពី​យើង​មិន​ដែល​ស្គាល់​ស្រុក​អាមេរិក រហូត​ដល់​យើង​បាន​នាំ​កូន​នាំ​ចៅ​មក​ដល់​ស្រុក​អាមេរិក ហើយ​បាន​រៀន​សូត្រ ហើយ​បាន​ដឹកនាំ​រហូត​ដល់​បាន​ប្រមែប្រមូល​ថវិកា​ទៅ​សង់​វត្ត និង​សង់​សាលា​នៅ​ក្នុង​ស្រុក​វិញ ​បង្ហាញ​ថា យើង​មាន​សមត្ថភាព​រួច​ទៅ​ហើយ»

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ថាច់ ខេ បាន​សម្ដែង​ភាព​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ថា នឹង​ប្រមូល​កម្លាំង​គាំទ្រ​របស់​ខ្មែរ​ក្រោម​ដើម្បី​គិតគូរ​ខ្ពស់​ដល់​ប្រយោជន៍​ជាតិ៖ «ដូច្នេះ​ខ្ញុំ​ត្រូវ​ខិតខំ​ប្រមែប្រមូល​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយ​ជំរុញ​ឲ្យ​សហព័ន្ធ​យើង​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន»

ចំណែក​លោក ថាច់ គា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ក្នុង​ទីក្រុង​ហ្គ្រីនស្បូរូ នេះ​ដែរ មាន​ប្រសាសន៍​ថា លោក​មាន​សេចក្ដី​ត្រេកអរ​ដែល​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទី​នេះ​ចេះ​ដឹក​នាំ និង​ចេះ​រួប​រួម​សាមគ្គី​គ្នា។

លោក ថាច់ គា៖ «ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ណាស់​ដែល​បង​ប្អូន​ខ្មែរ​នៅ​ទី​នេះ បាន​ជ្រើសរើស​តំណាង​ថ្មី​ឈរ​ដោយ​លោក ថាច់ ខេ ដែល​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​បងប្អូន​ក្នុង​តំបន់​ជាមួយ​គ្នា។ វា​ក៏​ជា​ភារកិច្ច​មួយ​ដែល​អាច​ដំណើរ​ការ​ត​ទៅ​មុខ​ទៀត​បាន ហើយ​គាត់​ជា​ព្រឹទ្ធាចារ្យ​មួយ​ចាស់ទុំ មាន​ការ​គោរព​រាប់​អាន​ពី​បង​ប្អូន​ខ្មែរ​យើង​នៅ​ទី​នេះ»

ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​សហរដ្ឋអាមេរិក មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ហើយ​យ៉ាង​ហោច​ណាស់​មាន​សាខា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣៣ នៅ​ទូទាំង​រដ្ឋ​សហរដ្ឋ​អាមេរិក។

គោល​នយោបាយ​ធំៗ​របស់​ក្រុម​នេះ គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង និង​ទាមទារ​ឲ្យ​មាន​ច្បាប់​ស្ដីពី​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ថា អាជ្ញាធរ​វៀតណាម បាន​បង្កើន​ការ​រំលោភ​សិទ្ធិ​ក្នុង​ជំនឿ​សាសនា សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។