ប្រជាពលរដ្ឋប្រមាណជាង២០នាក់បាននាំគ្នាទៅរារាំងរថយន្តមួយគ្រឿងដែលដឹកបង្គោលរបងរបស់ក្រុមហ៊ុនមិនឲ្យដាក់ចុះ កាលពីរសៀលថ្ងៃ២៥ វិច្ឆិកា ដោយខ្លាចក្រុមហ៊ុនយកទៅបោះបង្គោលព្រំវាតទីយកដីសាធារណៈរបស់រដ្ឋអស់ អាចធ្វើឲ្យពួកគេប្រឈមនឹងការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការរស់នៅរបស់ពួកគេបន្ទាប់ពីធ្វើស្រែ គឺរុករកអនុផលព្រៃឈើដើម្បីបំពេញបន្ថែមការខ្វះខាត ពិសេសគឺផលបានពីដើមទ្រាំងដែលសំបូរជាងគេនៅទីនោះ ៖ «នៅសល់ប្រហែលជា៥០%ទៀតដើមទ្រាំងហ្នឹង បើសិនណាជាអត់អង្ករស៊ីខ្លាំងណាស់ ទៅកាប់មួយថ្ងៃមកបានអង្ករ១០គីឡូក្រាមហើយ ដំបូលប្រក់ផ្ទះអីមិនចាំបាច់ទៅទិញពីណាទេ រួចតែអស់ហើយគឺអស់ហើយ អ្នកក្ររកអង្ករស៊ីគ្មាន អង្គុយយំតែម្ដង»។
ប្រជាពលរដ្ឋខ្លះទៀតអះអាងថា ពួកគេមិនអាចក្លាយជាកម្មករស៊ីឈ្នួលក្រុមហ៊ុននោះបានឡើយ ដោយពិសោធន៍កន្លងមក គេធ្លាប់ធ្វើកម្មករឲ្យក្រុមហ៊ុនមួយនៅក្បែរនោះ គ្រាន់តែខកខានមួយពេល ឬពីរពេលពួកគេត្រូវអត់ប្រាក់ដដែល។
ក្រុមប្រឹក្សាឃុំបានបញ្ជាក់ជូនថា ក្រៅពីបារម្ភខ្លាចបាត់អនុផលព្រៃឈើ អ្នកស្រុកក៏ព្រួយបារម្ភពីការរួញខើចនៃទីធ្លាសម្រាប់សត្វពាៈហនៈផងដែរ ដែលមានកំណើនកាន់តែច្រើនឡើងៗ ៖ «ប្រជាពលរដ្ឋគាត់អត់ព្រមឲ្យក្រុមហ៊ុនទុកដីឲ្យមួយគីឡូម៉ែត្រពីថ្នល់ជាតិទៅទេ គាត់ព្រមថា បើទុកឲ្យ៣គីឡូម៉ែត្របន្តទៅទៀត មានការងារដូចជាឈើព្រៃហ្នឹង គោក្របីស៊ីស្មៅនៅក្នុងហ្នឹង»។
ប្រជាពលរដ្ឋដែលទាមទារឲ្យក្រុមហ៊ុនបោះព្រំគោលដីចាប់ពីថ្នល់ជាតិទៅចម្ងាយ៣គីឡូម៉ែត្រ ដោយសង្កេតឃើញពិសោធន៍កន្លងមកទុកទីធ្លាចង្អៀតពេក គឺមួយគីឡូម៉ែត្រពីផ្លូវជាតិនោះ ខ្លាចសត្វគោក្របីទៅប៉ះពាល់ផលដំណាំរបស់ក្រុមហ៊ុន ហើយត្រូវក្រុមហ៊ុនចាប់ប្តឹង អាចផាកពិន័យជាប្រាក់ប្រមាណ១០០ដុល្លារ បើគ្មានប្រាក់សង គេអាចយកគោក្របីនោះទៅកាប់ទទួលទានដោយគ្មានសំណង។ ប៉ុន្តែលោក ធុន គ្រី អភិបាលរងខេត្តមិនយល់ឃើញដូច្នោះឡើយ ដោយលោកអះអាងថា មានមេខ្យល់នៅពីក្រោយដែលលោកកំពុងស៊ើបអង្កេត។
លោក ធុន គ្រី មានប្រសាសន៍ថា ៖ «មានអ្នកលក់ដីលក់អីតៗគ្នាអ៊ីចឹងទៅប្រឆាំងមិនឲ្យទៅធ្វើហ្នឹង បើគាត់ចង់ទៅវ៉ាងគ្រប់ច្រកអ៊ីចឹងអភិវឌ្ឍអីក៏មិនរួចដែរ។ ខ្ញុំអត់ទាន់ឲ្យធ្វើទេ ឲ្យផ្អាកសិនទៅចាំខ្ញុំស្រាវជ្រាវហើយហៅគេមកជួប។ មានអ្នកនៅពីក្រោយខ្នង ហើយមានពាក់ព័ន្ធដល់ស៊ីញ៉េប្ដូរលក់ដីអីទៀតឯណោះ ចាំមើលខ្ញុំរកឯកសារឲ្យឃើញ»។
លោកអភិបាលរងបានឲ្យដឹងថា ក្រុមហ៊ុនដែលប្រជាពលរដ្ឋកំពុងជំទាស់នោះ គឺក្រុមហ៊ុន PDA ដែលបានទទួលដីអភិវឌ្ឍដំណាំកសិឧស្សាហកម្មប្រមាណជាង៥.០០០ហិកតារ ប៉ុន្តែសម្រាប់ពេលនេះមិនទាន់អាចសុំការបំភ្លឺបានពីតំណាងក្រុមហ៊ុននៅឡើយទេ៕
