ជំនួបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៥ សីហា នឹងជាការផ្លាស់ប្តូរយោបល់ស្តីពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា លាវ និងយៀកណាម។
លោកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលនឹងឡើងថ្លែងអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា លោកសង្ឃឹមថា កិច្ចពិភាក្សានេះនឹងមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ចលនាឆ្ពោះទៅកាន់កម្ពុជាក្រោមរបស់សហព័ន្ធ ៖ «នេះជាលើកទី១ លើកមុនយើងបានទៅប្រជុំដែរ ប៉ុន្តែលើកនេះ ជាលើកទី១ដែលសភាអឺរ៉ុបផ្នែកខាងសិទ្ធិមនុស្សហ្នឹង គេអញ្ជើញយើងផ្ទាល់តែម្ដង ជាឱកាសមួយដែលសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបានជម្រាបជូននូវគណៈកម្មការសិទ្ធិមនុស្សសភាអឺរ៉ុប ស្ដីពីទុក្ខលំបាករបស់បងប្អូនខ្មែរក្រោម នៅប្រទេសកម្ពុជា ហើយនិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។ នៅប្រទេសកម្ពុជា ខ្ញុំនឹងជម្រាបជូននូវបញ្ហា ដូចជាករណីព្រះតេជគុណ អៀង សុខធឿន ដែលត្រូវគេធ្វើគត រដ្ឋាភិបាលខ្មែរមិនជួយដោះស្រាយ។ បញ្ហាជាពិសេស ព្រះតេជគុណ ទឹម សាខន ដែលផ្សឹកហើយ មិនបានជួយដោះស្រាយ ទោះបីជារួចពីពន្ធនាគារក៏ដោយ ក៏រដ្ឋាភិបាលខ្មែរ មិនព្រមដោះស្រាយរឿងហ្នឹង។ ខ្ញុំជឿថា ក្រោយពីកិច្ចប្រជុំ នឹងមានការជួយសម្រួលពីសភាអឺរ៉ុប ទោះបីយ៉ាងម៉េចក៏ដោយ ការសង្ឃឹមនឹងមាន ព្រោះជាលើកទី១ ដែលយើងបានលាតត្រដាងដោយផ្ទាល់ខ្លួនយើងនូវចំពោះហ្នឹងតែម្ដង»។
ក្នុងជំនួបនៅទីក្រុងប៊្រុស្សែលនេះ លោកស្រី សាផឿន ស៊ុន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប ក៏នឹងមានវត្តមាននៅទីនោះផងដែរ ៖ «នៅក្នុងហ្នឹង គេមានបានអញ្ជើញខាងតំណាងប្រទេសកម្ពុជាចូលរួមដែរដើម្បីទៅនិយាយអំពីរឿងហ្នឹង ហើយខ្ញុំជឿថា សភាអឺរ៉ុប កាលពីឆ្នាំ២០០៦ ក៏គេបានសុំឲ្យប្រទេសកម្ពុជាហ្នឹង ត្រូវតែដោះស្រាយបញ្ហាជនភៀសខ្លួន ប្រទេសខ្មែរហ្នឹង ពេលដែលឆ្លងព្រំដែនមក ត្រូវតែធ្វើរបាយការណ៍ដល់អង្គការជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ត្រូវតែដោះស្រាយនូវរឿងណាដែលទាក់ទិនដល់ការភៀសខ្លួនរបស់ខ្មែរក្រោមមកប្រទេសកម្ពុជាហ្នឹង»។
សូមជម្រាបផងដែរថា ក្រៅពីចូលរួមកិច្ចពិភាក្សាបញ្ហាសិទ្ធិមនុស្សក្នុងអតីតប្រទេសឥណ្ឌូចិនទាំង៣ នៅឯប្រទេសបែលហ្ស៊ិកនេះហើយ សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏នឹងប្រារព្ធធើ្វមហាសន្និបាតមួយនាវត្តខ្មែរហាមិលតុន ខេត្តអុងតារីយ៉ូ ប្រទេសកាណាដា ក្រោមប្រធានបទ «ស្វែងយល់អំពីសហព័ន្ធខ្មែរកម្ពុជាក្រោម» នៅថ្ងែទី៣១ សីហា ខាងមុខនេះផង៕
