អភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង ឲ្យដឹងនៅថ្ងៃទី២៩ ឧសភា ថា លោក ត្រៀមកងកម្លាំងចម្រុះប្រមាណ មួយពាន់នាក់ ដាក់ពង្រាយគ្រប់ការិយាល័យបោះឆ្នោតទាំង ៣៩០ទូទាំងខេត្តក្រចេះ។ លោកមានប្រសាសន៍បន្តថា ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោតខាងមុខ ក្រៅពីដាក់ពង្រាយកងកម្លាំងចម្រុះគ្រប់ការិយាល័យហើយ លោកនៅត្រៀមកងកម្លាំងជំនួយបន្ថែមទៀត។
ទាក់ទិននឹងករណីនេះដែរ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ (គ.ខ. ប) លោក អ៊ុង ស៊ីយឿន អះអាងថា អាជ្ញាធរខេត្ត និងគណៈកម្មការសន្តិសុខអចិន្ត្រៃយ៍ខេត្ត សហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាំងពីថ្ងៃដំបូងនៃការបើកយុទ្ធការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗមកម្ល៉េះ។ ពុំមែនទើបតែចាត់វិធានការការពារប្រជាពលរដ្ឋ ខណៈដែលថ្ងៃបោះឆ្នោតខិតចូលមកដល់នោះទេ ហើយជារៀងរាល់ថ្ងៃគណៈកម្មការសន្តិសុខខេត្តតែងចេញរបាយការណ៍ស្ដីពីស្ថានភាពសន្តិសុខទូទៅពាក់ព័ទ្ធនឹងការរៀបចំឲ្យមានការបោះឆ្នោតនាពេលខាងមុខនេះ។
ម្យ៉ាងវិញទៀត លោក អ៊ុង ស៊ីយឿន ឲ្យដឹងថា ក្នុងនាមលោកជាប្រធាន គ.ខ.ប លោកពុំបានព្រងើយកន្តើយចំពោះការខិតជិតចូលមកដល់នៃថ្ងៃបោះឆ្នោតនោះឡើយ លោកបានត្រៀមជាស្រេចនូវវត្ថុសំខាន់ៗ ដែលមិនអាចខ្វះបាននៅថ្ងៃបោះឆ្នោត និងបានបញ្ជូនជាបណ្ដើរៗនូវវត្ថុទាំងនោះ។ វត្ថុដែលមិនអាចខ្វះបាននៅថ្ងៃបោះឆ្នោត មាន ៥យ៉ាង គឺសន្លឹកឆ្នោត បញ្ជីឈ្មោះប្រជាពលរដ្ឋដែលត្រូវបោះឆ្នោត ទឹកខ្មៅដែលមិនអាចលុបជ្រះ ហិបឆ្នោត និងត្រាសំងាត់។ មកទល់ពេលនេះ ហិបឆ្នោតត្រូវបានបញ្ជូនដល់ឃុំ-សង្កាត់ ទាំង ៤៦រួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
