ពលរដ្ឋ​នៅ​ក្រចេះ​បារម្ភ​ខ្លាច​បាត់​ដី​សាធារណៈ​ដោយ​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន

2009-11-25

ការ​ដែល​កំណើន​ពលរដ្ឋ​កំពុង​តែ​កើន​ឡើង​ហើយ​តម្រូវការ​ដី​ផលិត​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ពលរដ្ឋ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បារម្ភ​ពី​ការ​បាត់​បង់​ដី​សាធារណៈ​សម្រាប់​បម្រើ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​បាន​នាំ​គ្នា​ទៅ​រារាំង​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​បង្គោល​របង​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ដាក់​ចុះ កាល​ពី​រសៀល​ថ្ងៃ​២៥ វិច្ឆិកា ដោយ​ខ្លាច​ក្រុមហ៊ុន​យក​ទៅ​បោះ​បង្គោល​ព្រំ​វាតទី​យក​ដី​សាធារណៈ​របស់​រដ្ឋ​អស់ អាច​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​រស់​នៅ​របស់​ពួកគេ​បន្ទាប់​ពី​ធ្វើ​ស្រែ គឺ​រុក​រក​អនុផល​ព្រៃឈើ​ដើម្បី​បំពេញ​បន្ថែម​ការ​ខ្វះ​ខាត ពិសេស​គឺ​ផល​បាន​ពី​ដើម​ទ្រាំង​ដែល​សំបូរ​ជាង​គេ​នៅ​ទី​នោះ ៖ «នៅ​សល់​ប្រហែល​ជា​៥០%​ទៀត​ដើម​ទ្រាំង​ហ្នឹង បើ​សិន​ណា​ជា​អត់​អង្ករ​ស៊ី​ខ្លាំង​ណាស់ ទៅ​កាប់​មួយ​ថ្ងៃ​មក​បាន​អង្ករ​១០​គីឡូក្រាម​ហើយ ដំបូល​ប្រក់​ផ្ទះ​អី​មិន​ចាំបាច់​ទៅ​ទិញ​ពី​ណា​ទេ រួច​តែ​អស់​ហើយ​គឺ​អស់​ហើយ អ្នក​ក្រ​រក​អង្ករ​ស៊ី​គ្មាន អង្គុយ​យំ​តែម្ដង»

ប្រជាពលរដ្ឋ​ខ្លះ​ទៀត​អះអាង​ថា ពួកគេ​មិន​អាច​ក្លាយ​ជា​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន​នោះ​បាន​ឡើយ ដោយ​ពិសោធន៍​កន្លង​មក គេ​ធ្លាប់​ធ្វើ​កម្មករ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ក្បែរ​នោះ គ្រាន់​តែ​ខក​ខាន​មួយ​ពេល ឬ​ពីរ​ពេល​ពួកគេ​ត្រូវ​អត់​ប្រាក់​ដដែល។

ក្រុម​ប្រឹក្សា​ឃុំ​បាន​បញ្ជាក់​ជូន​ថា ក្រៅ​ពី​បារម្ភ​ខ្លាច​បាត់​អនុផល​ព្រៃ​ឈើ អ្នកស្រុក​ក៏​ព្រួយ​បារម្ភ​ពី​ការ​រួញ​ខើច​នៃ​ទីធ្លា​សម្រាប់​សត្វ​ពាៈហនៈ​ផង​ដែរ ដែល​មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ ៖ «ប្រជាពលរដ្ឋ​គាត់​អត់​ព្រម​ឲ្យ​ក្រុមហ៊ុន​ទុក​ដី​ឲ្យ​មួយ​គីឡូម៉ែត្រ​ពី​ថ្នល់​ជាតិ​ទៅ​ទេ គាត់​ព្រម​ថា បើ​ទុក​ឲ្យ​៣​គីឡូម៉ែត្រ​បន្ត​ទៅ​ទៀត មាន​ការងារ​ដូច​ជា​ឈើ​ព្រៃ​ហ្នឹង គោ​ក្របី​ស៊ី​ស្មៅ​នៅ​ក្នុង​ហ្នឹង»

ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បោះ​ព្រំ​គោល​ដី​ចាប់​ពី​ថ្នល់​ជាតិ​ទៅ​ចម្ងាយ​៣​គីឡូម៉ែត្រ ដោយ​សង្កេត​ឃើញ​ពិសោធន៍​កន្លង​មក​ទុក​ទីធ្លា​ចង្អៀត​ពេក គឺ​មួយ​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​នោះ ខ្លាច​សត្វ​គោ​ក្របី​ទៅ​ប៉ះពាល់​ផល​ដំណាំ​របស់​ក្រុមហ៊ុន ហើយ​ត្រូវ​ក្រុមហ៊ុន​ចាប់​ប្តឹង អាច​ផាក​ពិន័យ​ជា​ប្រាក់​ប្រមាណ​១០០​ដុល្លារ បើ​គ្មាន​ប្រាក់​សង គេ​អាច​យក​គោ​ក្របី​នោះ​ទៅ​កាប់​ទទួល​ទាន​ដោយ​គ្មាន​សំណង។ ប៉ុន្តែ​លោក ធុន គ្រី អភិបាល​រង​ខេត្ត​មិន​យល់​ឃើញ​ដូច្នោះ​ឡើយ ដោយ​លោក​អះអាង​ថា មាន​មេ​ខ្យល់​នៅ​ពី​ក្រោយ​ដែល​លោក​កំពុង​ស៊ើប​អង្កេត។

លោក ធុន គ្រី មាន​ប្រសាសន៍​ថា ៖ «មាន​អ្នក​លក់​ដី​លក់​អី​តៗ​គ្នា​អ៊ីចឹង​ទៅ​ប្រឆាំង​មិន​ឲ្យ​ទៅ​ធ្វើ​ហ្នឹង បើ​គាត់​ចង់​ទៅ​វ៉ាង​គ្រប់​ច្រក​អ៊ីចឹង​អភិវឌ្ឍ​អី​ក៏​មិន​រួច​ដែរ។ ខ្ញុំ​អត់​ទាន់​ឲ្យ​ធ្វើ​ទេ ឲ្យ​ផ្អាក​សិន​ទៅ​ចាំ​ខ្ញុំ​ស្រាវជ្រាវ​ហើយ​ហៅ​គេ​មក​ជួប។ មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ហើយ​មាន​ពាក់ព័ន្ធ​ដល់​ស៊ីញ៉េ​ប្ដូរ​លក់​ដី​អី​ទៀត​ឯ​ណោះ ចាំ​មើល​ខ្ញុំ​រក​ឯកសារ​ឲ្យ​ឃើញ»

លោក​អភិបាល​រង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ប្រជាពលរដ្ឋ​កំពុង​ជំទាស់​នោះ គឺ​ក្រុមហ៊ុន PDA ដែល​បាន​ទទួល​ដី​អភិវឌ្ឍ​ដំណាំ​កសិ​ឧស្សាហកម្ម​ប្រមាណ​ជាង​៥.០០០​ហិកតារ ប៉ុន្តែ​សម្រាប់​ពេល​នេះ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ពី​តំណាង​ក្រុមហ៊ុន​នៅ​ឡើយ​ទេ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​នៅ​កំពង់ធំ​រង​ការ​ចោទ​ថា​បណ្ដេញ​ព្រះសង្ឃ​​យក​ដី​ឲ្យ​ក្រុមហ៊ុន

ទំនាស់​ដី​រវាង​ទាហាន​និង​អ្នក​ស្រុក​នៅ​ខែត្រ​បាត់ដំបង

ពលរដ្ឋ​៣៥​គ្រួសារ​សុំ​ឲ្យ​តុលាការ​កំពូល​កាត់​ក្ដី​សំណុំរឿង​ដី​ធ្លី​សា​ជា​ថ្មី

ពលរដ្ឋ​នៅ​កោះកុង​មក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ពី​​រឿង​ទំនាស់​ដី

អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​មាន​សង្ឃឹម​ក្នុង​បញ្ហា​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន

ពលរដ្ឋ​និង​អាជ្ញាធរ​ជួប​គ្នា​ដោះ​ស្រាយ​រឿង​ជម្លោះ​ដី​នៅ​កំពត

ទាហាន​នៅ​កំពត​គំរាម​រឹបអូស​យក​ដី​អ្នក​ភូមិ

ពលរដ្ឋ​នៅ​ក្រចេះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ឲ្យ​ឆ្ងាយ​ពី​មូលដ្ឋាន

អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ព្រៃនប់

ពលរដ្ឋ​ថៃ​ទៅ​ចាប់​ដី​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ