សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ចុះបញ្ជ្រាបព័ត៌មានបន្ថែមពីដំណើរការក្តីរបស់សាលាក្តីខ្មែរក្រហម ដល់ពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ។ សកម្មភាពនេះ មានការចាក់បញ្ចាំងខ្សែវីដេអូស្ដីពីដំណើរក្តី ការចែកជូនឯកសារស្ដីពីរបបវាលពិឃាត និងការពិភាក្សាគ្នាជាក្រុមស្ដីពីការរកយុត្តិធម៌របស់ជនរងគ្រោះក្នុងសាលាក្តី ជាដើម។
សិស្សនិស្សិត ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលមិនបានចូលស្តាប់ផ្ទាល់នៅក្នុងបន្ទប់សវនាការនៃសាលាក្តីខ្មែរក្រហម ប៉ុន្តែពួកគាត់ក៏អាចដឹងពីដំណើរក្តីដោយសង្ខេប និងមានអ្នកបច្ចេកទេសមកសម្របសម្រួលភាសាច្បាប់។ កិច្ចពិភាក្សាសហគមន៍ស្ដីពីរបបខ្មែរក្រហម ដែលទទួលបានថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សមាគមអាដហុក បានចុះទៅបើកកិច្ចពិភាក្សានៅឃុំស្នួល ស្រុកស្រួល ខេត្តក្រចេះ ដើម្បីឲ្យពលរដ្ឋដឹងកាន់តែស៊ីជម្រៅ នៃសំណុំរឿង០០២ វគ្គ១។
មន្ត្រីគម្រោងយុត្តិធម៌សាលាក្តីខ្មែរក្រហម នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ហេង ភារៈ ឲ្យដឹងថា គោលបំណងនេះមិនត្រឹមតែឲ្យប្រជាពលរដ្ឋដឹងពីដំណើរការក្តីនៃសាលាក្តីខ្មែរក្រហមប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងឲ្យពលរដ្ឋ ចេះស្វែងរកយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការជាតិ ដូចដែលស្វែងរកយុត្តិធម៌នៅក្នុងសាលាក្តីខ្មែរក្រហម។
ប្រធានបទដែលសមាគមអាដហុក លើកយកមកផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ គឺសាលក្រមសំណុំរឿង០០២ វគ្គ១ ដែលតុលាការខ្មែរក្រហមសម្រេចឲ្យមេដឹកនាំជាន់ខ្ពស់របបវាលពិឃាតពីររូប គឺលោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត៖ «គឺយើងចង់ធ្វើការផ្សព្វផ្សាយកេរដំណែលសាលាក្តីខ្មែរក្រហមឲ្យដល់សហគមន៍»។
ជនរងគ្រោះសម័យខ្មែរក្រហម លោកយាយ ឈុន រៈ អាយុ ៦៦ឆ្នាំ មានប្រសាសន៍ក្រោយទស្សនាភាពយន្តឯកសារថា នៅពេលលោកយាយបានដឹង និងបានឮម្តងទៀតថា លោក នួន ជា លោក ខៀវ សំផន ជាប់ទោសអស់មួយជីវិត លោកយាយហាក់បានធូរស្រាលក្នុងចិត្ត៖ «ដល់ពេលឃើញគេកាត់ទោសចឹងទៅ វាធូរស្រាលដែរ ព្រោះខ្ញុំធ្លាប់មានវិបត្តិពីមុនស្រាប់ហើយ»។
មិនត្រឹមតែពលរដ្ឋខ្មែរដែលរងទុក្ខក្នុងសម័យនោះទេដែលយល់ថាមានប្រយោជន៍ ចំពោះការស្វែងយល់ពីដំណើរការកាត់ក្តីនៃតុលាការអន្តរជាតិមួយនេះ សូម្បីតែក្មេងជំនាន់ក្រោយរបបខ្មែរក្រហម ក៏បានចាត់ទុករឿងនេះសំខាន់ដែរ។
កញ្ញា អឿន ស្រីណុច ជាសិស្សនៅអនុវិទ្យាល័យផ្អាក ថ្លែងថា នេះជាកម្រងឯកសារប្រវត្តិសាស្ត្រដ៏មានប្រយោជន៍សម្រាប់ការសិក្សា។ យុវតីរូបនេះបន្តថា អ្នកដឹកនាំក្នុងរបបណាក៏ដោយ និងមានអំណាចខ្លាំងប៉ុណ្ណាក៏ដោយ នៅពេលអស់អំណាច ប្រសិនបើតុលាការរកឃើញថា គេមានកំហុស នឹងត្រូវតុលាការផ្ដន្ទាទោសដូចមនុស្សធម្មតាដែរ៖ «កម្មវិធីនេះល្អ! ព្រោះធ្វើឲ្យសិស្សានុសិស្សជំនាន់ក្រោយបានដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកើតពីមុនមក»។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ដ្រា ថ្លែងគាំទ្រសកម្មភាពនៃការគាំទ្រសាលាក្តីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ លោករំពឹងថា គម្រោងនេះនឹងផ្តល់ព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយដល់ពលរដ្ឋក្នុងមូលដ្ឋាន បានយល់ដឹងពីសាលាក្តីខ្មែរក្រហមដែលកំពុងធ្វើការងាររបស់ខ្លួនសព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
