សាក្សី​ប្រាប់​ថា​នៅ​ការដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ខ្មែរ​ក្រហម​ធ្វើ​ទារុណកម្ម​មនុស្ស​ដោយ​ឆក់​ខ្សែ​ភ្លើង

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧ មិថុនា បន្ត​ធ្វើ​សវនាការ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ពី​ខេត្ត​កំពង់ធំ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ គង់ សៀក ជា​អតីត​យុទ្ធ​នារី​នៅ​ក្នុង​កងពល​លេខ​៤៥០ ត្រូវ​កម្មាភិបាល​ខ្មែរ​ក្រហម​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ការដ្ឋាន​សង់​វាល​យន្តហោះ ខេត្ត​កំពង់ឆ្នាំង ដូច​សាក្សី​មុនៗ​ដែរ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ គង់ សៀក ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧ មិថុនា ថា នៅ​ការដ្ឋាន​សង់​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង លោកស្រី​បាន​ឃើញ​ពួក​ខ្មែរ​ក្រហម ធ្វើ​ទារុណកម្ម​មនុស្ស​ដោយ​ឆក់​ខ្សែ​ភ្លើង៖ «ឃើញ​គេ​ឆក់​ខ្សែ​ភ្លើង។ ដែល​ខ្ញុំ​ឃើញ​គេ​ឆក់​ខ្សែ​ភ្លើង​ហ្នឹង គឺ​ខ្ញុំ​ព្រលាន​យន្តហោះ ពេល​ហ្នឹង​ខ្ញុំ​សម្រាក​ការងារ ខ្ញុំ​ទៅ​ហូប​បាយ​នៅ​សហករណ៍។ ខ្ញុំ​តម្រៀប​ជួរ​គ្នា​ទៅ​ហូប​បាយ មិត្ត​យើង​កេះ​ប្រាប់​ថា នុះ! គេ​ឆក់​ខ្សែ​ភ្លើង​មិត្ត​យើង​ទៀត​ហើយ។ នៅ​ក្រោម​ដើម​ស្វាយ»

លោកស្រី គង់ សៀក បន្ត​ថា នៅ​ជិត​ការដ្ឋាន​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង នោះ លោកស្រី​ក៏​ធ្លាប់​បាន​ឃើញ​ពួក​សន្តិសុខ​ខ្មែរ​ក្រហម​ចាប់​ស្ត្រី និង​កុមារ​ដាក់​ដែរ។ លោកស្រី​ថ្លែង​ថា នៅ​ទីនោះ គឺ​ជា​មន្ទីរ​សន្តិសុខ។

សាក្សី​ដែល​ផ្ដល់​សក្ខីកម្ម​អំពី​ការដ្ឋាន​វាល​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង រហូត​មក​ដល់​ពេល​នេះ សុទ្ធតែ​បាន​បញ្ជាក់​ថា អ្នក​ដែល​កម្មាភិបាល​ខ្មែរ​ក្រហម​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ គឺ​ជា​អតីត​យុទ្ធជន​នៅ​ក្នុង​ជួរ​កងទ័ព។ ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​លត់​ដំ​ធ្ងន់ធ្ងរ​នៅ​ទីនោះ ដោយសារ​តែ​ជាប់​និន្នាការ​ក្បត់​នឹង​អង្គការ​ចង់​ធ្វើ​រដ្ឋ​ប្រហារ។ ដូច​គ្នា​នេះ​ដែរ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ គង់ សៀក ថ្លែង​ថា លោកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​នៅ​ទីនោះ​នៅ​ឆ្នាំ​១៩៧៧ ដោយសារ​តែ​មេ​កងពល​ក្បត់។ លោកស្រី​ថា លោកស្រី​ដឹង​ពី​ហេតុផល​នេះ គឺ​នៅ​ពេល​បញ្ជូន​ទៅ​លត់​ដំ​បណ្ដោះអាសន្ន​នៅ​អូរ​បែក​ក្អម​ភ្នំពេញ៖ «ប្រធាន​កងពល​ឈ្មោះ អ៊ំ សួង។ ពេល​នៅ​អូរ​បែក​ក្អម ប្រធាន​វរៈ​ប្រជុំ​ប្រាប់​ថា មិត្ត​ឯង​ទាំងអស់​គ្នា​ហ្នឹង​សុទ្ធតែ​ជាប់​និន្នាការ​ហើយ ពីព្រោះ (មេ) កងពល​មិត្ត​ឯង​គេ​ចាប់​យក​ទៅ​ដាក់​គុក​ព្រៃ​ស​អស់​ហើយ។ ឥឡូវ​នេះ​មិត្ត​ឯង​ត្រូវ​ជាប់​ឥទ្ធិពល​គេ គេ​ក្បត់​អស់​ហើយ។ ដើម​ឈើ គឺ​អា​ធំ​ដួល​ហើយ គឺ​សង្កត់​អា​ក្រោម​ហើយ។ ដូច្នេះ មិត្ត​ឯង​ខំ​ប្រឹងប្រែង​ធ្វើ​ការ។ បើ​មិន​ប្រឹង​ធ្វើ​ការ​ទេ ទោះ​បី​មិត្ត​ឯង​អង្គុយ​បង្ហូរ​ទឹក​ភ្នែក​នឹក​ម៉ែ​នឹក​ឪ នឹក​ភូមិ​នឹក​ស្រុក​ប៉ុណ្ណា ក៏​មិត្ត​ឯង​មិន​បាន​ជួប​ម៉ែ​ឪ​មិត្ត​ឯង​ដែរ»

លោកស្រី គង់ សៀក ត្អូញ​ប្រាប់​អង្គ​ជំនុំ​ជម្រះ​អំពី​លក្ខខណ្ឌ​ការងារ​លំបាក​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​គេ​បង្ខំ​ឲ្យ​ជីក​ប្រឡាយ និង​លី​ស៊ីម៉ងត៍។ លោកស្រី​ឲ្យ​ដឹង​ថា ការ​លី​ស៊ីម៉ងត៍​ទម្ងន់ ៥០​គីឡូក្រាម ធ្វើ​ឲ្យ​លោកស្រី​ដើរ​ទា ប៉ុន្តែ​លោកស្រី​ត្រូវ​តែ​ខំ​ប្រឹង ព្រោះ​ខ្លាច​គេ​យក​ទៅ​សម្លាប់។ ទាំង​ការងារ​ជីក​ប្រឡាយ និង​ការងារ​លី​ស៊ីម៉ងត៍ គឺ​ធ្ងន់ធ្ងរ​ដូច​គ្នា។ ការ​រស់នៅ​ទីនោះ​មិន​មាន​អនាម័យ​អី​ទេ ហើយ​ទាំង​លោកស្រី និង​អ្នក​ផ្សេង​ទៀត សុទ្ធតែ​ស្គម​គ្មាន​កម្លាំង​កំហែង​ទេ។

បន្ទាប់​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី គង់ សៀក អង្គ​ជំនុំ​ជម្រះ​បន្ត​ស្ដាប់​សាក្សី​មួយ​រូប​ទៀត គឺ​លោក សែម ហឿន ហៅ សែម គីម។ លោក ហឿន ជា​អតីត​យោធិន​នៅ​កងពល​លេខ​៣១០ នៃ​កងទ័ព​ខ្មែរ​ក្រហម​ដែរ។ លោក​ត្រូវ​គេ​ចោទ​ថា​ជា​ខ្សែ​ក្បត់ ព្រោះ​គេ​ចាប់​មេ​កងពល​របស់​លោក​ដែរ។ សាក្សី សែម ហឿន មិន​ទាន់​ចប់​ទេ ហើយ​លោក​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មិថុនា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។