អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬហៅកាត់ថា តុលាការខ្មែរក្រហម បានចែកសៀវភៅសាលដីកាស្ថាពរសំណុំរឿង ០០១ និងសាលក្រមសំណុំរឿង ០០២វគ្គ០១ ជូនដល់មន្ត្រីតុលាការ មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ និងសាធារណជននានា បានយល់ដឹងពីសកម្មភាពសាលាក្ដីមួយនេះ។
ពិធីនេះបានរៀបចំ ព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា មានទីតាំងនៅក្នុងសាលាដំបូងខេត្តព្រះសីហនុ ដោយមានមន្ត្រីស្ថាប័នតុលាការ មន្ត្រីស្ថាប័នប្រដាប់អាវុធ ឬមន្ត្រីមន្ទីរពាក់ព័ន្ធ មកពីខេត្តចំនួន៤ចូលរួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ កំពត និងខេត្តកែប ចូលរួមរាប់រយនាក់។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានប្រសាសន៍ថា ជាលើកទី២ ហើយ ដែលតុលាការខ្មែរក្រហម ចែកសាលក្រមស្ថាពរ ជូនមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ និងសាធារណជន បានស្វែងយល់ពីដំណើរការ របស់សាលាក្ដីកូនកាត់មួយនេះ។
នៅក្នុងកម្មវិធីចែកសាលក្រមនេះ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្ដីទី នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងលោក នីខូឡាស គុំជាន សហព្រះរាជអាជ្ញាអន្តរជាតិ នៃសាលាក្ដីខ្មែរក្រហម និង លោកចៅក្រម ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូង ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញអំពីដំណើរការវិវឌ្ឍថ្មីៗ របស់សាលាក្ដីនេះ និងលើកឡើងពី សារៈសំខាន់ នៃការបង្កើតតុលាការខ្មែរក្រហមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
