សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​អាមេរិក​អន្តរាគមន៍​ដោះលែង​ព្រះសង្ឃ​​​២​អង្គ

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ធ្វើ​កិច្ច​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​អង្គ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម មុន​ពេល​សហរដ្ឋអាមេរិក ពិចារណា​សំណើ​របស់​ប្រទេស​វៀតណាម សុំ​ចូល​ជា​សមាជិក​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​អន្តរ-​ប៉ាស៊ីហ្វិក (Trans-Pacific Partnership)។

ប្រធាន​រដ្ឋបាល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក យ៉ាប ត្រឹង កាល​ពី​ថ្ងៃ​អង្គារ ទី​២២ មេសា បញ្ជាក់​ថា ក្នុង​ជំនួប​មួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​អាស៊ី-ប៉ាស៊ីហ្វិក អ្នកស្រី ស៊ូសាន ស្តេវេនសុន (Susan Stevenson) ភាគី​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក គាប​សង្កត់​រដ្ឋាភិបាល​វៀតណាម ឲ្យ​គោរព​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម និង​ដោះលែង​អ្នក​ទោស​នយោបាយ​ខ្មែរ​កម្ពុជា​ក្រោម ប្រសិន​បើ​ប្រទេស​នេះ​ចង់​ចូលរួម​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​អន្តរ-ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន​ប្រទេស​ជា​សមាជិក​ដៃគូ​ពាណិជ្ជកម្ម​អន្តរ-ប៉ាស៊ីហ្វិក រួម​មាន​ប្រទេស​ប្រ៊ុយណេ (Brunei) ស៊ីលី (Chile) នូវែលហ្សេឡង់ (New Zealand) និង​ប្រទេស​សិង្ហបុរី (Singapore)។

លោក យ៉ាប ត្រឹង បន្ត​ថា ប្រតិភូ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ពិនិត្យ​មើល​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​លើ​សំណើ​របស់​ប្រទេស​វៀតណាម សុំ​ចូល​ជា​សមាជិក​ប្រទេស​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ-​ប៉ាស៊ីហ្វិក នៅ​ខែ​ឧសភា ខាង​មុខ៖ «យើង​បង្ខំ​ឲ្យ​វា​ដោះលែង ពីព្រោះ​មនុស្ស​អត់​មាន​ទោស។ ទោស​គ្រាន់តែ​ទាក់ទង​មក​បង​ប្អូន​នៅ​ក្រៅ វា​ចោទ​ថា ទាក់ទង​មក​សហព័ន្ធ»

កាល​ពី​ឆ្នាំ​២០១៣ តុលាការ​វៀតណាម បាន​កាត់​ទោស​ព្រះសង្ឃ​ពីរ​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ពីរ​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ពី​បទ​បំផ្លាញ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រត់​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម។ ប៉ុន្តែ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា តុលាការ​វៀតណាម កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ ដោយសារ​តែ​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​មាន​ការ​សាងសង់​សាលារៀន​ភាសា​ខ្មែរ​ក្នុង​វត្ត។

លោក យ៉ាប ត្រឹង គូស​បញ្ជាក់​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​ក៏​ចង់​ស្វែង​យល់​ពី​វិស័យ​សុខាភិបាល​នៅ​ប្រទេស​វៀតណាម ក្នុង​ជំនួប​នឹង​អ្នកស្រី ស៊ូសាន ស្តេវេនសុន នា​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សហរដ្ឋអាមេរិក។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក តាម​ដាន​ពិនិត្យ​ពី​វិធានការ​របស់​រដ្ឋាភិបាល​វៀតណាម ជួយ​ដល់​ខ្មែរ​កម្ពុជា​ក្រោម​រាប់​ពាន់​នាក់ ដែល​មាន​ជំងឺ​ពិការ​ភ្នែក​ដោយ​មិន​ដឹង​មូលហេតុ។

​លោក យ៉ាប ត្រឹង៖ «យើង​មាន​ការ​បារម្ភ​ទី​មួយ ចំពោះ​អ្នក​ពិការ​ខ្មែរ​ក្រោម។ នៅ​ពេល​គេ​ពិការ​ទៅ ជីវិត​មិន​ដឹង​ជា​រស់​នៅ​យ៉ាង​ម្តេច។ រដ្ឋាភិបាល​យួន​អត់​មាន​កម្មវិធី​ជួយ​សម្រាប់​ឲ្យ​រស់»

​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម កាល​ពី​ឆ្នាំ​២០១៣ របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម មាន​ប្រមាណ ៣០​ករណី។ ក្នុង​នោះ​មាន​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​បង្ខំ ការធ្វើ​ទារុណកម្ម​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ការ​គាប​សង្កត់​លើ​សិទ្ធិ​ប្រតិបត្តិ​វប្បធម៌ និង​សាសនា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។