សហព័ន្ធ​ខ្មែរ​ក្រោម​ទៅ​ប្រជុំ​នៅ​ប្រទេស​បែលហ្ស៊ិក​ពី​រឿង​សិទ្ធិ​មនុស្ស

2008-08-22

គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ លោក ថាច់ ង៉ុកថាច់ នឹង​ចេញ​ដំណើរ​ពី​ប្រទេស​កាណាដា​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ប៊្រុស្សែល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃ​សោរ៍​នេះ។

ជំនួប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ សីហា នឹង​ជា​ការផ្លាស់​ប្តូរ​យោបល់​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា លាវ និង​យៀកណាម។
លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​នឹង​ឡើង​ថ្លែង​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា កិច្ច​ពិភាក្សា​នេះ​នឹង​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ចលនា​ឆ្ពោះ​ទៅ​កាន់​កម្ពុជា​ក្រោម​របស់​សហព័ន្ធ ៖ «នេះ​ជា​លើក​ទី​១ លើក​មុន​យើង​បាន​ទៅ​ប្រជុំ​ដែរ ប៉ុន្តែ​លើក​នេះ ជា​លើក​ទី​១​ដែល​សភា​អឺរ៉ុប​ផ្នែក​ខាង​សិទ្ធិ​មនុស្ស​ហ្នឹង គេ​អញ្ជើញ​យើង​ផ្ទាល់​តែ​ម្ដង ជា​ឱកាស​មួយ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បាន​ជម្រាប​ជូន​នូវ​គណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប ស្ដីពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ខ្មែរ​ក្រោម នៅ​ប្រទេស​កម្ពុជា ហើយ​និង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​នឹង​ជម្រាប​ជូន​នូវ​បញ្ហា ដូចជា​ករណី​ព្រះតេជគុណ អៀង សុខធឿន ដែល​ត្រូវ​គេ​ធ្វើ​គត រដ្ឋាភិបាល​ខ្មែរ​មិន​ជួយ​ដោះស្រាយ។ បញ្ហា​ជា​ពិសេស ព្រះតេជគុណ ទឹម សាខន ដែល​ផ្សឹក​ហើយ មិន​បាន​ជួយ​ដោះស្រាយ ទោះ​បី​ជា​រួច​ពី​ពន្ធនាគារ​ក៏​ដោយ ក៏​រដ្ឋាភិបាល​ខ្មែរ មិនព្រម​ដោះស្រាយ​រឿង​ហ្នឹង។ ខ្ញុំ​ជឿ​ថា ក្រោយ​ពី​កិច្ច​ប្រជុំ នឹង​មាន​ការជួយ​សម្រួល​ពី​សភា​អឺរ៉ុប ទោះ​បី​យ៉ាងម៉េច​ក៏​ដោយ ការ​សង្ឃឹម​នឹង​មាន ព្រោះ​ជា​លើក​ទី​១ ដែល​យើង​បាន​លាត​ត្រដាង​ដោយ​ផ្ទាល់​ខ្លួន​យើង​នូវ​ចំពោះ​ហ្នឹង​តែ​ម្ដង»

ក្នុង​ជំនួប​នៅ​ទីក្រុង​ប៊្រុស្សែល​នេះ លោកស្រី សាផឿន ស៊ុន ឯកអគ្គរាជ​ទូត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប ក៏​នឹង​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ ៖ «នៅ​ក្នុង​ហ្នឹង គេ​មាន​បាន​អញ្ជើញ​ខាង​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ដែរ​ដើម្បី​ទៅ​និយាយ​អំពី​រឿង​ហ្នឹង ហើយ​ខ្ញុំ​ជឿ​ថា សភា​អឺរ៉ុប កាលពី​ឆ្នាំ​២០០៦ ក៏​គេ​បាន​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង ត្រូវតែ​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន ប្រទេស​ខ្មែរ​ហ្នឹង ពេល​ដែល​ឆ្លង​ព្រំដែន​មក ត្រូវតែ​ធ្វើ​របាយការណ៍​ដល់​អង្គការ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ ត្រូវតែ​ដោះស្រាយ​នូវ​រឿង​ណា​ដែល​ទាក់ទិន​ដល់​ការភៀស​ខ្លួន​របស់​ខ្មែរ​ក្រោម​មក​ប្រទេស​កម្ពុជា​ហ្នឹង»

សូមជម្រាប​ផង​ដែរ​ថា ក្រៅពី​ចូលរួម​កិច្ច​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​អតីត​ប្រទេស​ឥណ្ឌូ​ចិន​ទាំង​៣ នៅ​ឯ​ប្រទេស​បែលហ្ស៊ិក​នេះ​ហើយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ប្រារព្ធ​ធើ្វ​មហា​សន្និបាត​មួយ​នា​វត្ត​ខ្មែរ​ហាមិលតុន ខេត្ត​អុងតារីយ៉ូ ប្រទេស​កាណាដា ក្រោម​ប្រធាន​បទ «ស្វែង​យល់​អំពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម» នៅ​ថ្ងែ​ទី​៣១ សីហា ខាង​មុខ​នេះ​ផង៕

អត្ថបទ​ដែល​ទាក់ទង

កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​ខ្មែរ​ក្រោម​មាន​វៀតណាម​ចូល​រៀន​ច្រើន​ជាង

ថាច់ ង៉ុកថាច់៖ ទឹម សាខន អាច​នឹង​មាន​សេរីភាព​នា​ពេល​ឆាប់ៗ​នេះ

ខ្មែរ​ក្រោម​៣​នាក់​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​វៀតណាម

គម្រោងការ​ធ្វើ​បាតុកម្ម​បណ្ដេញ​ចៅ​អធិការ​វត្ត​សាមគ្គីរង្សី​ត្រូវ​បាន​លុប​ចោល

ព្រះសង្ឃ​ខែ្មរ​ក្រោម​មួយ​អង្គ​គំរាម​ដឹកនាំ​បាតុកម្ម​បណ្ដេញ​ចៅអធិការ​វត្ត​សាមគ្គីរង្សី

អាជ្ញាធរ​វៀតណាម​រង​ការចោទ​ថា​រារាំង ទឹម សាខន មិន​ឲ្យ​វិល​មក​កម្ពុជា

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​ឲ្យ​ស.រ.អា.​បន្ត​ពិនិត្យ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម

សុន ឆ័យ គ្រោង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ ទឹម សាខន នៅ​វៀតណាម

កូន​សិស្ស​វៀតណាម​រស់​នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​រៀន​នៅ​វៀតណាម