សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សាក្សី​ទី​៣​ទាក់ទង​នឹង​អង្គហេតុ​​នៅ​ការដ្ឋាន​ទំនប់​អាងត្រពាំងថ្ម

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​សីហា បាន​បន្ត​សវនាការ​របស់​ខ្លួន ដោយ​ស្ដាប់​សក្ខីកម្ម​សាក្សី​ទី​៣ ទាក់ទង​នឹង​អង្គហេតុ​ការដ្ឋាន​ធ្វើ​ទំនប់​អាងត្រពាំងថ្ម នៅ​ខេត្ត​បន្ទាយមានជ័យ។ សាក្សី​ទី​៣ ឈ្មោះ កាន ថុល អតីត​ជា​អនុ​ប្រធាន​កង​តូច​នៃ​កង​ចល័ត នៅ​ការដ្ឋាន​អាងត្រពាំងថ្ម។

សាក្សី កាន ថុល ជា​អ្នក​ភូមិ​ត្រពាំងថ្មកណ្ដាល ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា អ្នក​ដែល​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់​អាងត្រពាំងថ្ម នៅ​ឆ្នាំ​១៩៧៧ គឺ​សុទ្ធតែ​ត្រូវ​អង្គការ​ចាត់​តាំង​ដោយ​បង្ខំ។

លោក​ថ្លែង​ទៀត​ថា មាន​មនុស្ស ១៥.០០០​នាក់ មក​ពី​តំបន់​ផ្សេងៗ ចូល​រួម​លើក​អាងត្រពាំងថ្ម។ ក្នុង​នោះ ក៏​មាន​កុមារ​ជំទង់​អាយុ​ចាប់​ពី ១៥ ទៅ ១៨​ឆ្នាំ​ដែរ។

លោក កាន ថុល ឱ្យ​ដឹង​ថា ការដ្ឋាន​នោះ​ជា​សមរភូមិ​ការងារ​ក្ដៅ ដែល​ត្រូវ​ធ្វើ​ការ​ធ្ងន់ បណ្ដាល​ឱ្យ​អ្នក​ធ្វើការ​ក្នុង​កង ៣០​នាក់ ធ្លាក់​ខ្លួន​ឈឺ​រាល់​ថ្ងៃ៖ «មូលហេតុ​នោះ គឺ​ធ្វើការ​នៅ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​គ្មាន​អនាម័យ។ ពេល​នោះ​វា​សម្បូរណ៍​ដោយ​សត្វ​រុយ​ច្រើន។ ពេល​យើង​មក​ទទួល​អាហារ គឺ​សុទ្ធតែ​រុយ​រោម​ពេញ​បាយ ពេញ​សម្ល​ទាំង​អស់។ សម្រាប់​កង​របស់​ខ្ញុំ គឺ​ឈឺ​ក្នុង​មួយ​ថ្ងៃ​ពី ៣ ទៅ ៥​នាក់។ គ្មាន​ទេ។ មាន​តែ​ថ្នាំ​អាចម៍​ទន្សាយ»

លោក កាន ថុល ថ្លែង​ថា អង្គការ​បាន​កំណត់​ឱ្យ​អ្នក​ធ្វើ​ការ​ជីក​ដី​លើក​ទំនប់​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន ៣​ម៉ែត្រ​គីប។ កង​ចល័ត​ទាំង​នោះ​ត្រូវ​លើក​ដី​ជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ គឺ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១០​យប់។

លោក​ថា ជួនកាល​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ក៏​មាន៖ «ពេល​សម្រុក​ផ្ដាច់​ព្រាត់ គេ​ឱ្យ​លើក​មួយ​យប់​វាស់​ព្រឹក​ផ្លាស់​គ្នា​បួន​ដង។ អ្នក​ដែល​លើក​ពី​ល្ងាច​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ១០។ ចាប់​ពី​ម៉ោង ១០ ដល់​ម៉ោង ១។ ចាប​​ពី​ម៉ោង ១ ដល់​ម៉ោង ៣។ ចាប់​ពី​ម៉ោង ៣ ដល់​ម៉ោង ៥​ទៀប​ភ្លឺ។ ប្រហែល​ជា​ប្រាំ​ថ្ងៃ។ ប្រាំ​ថ្ងៃ​ហ្នឹង ធ្វើ​ជាប់ៗ គ្នា​ទាល់​តែ​ហើយ​ស្រេច។ ពេល​ខ្លះ​អ្នក​ខ្លះ​ស៊ូ​ពុំ​បាន​ដោយ​ងងុយ​ដេក​ពេក ដេក​ក្នុង​រណ្ដៅ​ដី»

សាក្សី​បញ្ជាក់​ថា តា វ៉ាល់ ជា​អ្នក​គ្រប់គ្រង​នៅ​ការដ្ឋាន​ត្រពាំងថ្ម ទាំង​មូល មុន​ពេល​ដែល​គាត់​ត្រូវ​បាត់​ខ្លួន។

សាក្សី កាន ថុល ជម្រាប​អង្គ​ជំនុំជម្រះ​ថា នៅ​ការដ្ឋាន​កង​ចល័ត​នា​អាង​ត្រពាំងថ្ម មាន​ការ​រៀបការ​ជា​ក្រុម​ម្ដង​ពី ៣០ ទៅ ៤០​គូ។ លោក​ថា ឪពុក​ម្ដាយ​របស់​គូស្រករ​ទាំង​នោះ មិន​បាន​ដឹង​អំពី​ការ​រៀបការ​របស់​ពួក​គេ​ទេ។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី កាន ថុល ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​នៅ​អាង​ត្រពាំង​ថ្ម​នេះ នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​អង្គ​ជំនុំជម្រះ​នឹង​ធ្វើ​សវនាការ​បន្ត នៅ​ថ្ងៃ​អង្គារ ទី​១១ សីហា​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។